ការថែទាំ និងសម្អាតអវយវភេទកូនតូច គឺជារឿងសំខាន់ដែលមាតាបិតា និងអ្នកអាណាព្យាបាលគ្រប់រូបគួរយកចិត្តទុកដាក់ ព្រោះបើសិនជាមានការធ្វេសប្រហែសនោះ អាចនឹងបណ្តាលឲ្យរលាក រមាស់ ឬអាឡែកហ្ស៊ី និងបង្កទៅជាជំងឺផ្សេងទៀត។ ដើម្បីបញ្ចៀសពីបញ្ហាខាងលើលោកអ្នកគួរអនុវត្តដូចខាងក្រោម៖
-ត្រៀមវត្ថុមួយចំនួនដូចជា សំឡីក្រដាសសើម(ក្រដាសជក់ទឹក) កន្សែងពោះគោស្អាត ទឹកក្តៅឧណ្ហ ម្សៅហ៊ុយ ។
-ដាក់កូនតូចរបស់លោកអ្នកឲ្យដេកផ្ងារលើកន្សែងពោះគោ ឬកម្រាលទន់ ។
-ប្រើសំឡី ឬក្រដាសសើមជូតទឹកនោម ឬលាមក ឲ្យបានស្អាត ។
-បន្ទាប់ពីជូតសំអាត ត្រូវលាងដៃចេញ និងជូតឲ្យស្ងួត ។
-ប្រើសំឡីជ្រលក់ទឹកក្តៅឧណ្ហ ហើយពូតឲ្យអស់ទឹក យកមកជូតសំអាតប្រដាប់បន្តពូជទារកឲ្យបានសព្វ ។
-បន្ទាប់មក បើពិនិត្យឃើញមានស្នាមកន្ទួលក្រហម ស្ត្រីជាម្តាយគួរប្រើម្សៅហ៊ុយសម្រាប់ទារក លាបនៅតាមក្រលៀន ឬនៅតាមផ្នែកផ្សេងទៀតដែលមានស្នាមក្រហមដើម្បីការពារការរលាក រួចស្លៀកពាក់ឲ្យកូនជាការស្រេច ។
លោកអ្នកត្រូវចាំថា ការជូតសំអាត អវយវភេទឲ្យទារកក៏ត្រូវមានវិធីនៃការសំអាតដែរ គឺដំបូងត្រូវចាប់ផ្តើមជូតត្រង់បរិវេណក្បាលពោះឲ្យបានសព្វ រួចត្រូវប្តូរសំឡី ឬក្រដាសសើមថ្មី ដើម្បីជូតលិង្គ ។ ការជូតត្រង់ចំណុចនេះស្ត្រីជាម្តាយត្រូវប្រុងប្រយ័ត្នឲ្យមែនទែន ព្រោះស្បែកអង្គជាតិមានលក្ខណៈទន់ខ្លាំងណាស់ស្រួលមិនស្រួលអាចនឹងដាច់រលាត់ ៕
ចែករំលែកព័តមាននេះ