ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​អ្នក​ទទួលទាន​បន្លែ​ផ្លែ​ឈើ​ច្រើននឹង​ជួយ​ទប់ស្កាត់​ពី​ជំងឺ​ធ្លាក់​ទឹកចិត្ត

10 ឆ្នាំ មុន

អែក​តាម​ការ​សិក្សា​បាន​បង្ហាញ​ថា បុរស​វ័យ​កណ្តាល​ដែល​ទទួលទាន​របប​អាហារ​សម្បូរ​ដោយ​សាច់ និង​ភេសជ្ជៈ​ផ្អែម​ដោយ​ស្ករ​ប្រឈម​ខ្ពស់​នឹង​ជំងឺ​ធ្លាក់​ទឹកចិត្ត ។ ទោះជា​យ៉ាងណា ក្រុម​អ្នក​ស្រាវជ្រាវ​បាន​អះអាង​ថា គេ​អាច​ទប់ស្កាត់​ជំងឺ​នេះ​បាន ដោយ​គ្រាន់តែ​ទទួលទាន​បន្លែ និង​ផ្លែ​ឈើ​ឱ្យ​បាន​ច្រើន ។

ការ​សិក្សា​លើ​បុរស​អង់គ្លេស​ជាង​២​ពាន់​នាក់​បាន​បង្ហាញ​ថា អ្នក​ដែល​ទទួលទាន​របប​អាហារ​សម្បូរ​ដោយ​បន្លែ​-​ផ្លែ​ឈើ គួប​ផ្សំ​នឹង​ការ​ហាត់ប្រាណ​បញ្ចុះទម្ងន់​ខ្លួន​បន្តិច​ផង​នោះ គឺ​អាច​ធ្វើ​ឱ្យ​ល្អ​ប្រសើរ​ច្រើន​ដល់​សុខភាព​ផ្លូវចិត្ត ។ អំឡុង​ការ​ពិសោធ​រយៈពេល​១៣​ឆ្នាំ គេ​បាន​រក​ឃើញ​ថា អ្នក​ដែល​បាន​ទទួលទាន​បន្លែ​ច្រើន​បំផុត បូក​រួម​ផ្លែ​ឈើ គ្រាប់​ធញ្ញជាតិ សាច់​មាន់ សាច់​ត្រី និង​បណ្តា​អាហារ​មាន​ជាតិ​ខ្លាញ់​តិច​នឹង​ទទួល​រង​គ្រោះ​ពី​រោគ​សញ្ញា​ខាងលើ​តិចតួច ខណៈ​ហានិភ័យ​ក៏​មានការ​ថយ​ចុះ ។

អ្នកឯកទេស​ខាង​អាហារូបត្ថម្ភ​សាកល វិទ្យាល័យ​ហ្វាំ​ង​ឡង់​ភាគ​ខាងកើត ( University of Eastern Finland) លោក Anu Ruusunen បាន​ថ្លែង​ថា ការ​សិក្សា​នេះ​បាន​ពង្រឹង​សម្មតិកម្ម​របប​អាហារ​ដែល​ផ្តល់​នូវ​សុខភាព​ថា​វា​មាន​សក្តានុពល​មិន​ត្រឹមតែ​ក្នុង​ការ​ការពារ​ជំងឺ​ធ្លាក់​ទឹកចិត្ត​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​មាន​សក្តានុពល​នៅ​ក្នុង​ការ​ទប់ស្កាត់​ជំងឺ​ផ្សេង​ទៀត​ផង​ដែរ ។

បណ្តា​អ្នកជំងឺ​ធ្លាក់ទឹក​ចិត្តជា​ញឹកញាប់​បរិភោគ​អាហារ​ដែល​មាន​សារធាតុចិញ្ចឹម​រាង​កាយ​តិចតួច ប៉ុន្តែ​វា​មិន​ច្បាស់​ទេ​ថា តើ​របប​អាហារ បែប​នេះ​ត្រូវ​បាន​ផ្សារ​ភ្ជាប់​ទៅ​នឹង​អត្រា​ប្រឈម​នឹង​គ្រោះថ្នាក់​សម្រាប់​មនុស្ស​ដែល​មាន​សុខភាព​ល្អ ឬ​យ៉ាងណា ?

ជំងឺ​ធ្លាក់​ទឹកចិត្ត​គឺជា​ផ្នែក​មួយ​នៃ​បញ្ហា​ប្រឈម​នឹង​សុខភាព​ឈានមុខ​គេ​នៅ​ក្នុង​ពិភពលោក ហើយ​ផល​ប៉ះពាល់​របស់​វា​ធ្លាក់​ទៅ​លើ​សុខភាព​សាធារណៈ សេដ្ឋកិច្ច និង​គុណភាព​នៃ​ជីវិត គឺ​ពិតជា​មាន​ធំធេង​ខ្លាំង​ណាស់ ។

អ្នកមាន​វិបត្តិ​ជំងឺ​ធ្លាក់​ទឹកចិត្ត​ចាំបាច់​តម្រូវ​ឲ្យ​ការ​ព្យាបាល​ដោយ​វិធីសាស្ត្រ​ថ្មី​ផង​ដែរ​។ លើស​ពី​នេះ របប​អាហារ និង​បែបបទ​រស់នៅ​ប្រកបដោយ​ផាសុកភាព គឺជា​ចំណុច​ដែល​ត្រូវ​អនុវត្ត​ចាំបាច់​បន្ថែម​ទៀត ៕