រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា នៅទីបញ្ជាការស្រាល កន្លែងបិទខ្ទប់របស់សមត្ថកិច្ចខណ្ឌឬស្សីកែវ ត្រូវបានខ្យល់កន្ត្រាក់លាយឡំនឹងមេឃភ្លៀងមួយមេធំ បណ្តាលអោយខ្យល់បោកបក់យករោងទីបញ្ជាការស្រាល បណ្តាលឱ្យខូចខាត ហើយសមត្ថកិច្ចក៏នាំគ្នាជួយទប់ស្ទើរតែមិនជាប់ផង បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១ តាមបណ្តោយផ្លូវជាតិលេខ៥ កែងផ្លូវ៦៨ នៅចំណុចស្តុបបត់ចូលផ្សារតូច ស្ថិតនៅក្នុងសង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ ។
តាមប្រភពព័ត៌មានពីសមត្ថកិច្ចដែលកំពុងឈរជើងនៅគោលដៅចំណុចកើតហេតុខាងលើនេះ បានអោយដឹងថា នៅម៉ោងកើតហេតុខាងលើ ក៏ស្រាប់តែមានខ្យល់កន្ត្រាក់យ៉ាងខ្លាំង រហូតដល់រោងទីបញ្ជាការស្រាល ដែលប្រចាំការបិទខ្ទប់២៤ម៉ោងលើ២៤ម៉ោងនោះ បានបក់បោកខ្ទេចអស់មួយជំហៀងខាងលើតែម្តង។
ប្រភពដដែលបន្តថា គ្រានោះ សមត្ថកិច្ចដែលប្រចាំការនៅទីនោះ បាននាំគ្នាជួយទប់លំនឹង ដោយកាន់សសរបានជាង១៥នាទី ដើម្បីកុំអោយរោងនោះរលំសង្កត់ពីលើគ្នា លុះរហូតដល់មេឃភ្លៀងកាន់តែខ្លាំងឡើង បង្កអោយមានការភ័យខ្លាច ទើបសមត្ថកិច្ចរត់រកកន្លែងជ្រកជិតមួយម៉ោង ទើបភ្លៀងបានឈប់ទៅវិញ ៕
ចែករំលែកព័តមាននេះ