ទឹកគឺជាសមាសធាតុដ៏សំខាន់សម្រាប់ទ្រទ្រង់រាងកាយ ប៉ុន្តែមានមនុស្សតិចណាស់ដែលដឹងពីកម្រិតនៃការប្រើប្រាស់ទឹកប្រចាំថ្ងៃ ។ លើសពីនេះ ក្បួនច្បាប់ដែលគេរកឃើញថា មនុស្សយើងគួរពិសាទឹកក្នុងមួយថ្ងៃឱ្យបាន៨លីត្រ ដែលហេតុផលនេះអាចនឹងមិនត្រឹមត្រូវឥតខ្ចោះសម្រាប់មនុស្សគ្រប់រូបនោះទេ ។ អ្នកជំនាញខាងផ្នែកអាហារចិញ្ចឹមរាងកាយលោក Venu Adhiya Hiraniបានថ្លែងថា មនុស្សគួរផឹកទឹកចន្លោះពី៨ទៅ១២កែវក្នុងមួយថ្ងៃ ខណៈវាក៏មានការអះអាងមួយផ្សេងទៀតថា ក្នុងមួយថ្ងៃ មនុស្សគួរទទួលទានវត្ថុរាវចន្លោះពី១២ទៅ១៥កែវដែលក្នុងនោះមានរួមបញ្ចូលដូចជា ទឹក កាហ្វេ ទឹកតែ ទឹកដោះគោ សម្លស៊ុប ។ល។ បូកសរុបវត្ថុរាវទាំងអស់នេះគឺប្រហែលជា២,៥លីត្រ ។
-ផឹកទឹកទៅតាមស្ថានភាពជាក់ស្តែងនៃជីវិតរស់នៅប្រចាំថ្ងៃ ៖
យោងតាមអ្នកជំនាញចំណីអាហារបំប៉នរាងកាយ គឺលោក Nupur Krishnan បានឱ្យដឹងថា ស្ថានភាពជាក់ស្តែងនៃជិវិតរស់នៅប្រចាំថ្ងៃរបស់មនុស្សម្នាក់ពិតជាដើរតួយ៉ាងសំខាន់បំផុតក្នុងការកំណត់ពីបរិមាណទឹកដែលគេគួរទទួលទានប្រចាំថ្ងៃ ។ លោកបន្តថា ប្រសិនជាបុគ្គលម្នាក់រស់នៅក្នុងបែបបទជីវិតដែលទំនេរច្រើន ឬប្រកបការងារណាមួយក្នុងបន្ទប់ម៉ាស៊ីនត្រជាក់ពោលគឺពុំសូវចេញញើសច្រើន ដូចនេះការតម្រូវឱ្យគាត់ទទួលទានទឹកច្រើនជាង២លីត្រក្នុងមួយថ្ងៃពិតជាមិនអាចទៅរួចទេ ។ ផ្ទុយមកវិញ បុគ្គលដែលប្រកបការងារក្រោមពន្លឺថ្ងៃ ចេញញើសច្រើន វាពិតជាសំខាន់ដែលបុគ្គលនោះគួរទទួលទានទឹកប្រមាណជា៣លីត្រ ។
-កម្រិតនៃការប្រើប្រាស់ទឹកផ្លាស់ប្តូរអំឡុងរដូវក្តៅ ៖
វាជាការចាំបាច់ដែលត្រូវផ្លាស់ប្តូរទម្លាប់នៃការប្រើប្រាស់ទឹកនៅពេលផ្លាស់ប្តូររដូវ ។ ឧទាហរណ៍ វាជាបញ្ហាសំខាន់ដែលមនុស្សម្នាក់ត្រូវរក្សាឱ្យមានជាតិទឹកក្នុងខ្លួនអំឡុងរដូវក្តៅ ។ លោក Krishnan បានបញ្ជាក់ថា ប្រសិនជាអ្នកមិនមានជំងឺទឹកនោមផ្អែម ឬជំងឺលើសឈាម ទេ អ្នកអាចទទួលទានភេសជ្ជៈមានជាតិស្ករបាន។ វាមិនត្រឹមតែជួយឱ្យអ្នកមានអារម្មណ៍ស្រស់ថ្លាប៉ុណ្ណោះទេ ប៉ុន្តែជួយបង្កើនកម្រិតថាមពលទៀតផង ។ អ្នកជំនាញដដែលបានបន្ថែមថា ការទទួលទានទឹកឱ្យបានច្រើនក្នុងពេលព្រឹកគឺមានសារសំខាន់ខ្លាំងណាស់ ។ យកល្អ បន្ទាប់ភ្ញាក់ពីដំណេកពេលព្រឹកភ្លាម អ្នកគួរទទួលទានទឹកឱ្យបាន២កែវទៅ៤កែវ ដើម្បីបង្គ្រប់ថាមពលដែលបាត់បង់ពេញមួយយប់៕
ចែករំលែកព័តមាននេះ