អង្គជាតិរបស់ក្មេងឡើងរឹងភាគច្រើនតែងជួបប្រទះនៅពេលប្លោកនោមផ្ទុកទៅដោយទឹកនោមច្រើន ។ ប៉ុន្តែក៏មានកុមារតូចៗមួយចំនួនទៀតបែរជាសុខៗអវយវភេទរបស់គេឡើងរឹងខ្លាំងទៅវិញ ។ ប្រការនេះបានធ្វើឲ្យស្ត្រីជាម្តាយមានក្តីបារម្ភ ព្រោះមិនបានជ្រាបថា តើការឡើងរឹងនៃលិង្គកុមារបណ្តាលមកពីមូលហេតុអ្វី ?
ជាការពិតណាស់ ការឡើងរឹងរបស់លិង្គកុមារតូចៗតែងតែប្រែប្រួល និងផ្លាស់ប្តូរដោយសារតែប្រព័ន្ធប្រសាទ ឬអាចបណ្តាលមកពីមូលហេតុមួយចំនួនដូចជា ៖
-ពេលកំពុងតែគេងលក់ លិង្គរបស់កុមារបែរជាឡើងរឹងគឺអាចបណ្តាលមកពី ប្លោកនោមរក្សាទុកទឹកនោមច្រើនពេកធ្វើឲ្យក្មេងចង់បន្ទោបង់ (បត់ជើងតូច) ខណៈនេះស្ត្រីជាម្តាយ ឬអាណាព្យាបាលគួរតែដាស់កូនតូចឲ្យភ្ញាក់ពីដំណេកដើម្បីឲ្យគេនោម ។ ប៉ុន្តែជួនកាលអាចបណ្តាលមកពីលោកអ្នកដណ្តប់ភួយឲ្យកូនតូចក្តៅខ្លាំងពេក ក៏អាចឈានទៅដល់ការកកឈាមនៅលើប្រដាប់បន្តពូជទើបធ្វើឲ្យឡើងរឹង ។
-អាចមកពីលោកអ្នកស្លៀកខោទឹកនោមឲ្យកូនចង្អៀតពេក ដែលធ្វើឲ្យក្តៅខ្លាំងក៏អាចធ្វើឲ្យលិង្គឡើងរឹងបានដែរ ។ ម្យា៉ងទៀតមុនពេលចូលដំណេក លោកអ្នកបានប្រើទឹកក្តៅលាងជើង លាងប្រដាប់បន្តពូជក៏អាចធ្វើឲ្យលិង្គកូនតូចឡើងរឹង ។
-មនុស្សខ្លះតែងចូលចិត្តស្ទាបអង្អែលលិង្គក្មេងលេងក៏អាចបណ្តាលឲ្យឡើងរឹងដែរ ។ ប៉ុន្តែមានករណីមួយទៀត នៅពេលដែលកុមារមានផ្ទុកព្រូន ឬអៀន ហើយប្រឹងអេះគូទ រមាស់លិង្គ ក៏អាចធ្វើឲ្យឡើងរឹងបានដែរ ។
ដូចនេះមាតាបិតា ឬអាណាព្យាបាលកុមារគ្រប់រូប នៅពេលឃើញលិង្គកូនតូចឡើងរឹងមិនគួរបារម្ភទេ គួរពិនិត្យរកមូលហេតុឲ្យបានច្បាស់លាស់ តើបណ្តាលមកពីកត្តាអ្វីខ្លះទើបកើតមានបញ្ហានេះ ? បើរកឃើញថា លិង្គកូនរបស់លោកអ្នកមានសភាពខុសពីធម្មតាដូចជា មានស្នាមក្រហម កន្ទួល ពងបែក គួរតែនាំកូនទៅពិភាក្សាជាមួយគ្រូពេទ្យទើបជាការប្រសើរ ៕
ចែករំលែកព័តមាននេះ