រាជធានីភ្នំពេញ ៖ ជនជាតិអេស្ប៉ាញ២នាក់ត្រូវជនសង្ស័យ៣នាក់ដើរមកឆក់កាបូបដៃរួចរត់គេចខ្លួនចូលវត្តប្រយូរវង្សបាត់ ខណៈជនរងគ្រោះកំពុងដើរតាមបណ្តោយមហាវិថីព្រះនរោត្តម ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន កាលពីវេលាម៉ោងប្រមាណ១១ និង១១នាទី យប់ថ្ងៃទី២១ តុលា ២០១៥ ។
ប្រភពពីអ្នកឃើញហេតុការណ៍បានឱ្យដឹងថា មុនពេលកើតហេតុគេឃើញជនជាតិអេស្ប៉ាញប្រុស-ស្រី២នាក់ដើរតាមបណ្ដោយមហាវិថីព្រះនរោត្តម ខណៈដល់ចំណុចមុខវត្តប្រយូរវង្ស ស្រាប់តែមានជនសង្ស័យ៣នាក់ដើរបញ្ច្រាសទិសគ្នាហួសបន្តិចក៏បកក្រោយឆក់យកកាបូបដៃស្ត្រីជនជាតិអេស្ប៉ាញរួចរត់គេចខ្លួនចូលក្នុងវត្ដប្រយូរវង្សបាត់ស្រមោលតែម្តង ។
ក្រោយពេលកើតហេតុសមត្ថកិច្ចក៏បានទៅដល់ហើយតាមស្វែងរកចាប់ខ្លួនជនសង្ស័យទាំង៣នាក់ផងដែរ តែជនសង្ស័យបានរត់គេចខ្លួនបាត់ស្រមោលទៅហើយ ។
សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះទាំង២នាក់ក៏មិនបានដាក់ពាក្យបណ្ដឹងទេ ហើយក៏មិនបានដឹងថានៅក្នុងកាបូបដៃនោះមានអ្វីខ្លះដែរ ព្រោះតែជនជាតិអេស្ប៉ាញទាំង២នាក់ឆេះនិយាយតែភាសាអេស្ប៉ាញ មិនចេះនិយាយភាសាខ្មែរ ឬអង់គ្លេស ធ្វើពិបាកក្នុងការទំនាក់ទំនងគ្នា ជនរងគ្រោះគ្រាន់តែនិយាយភាសាអង់ថា No problem no problem «អត់បញ្ហាៗ» ហើយក៏បន្តដំណើរទៅមុខទៀតបាត់ទៅ ៕
ចែករំលែកព័តមាននេះ