ខេត្តកណ្ដាល ៖ ដោយស្ថានភាព នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ មិនមានការថមថយពីមួយថ្ងៃ ទៅមួយថ្ងៃ តម្រូវការទីកន្លែងសម្រាប់ដាក់ព្យាបាលអ្នកជំងឺកូវីដ-១៩ មានការកើនឡើងឥតឈប់ឈរ នារសៀលថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានចុះត្រួតពិនិត្យ ទីតាំងសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ ស្ថិតនៅក្នុងវិទ្យាល័យ វឌ្ឍនៈ ឈូង លាភ នៅសង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ។
លោកអភិបាលខេត្ត បានបញ្ជាក់ថា ទីនេះ មានបរិស្ថានល្អ ធំទូលាយ ស្រលះមានភាពអំណោយផល ដល់ខ្យល់អាកាសចេញចូលគ្រប់គ្រាន់ ទីតាំងនេះ ពិតជាជាទីតាំងល្អ អ្នកជំងឺនឹងបានឆាប់ជាសះស្បើយ ។
ជាមួយគ្នានេះដែរ ព្រឹកថ្ងៃទី០៤ ឧសភានេះ លោកអភិបាលរងខេត្តកណ្ដាល និងគណៈអភិបាលស្រុកអង្គស្នួល ព្រមទាំងលោកស្រី ជី ថាវី ប្រធានមន្ទីរអភិវឌ្ឍជនបទ បានអញ្ជើញចុះពិនិត្យ និងរៀបចំប្រព័ន្ធ ទឹក ភ្លើង បោសសម្អាត រៀបចំធ្វើបន្ទប់ទឹកបណ្ដោះអាសន្ន និងរៀបចំ តំបន់មួយចំនួន ក្នុងបរិវេណអនុវិទ្យាល័យ បែក ចាន និងសាលាបឋមសិក្សាកុយតិប នៅក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល ដើម្បីត្រៀម ធ្វើជាកន្លែងសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ កំរិតស្រាល ។
ទោះជាយ៉ាងនេះក្តី លោកអភិបាលខេត្ត សង្ឃឹមយ៉ាងមុតមាំថា បងប្អូន នឹងមិនចង់ក្លាយជាអ្នកជំងឺកូវីដ-១៩ ហើយត្រូវមកសម្រាកព្យាបាលនៅទីនេះដែរទេ ដូច្នេះដើម្បីជៀសវាងក្លាយជាអ្នកជំងឺបន្ទាប់ ត្រូវបានក្រុមគ្រូពេទ្យបញ្ជូនមកព្យាបាលនៅទីនេះ សូមបន្តគោរពអនុវត្តតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេសវិធានការការពាររបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គឺ ៣.ការពារ និង៣.កុំ ៕









                        
			         
				
ចែករំលែកព័តមាននេះ