ខេត្តព្រះសីហនុ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ពីបទក្លែងបន្លំជានគរបាលជាតិ រួចក៏ដឹកជនជាតិចិនម្នាក់ឆ្លងកាត់តំបន់បិទខ្ទប់ (តំបន់ក្រហម) ដោយចេតនា និងមិនគោរពតាមវិធានការសុខាភិបាលឡើយ នេះបើយោងតាមការឱ្យដឹងពីលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ នាថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១។
យោងតាមរបាយការណ៍ពីសមត្ថកិច្ច បានបញ្ជាក់ថា កាលពីវេលាម៉ោង៤នាទីរសៀល នាថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានទទួលជនសង្ស័យចំនួន០២នាក់ (ក្នុងនោះជនជាតិចិនម្នាក់ ជនជាតិខ្មែរម្នាក់) និងរថយន្ដ០១គ្រឿង ពីមន្ដ្រីគោលដៅត្រួតពិនិត្យភ្នំ K៩៦ ស្ថិតក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្ដព្រះសីហនុ ។
សមត្ថកិច្ចបានបញ្ជាក់ទៀតថា ជនសង្ស័យខាងលើមានឈ្មោះ លូ គឹមហ្វាត ភេទប្រុស ជាជនជាតិខ្មែរ អាយុ២៧ឆ្នាំ មានទីលំនៅផ្ទះលេខ៤៥E3 ផ្លូវ១១១ ភូមិ១៧ សង្កាត់អូរឬស្សី១ ខណ្ឌ៧មករា រាជធានីភ្នំពេញ មានមុខរបរជាអ្នកបកប្រែភាសានៅសណ្ឋាគារម្ដុំណានហៃ ក្នុងភូមិ១ សង្កាត់លេខ៣ ដែលបានជិះរថយន្ដម៉ាក Toyota Camry ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AH-2263 ហើយក៏បានដឹកជនជាតិចិនម្នាក់ឈ្មោះ CHEN XUBO ភេទប្រុស អាយុ២៧ឆ្នាំ ពីម្ដុំសណ្ឋាគារណានហៃ ក្នុងភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ចេញពីគោលដៅហាមឃាត់ (តំបន់ក្រហម) ហើយក៏ត្រូវសមត្ថកិច្ចប្រចាំការគោលដៅត្រួតពិនិត្យ K៩៦ ធ្វើការឃាត់ខ្លួនតែម្តង ។
ពាក់ព័ន្ធនឹងករណីខាងលើនេះ ជនសង្ស័យឈ្មោះ លូ គឹមហ្វាត បានប្រាប់សមត្ថកិច្ចថា ចំពោះអាវនគរបាលដែលពាក់នៅលើកៅអីឡានខាងមុខនេះ គឹជារបស់បងថ្លៃ ដែលបម្រើការងារនាយកដ្ឋាននគរបាលព្រំដែនគោក នៃក្រសួងមហាផ្ទៃ ។ ឯមួកថ្នាក់ឧត្ដមសេនីយ៍ ដែលទុកនៅលើ តាបឡូ រថយន្ដខាងមុខ គឹរបស់មិត្ដភក្តិខ្លួនដែលជាមន្ដ្រីនគរបាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ហើយសម្ភារៈទាំងនេះ គឹបងថ្លៃ និងមិត្ដភក្តិខ្លួនបានភ្លេចក្នុងរថយន្ដរបស់ខ្លួន ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចក៏ឃាត់ខ្លួនជនសង្ស័យទាំង២នាក់ខាងលើ ព្រមទាំងសម្ភារៈជាវត្ថុតាងដែលចាប់ដកហូតបានរួមមាន ៖ អាវនគរបាលថ្នាក់វរសេនីយ៍ត្រីចំនួន១, មួកនគរបាលថ្នាក់ឧត្ដមសេនីយ៍ ចំនួន១ និងរថយន្ដ១គ្រឿងម៉ាក Camry ពណ៌ស ពាក់ស្លាកលេ ភ្នំពេញ2AH-2263 ។ បច្ចុប្បន្ន ករណីនេះសមត្ថកិច្ចកំពុងបន្តនីតិវិធីនៅការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ហើយ ៕
ចែករំលែកព័តមាននេះ