រាជធានីភ្នំពេញ ៖ ឆ្លងចរន្តអគ្គិសនីលេចចេញជាអណ្ដាតភ្លើងឆាបឆេះទូដកប្រាក់របស់ធនាគារប៊ីអាយឌីស៊ី បង្កឲ្យមានការភ្ញាក់ផ្អើលដល់រថយន្តពន្លត់អគ្គីភ័យចុះមកធ្វើការអន្តរាគមន៍បាញ់ទឹកពន្លត់កាលពីវេលាម៉ោង៨និង១០នាទីយប់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១ ត្រង់ចំណុចខាងមុខខាងមុខធនាគារប៊ីអាយឌីស៊ី ផ្លូវព្រះមុន្នីវង្សកែងនិងផ្លូវ៣១០ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
តាមប្រភពពីបុរសម្នាក់ដែលជាសន្តិសុខយាមនៅកន្លែងកើតហេតុបានរៀបរាប់ប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គាត់កំពុងអង្គុយយាមនៅខាងមុខធនាគារដែលបានបិទទ្វារសំរាកគ្មានបុគ្គលិកធ្វើការ ហើយទូATMរបស់ធនាគារក៏មិនមានអតិថិជនមកប្រើប្រាស់សេវាដកប្រាក់ ឬសេវាអ្វីផ្សេងនោះទេ។ 
 តាមប្រភពដដែលបានបន្តថា លុះដល់វេលាម៉ោងកើតហេតុ ស្រាប់តែគាត់ឃើញមានផ្សែងហុយចេញពីបន្ទប់ដាក់ទូATM រួចគាត់ក៏បានដើរទៅមើលឃើញមានអណ្ដាតភ្លើងកំពុងតែឆាបឆេះនៅផ្នែកខាងលើពិដានក្នុងបន្ទប់ដាក់ទូ ATM បានឆេះរាលដាលដល់ខាងក្រោមផ្នែកខាងក្រោយទូATM ។ ឃើញដូច្នេះគាត់ក៏បានស្រែកឆោឡោ និងបានទាញទុយោទឹកបាញ់ពន្លត់អណ្តាតភ្លើងដែលកំពុងតែឆាបឆេះ។ ស្របពេលនោះដែលក៏បង្កឲ្យមានការភ្ញាក់ផ្អើលដឹងដល់សមត្ថកិច្ចមូលដ្ឋានកំពុងប្រចាំការនៅក្បែរនោះ ចុះមកធ្វើការអន្តរាគមន៍និងបានទំនាក់ទំនងហៅរថយន្តពន្លត់អគ្គិភ័យផងដែរ។ បន្ទាប់មកក៏មានរថយន្តពន្លត់អគ្គីភ័យរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចំនួនមួយគ្រឿងបានមកដល់ រួចក៏បានបាញ់ទឹកពន្លត់តែបន្តិចក៏រលត់ជាស្ថាពរតែម្តង។
ក្រោយពីបាញ់ទឹកពន្លត់រួច សមត្ថកិច្ចបានធ្វើការសន្និដ្ឋានជំហានដំបូងថា បណ្ដាលមកពីឆ្លងចរន្តអគ្គិសនី។ ចំណែកឯទំហំនៃការខូចខាតផ្នែកបុគ្គលិកធនាគារមិនទាន់បញ្ជាក់ថាខូចខាតអ្វីខ្លះនៅឡើយនោះទេ រងចាំបុគ្គលិកជំនាញចុះមកត្រួតពិនិត្យនាពេលក្រោយជាបន្តទៀត៕







                        
			         
				
ចែករំលែកព័តមាននេះ