ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អត្ថប្រយោជន៍​សុខភាព​បាន​មក​ពី​ការ​ទទួលទាន​ត្រី​សម្បូរ​ខ្លាញ់​

10 ឆ្នាំ មុន

កាត់​បន្ថយ​ហានិភ័យ​ជំងឺ​ហើម​សន្លាក់​៖
យោង​តាម​របាយការណ៍​នៃ​ការ​សិក្សា​ថ្មី​ចុង​ក្រោយ​បំផុត​ដែល​ធ្វើ​ឡើង​ដោយ​ក្រុម​អ្នក​វិទ្យាសាស្ត្រ​មក​ពី​វិទ្យាស្ថាន​ឱសថ​សាស្ត្រ​បរិស្ថាន​នៃ​សាកលវិទ្យាល័យ Karolinska Institue ទីក្រុង​ស្តុក​ខុល ប្រទេស​ស៊ុ​យ​អែ​ត​បាន​បង្ហាញ​ថា ទទួលទាន​បណ្តា​ត្រី​សម្បូរ​ខ្លាញ់​មាន​ដូច​ជា ត្រីសូ​ម៉ុង  ត្រី​ព្រួល ត្រី​ស្បៃ​កា ត្រី​រ៉ស់​…​យ៉ាង​ហោច​ណាស់​ម្តង​ក្នុង​មួ​យស​ប្តា​ហ៍​អាច​កាត់​បន្ថយ​ហានិភ័យ​ពី​ជំងឺ​ហើម​បាន​៥២​ភាគរយ ។ ប្រសិទ្ធភាព​បែប​នេះ​ក៏​ព្រោះ​អាស៊ី​ដ​ខ្លាញ់​អូ​មេ​ហ្គា​-៣​បាន​រាំង​ខ្ទប់​ការ​ឆ្លើយ​តប​របស់​រាង​កាយ​ទៅ​នឹង​ការ​រលាក ។

ត្រី​សម្បូរ​ខ្លាញ់​ត្រូវ​គេ​រក​ឃើញ​ថា ផ្ទុក​ទៅ​ដោយ​អាស៊ី​ដ​ខ្លាញ់​អូ​មេ​ហ្គា​-៣​ក្នុង​កម្រិត​មួយ​យ៉ាង​ខ្ពស់​បំផុត ។ វា​ត្រូវ​គេ​ចាត់​ទុក​ថា​មាន​សារសំខាន់ ពីព្រោះ​រាង​កាយ​របស់​មនុស្ស​មិន​អាច​ស្រូប​យក​សារធាតុ​នេះ​ពី​ប្រភព​ដទៃ​ក្រៅពី​ការ​ទទួលទាន​តាម​រយៈ​របប​អាហារ​នោះ​បាន​ទេ ។

ជួយ​ឱ្យ​ខួរក្បាល​កាន់តែ​មាន​ភាពល្អ​ប្រសើរ​៖
អ្នក​វិទ្យាសាស្ត្រ​បាន​និយាយ​ថា ការ​ទទួលទាន​ត្រី​ដែល​មាន​ខ្លាញ់​ច្រើន​ដូច​ជា ត្រីសូ​ម៉ុង ត្រី​ព្រួល ត្រី​រ៉ស់​… អាច​ធ្វើ​ឱ្យ​ល្អ​ប្រសើរ​ដល់​ការ​ចង់​ចាំ ។

ការ​សិក្សា​ថ្មី​មួយ​បាន​រក​ឃើញ​ថា អាស៊ី​ដ​ខ្លាញ់​មួយ​ប្រភេទ​ដែល​គេ​រក​ឃើញ​ក្នុង​សាច់​ត្រី​ខាងលើ និង​ក្នុង​អាហារ​សមុទ្រ​ផ្សេង​ទៀត​អាច​ជួយ​ជំរុញ​មុខងារ​អង្គ​ចង​ចាំ​បាន​ដល់​១៥​ភាគរយ ។ នៅ​ក្នុង​ការ​ពិសោធ​ដែល​មាន​រយៈពេល​៦​ខែ មនុស្ស​ពេញវ័យ​មាន​សុខភាព​ល្អ​១៧៦​នាក់​ត្រូវ​បាន​គេ​ផ្តល់​ឱ្យ​នូវ​ឱសថ​ផ្ទុក DHA-​អាស៊ី​ដ​ខ្លាញ់​អូ​មេ​ហ្គា​-៣​ដែល​មាននៅ​ក្នុង​ត្រីសូ​ម៉ុង ត្រី​ស្បៃ​កា ត្រី​សា​ឌី​ន ត្រី​ព្រួល បង្គារ​និង​គ្រុំ ។ ជា​លទ្ធផល​ក្រោយ​ការ​ពិសោធ គេ​ពិនិត្យ​ឃើញ​ថា ការ​ចង​ចាំ និង​ល្បឿន​ធ្វើការ​នៃ​អង្គ​ចង​ចាំ​របស់​អ្នក​ដែល​ប្រើប្រាស់​ឱសថ​ផ្ទុក DHA មានកា​រវិ​វ​ឌ្ឍ​ល្អ​ប្រសើរ​ជាង​មុន​គួរ​ឱ្យ​កត់សម្គាល់ ។ ដូច្នេះ​វា​ត្រូវ​បាន​គេ​ជឿ​ថា DHA អាច​ជា​គន្លឹះ​យ៉ាង​សំខាន់​ក្នុង​ការ​ជួយ​ទប់ស្កាត់​ជំងឺ​បាត់​ការ​ចង​ចាំ ។

ជួយ​បង្កើន​អាយុ​រយៈពេល​២​ឆ្នាំ ៖
ការ​រក​ឃើញ​ដោយ​ក្រុម​អ្នក​វិទ្យាសាស្ត្រ​សហរដ្ឋអាមេរិក​បាន​បង្ហាញ​ថា ទទួលទាន​ត្រី​សម្បូរ​ខ្លាញ់​អាច​ជួយ​បង្កើន​អាយុ​របស់​អ្នក​យ៉ាង​ហោច​ណាស់​បាន​២​ឆ្នាំ ។ បណ្តាជន​វ័យចាស់​ដែល​មាន​អាស៊ី​ដ​ខ្លាញ់​អូ​មេ​ហ្គា​-៣​ក្នុង​ឈាម​កម្រិត​ខ្ពស់​ត្រូវ​គេ​ដឹង​ថា អាច​កាត់​បន្ថយ​អត្រា​ស្លាប់​មុន​អាយុ​បាន​១​ភាគ​៤ ។ ចំពោះ​ជំងឺ​បេះដូង​វិញ​អាច​កាត់​បន្ថយ​បាន​មួយ​ផ្នែក​បើ​ធៀប​ទៅ​នឹង​បណ្តាជន​ដែល​មាន​អាស៊ី​ដ​ខ្លាញ់​អូ​មេ​ហ្គា​-៣​ក្នុង​ឈាម​កម្រិត​ទាប ។ វា​ជា​ការ​សិក្សា​លើក​ទី​១​ហើយ ដែល​អ្នក​វិទ្យាសាស្ត្រ​សាកលវិទ្យាល័យ
HSPH និង​សាកលវិទ្យាល័យ​វ៉ា​ស៊ី​ន​តោន​ពិនិត្យ​មើល​លើ​កម្រិត​នៃ​ការ​ទទួលទាន​ត្រី ហើយ​បាន​ភ្ជាប់​វា​ទៅ​នឹង​អត្រា​ស្លាប់ ។

ត្រី​គឺជា​ប្រភព​តែ​មួយ​គត់​ដែល​ផ្តល់​នូវ​អាស៊ី​ដ​ខ្លាញ់​អូ​មេ​ហ្គា​-៣ ។ វា​មិន​ត្រឹមតែ​មាន​សារសំខាន់​ដល់​សុខភាព​បេះដូង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​ផ្តល់​អត្ថប្រយោជន៍​សម្រាប់​ការ​អភិវឌ្ឍ​ខួរក្បាល កាត់​បន្ថយ​ការ​រលាក​ខួរក្បាល និង​ការ​រលាក​បណ្តា​កោសិកា​ដទៃ​ទៀត​ផង​ដែរ ៕