ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រទាំង​៥​ជា​ពាក្យកាព្យ

2 ឆ្នាំ មុន

ថ្ងៃ​ពុធ ទី​២៤ កក្កដា ព​.​ស​.២៥១២ គ​.​ស​.១៩៦៨. សម្ដេចព្រះសង្ឃរាជ ជួន ណាត ជោ​ត​ញ្ញា​ណោ ព្រះ​អង្គ​បាន​មាន​ព្រះ​បន្ទូល​ថា…

ថ្ងៃ​ពុធ ទី​២៤ កក្កដា ព​.​ស​.២៥១២ គ​.​ស​.១៩៦៨. សម្ដេចព្រះសង្ឃរាជ ជួន ណាត ជោ​ត​ញ្ញា​ណោ ព្រះ​អង្គ​បាន​មាន​ព្រះ​បន្ទូល​ថា បើ​និយាយ​អំពី​ក្រ ក្រ​នោះ​មាន​៥​យ៉ាង​គឺ ក្រ​កិច្ច​, ក្រ​កល​, ក្រ​ដឹង​, ក្រ​យល់​, ក្រ​វៃ​ច្នៃ​ទាស់ ក្រទាំង​៥​យ៉ាងនេះ​មាន​ខ្លឹមសារ​ជា​ពាក្យកាព្យ​ដើម្បី​ស្រួល​យល់ ងាយ​ចាំ ចំណាំបាន​ដូច​តទៅ​៖

ខ្វះ​ការ​អប់រំ រមែង​ច្រឡំ ខ្លះ​ៗ​ពុំខាន បើ​លុះតែ​ខំ អប់រំ​ឲ្យ​មាន ការ​ថ្នឹក​ទើបបាន រួច​ផុត​ចាក​ក្រ ។ កុំ​យល់​ថា​ងាយ ទោះ​ការ​សម្ពាយ សុទ្ធតែ​កម្រ លុះតែ​បាន​រៀន បាន​ស្ដាប់​ត​ៗ ទើបបាន​ការ​ក្រ ក្លាយជា​ងាយ​ខ្លះ ។

ទោះ​កិច្ច​តូច​ទេ ខ្វះ​ការ​រិះរេ ធ្វើ​នៅ​តែង​ខ្វះ ទោះ​ធ្វើ​ទៅ​កើត ក៏​មិន​ស្អាត​ជ្រះ ព្រោះ​ពាក្យ​ថា​ខ្វះ ផ្ទុយ​នឹង​គ្រប់គ្រាន់​។
ចំណែក​ខាង​កល ឧបាយ​ក្រ​យល់ ក៏​ច្រើន​តែ​ភ័ន្ត ជួនកាល​គំនិត វង្វេងវង្វាន់ ជួនកាល​ស្លោ​ស្លន់ យល់​ខុស​ទទេ​។ បើ​ប្រើ​តាម​កល ដែល​គិត​ពុំ​យល់ ខ្វះ​ការ​រិះរេ ចេះ​តែ​ស្មាន​ៗ បំពាន​ធ្វេសទ្វេ ឬ​តាមតែ​គេ នាំ​ខុស​ជា​ត្រូវ​ ។

រីឯ​ការ​ដឹង បើ​គ្មាន​ដំណឹង ក៏​ឥត​មាន​ផ្លូវ ណា​ប្រាប់​ឲ្យ​ដឹង មិងមាំង​ស្រខូវ ការ​ខុស​ឬ​ត្រូវ ក៏​ឥត​បានដឹង ។ ការ​ដឹង​ក៏​ក្រ បើ​គ្មាន​តំណ ត​ជា​ដំណឹង ឥត​មានគំនិត ងងឹត​សូន្យឈឹង ហេតុ​នោះ​ការ​ដឹង ក៏​ឈ្មោះ​ថា​ក្រ ។

ចំណែក​ខាង​យល់ ជា​ការ​អំពល់ មួយ​ដ៏​កម្រ បើ​គ្រាន់តែ​ដឹង ដោយ​ឮ​ត​ៗ ប៉ុន្តែ​ខ្លួន​ស ប្រាប់​ថា​ពុំ​យល់ ដូច​គេ​សួរ​ថា តើ​អ្នក​រាល់គ្នា យល់​ឬ​ពុំ​យល់ រឿង​ដែល​ខ្លួន​ដឹង ដំណឹង​សល់វ៉ល់ ខ្លួន​ថា​ពុំ​យល់ ខ្ញុំ​គ្រាន់តែ​ដឹង ។ ហេតុនេះ​ការ​យល់ លុះតែ​អំពល់ ពិត​ពេញទំហឹង បើ​ឥត​គំនិត រិះរេ​ជញ្ជឹង ក៏​គ្រាន់តែ​ដឹង កម្រ​បាន​យល់ ​។

រី​វៃ​ច្នៃ​ទាស់ ក្រ​ជាង​ទាំងអស់ ព្រោះ​ច្រើន​លើស​កល់ នៅ​គាំង​ជ្រងោ ដោយ​គិត​មិន​ដល់ ក៏​នៅ​ស្រងល់ ដោះស្រាយ​ពុំ​រួច​, នៅ​ពេល​ជំនុំ ឬ​គេ​មក​ជុំ គេ​តាំង​ផ្ដើម​ផ្ដួច គេ​សួរ​បញ្ហា ណាមួយ​ក្របួច ឯង​ឆ្លើយ​ពុំ​រួច នៅ​ធ្មឹង​តែ​ម្ដង ​។

បើ​មាន​ប្រាជ្ញា រហ័ស​ក្លៀវក្លា គំនិត​ហ្មត់ហ្មង ឆ្លើយ​បាន​ភ្លាម​ភ្លែត ត្រដែត​កន្លង អ្នក​សួរ​ឥត​សង សួរ​តទៅ​ទៀត ។ ហេតុ​នោះ​បាន​ថា ចាស់​លោក​ពោល​ជា ការណ៍​នេះ​ចង្អៀត កម្រ​មាន​អ្នក ឈ្លាសវៃ​ឆ្លាត​ឆ្លៀត គេ​សួរ​ថែម​ទៀត ពុំ​អាច​ឆ្លើយឆ្លង ។ បើ​រឿង​នោះ​ធំ អាច​នឹង​រលំ ខូចការ​តែ​ម្ដង ហេតុ​នោះ​បានជា ព្រឹទ្ធាចារ្យ​ផង អ្នកចេះ​ហ្មត់ហ្មង ពោល​ទុក​ថា​ក្រ ​។

ក្រ​វៃ​ច្នៃ​ទាស់ លើស​ក្រទាំង​អស់ ហៅ​ពេញ​ថា​ក្រ លុះតែ​រៀន​គិត ឲ្យ​បាន​ល្អិតល្អ នោះ​ទើប​ក្ដី​ក្រ នេះ​ឃ្លាត​ចេញ​ឆ្ងាយ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ