ស្លាក់អាហារស្ទះណែនក្នុងបំពង់កភាគច្រើនកើតមានចំពោះកុមារ និងមនុស្សដែលមានវ័យចំណាស់ ព្រោះការស្លាក់នេះអាចទាក់ទងទៅនឹងការធ្វេសប្រហែសទំពាអាហារមិនបានម៉ដ្ឋល្អ ។
តាមការបំភ្លឺពីលោកវេជ្ជបណ្ឌិត សាន់ ចាន់ណា ឯកទេសផ្នែកជំងឺក្រពះ ពោះវៀន និងឫសដូងបាតនៃមន្ទីរពេទ្យកាល់ម៉ែត បានពន្យល់ថា រោគសញ្ញានៃការស្លាក់អាហារនេះមាន ៖
-ស្លាក់នៅក្នុងបំពង់អាហារ៖ ជនរងគ្រោះអាចមានអារម្មណ៍ថា អួលណែន ទទួលទានបាយ ឬទឹកមិនធ្លាក់ចូលដល់ក្រពះពោះវៀន។ បើសិនជាអាហារដែលលេបចូលទៅនោះមានឆ្អឹងទៅជាមួយផងអាចមុតដោតជាប់បំពង់កបណ្តាលឲ្យមានការឈឺចាប់សូម្បីតែលេបទឹកមាត់ក៏ពិបាក ។ ក្នុងស្ថានភាពបែបនេះបើលោកអ្នកនៅតែទុកយូរមិនព្រមមកជួបគ្រូពេទ្យ ទេអាចនឹងធ្វើឲ្យមានការឈឺចាប់កាន់តែខ្លាំងបង្កទៅជាដំបៅក្នុងបំពង់ក ដែលបញ្ហានេះប្រឈមនឹងគ្រោះថ្នាក់បំផុត ។
-ស្លាក់នៅក្នុងក្រពះ ៖ មិនមានរោគសញ្ញាអ្វីទាំងអស់ ។
-ស្លាក់នៅក្នុងពោះវៀនតូច៖ បើសិនជាឆ្អឹងមុតស្រួច អាចនឹងធ្វើឲ្យមានការហូរឈាម តាមរយៈការបន្ទោបង់ តែបើសិនជាមិនមានការមុតស្រួចទេ អ្នកជំងឺមិនអាចដឹងបានឡើយ ។
-ស្លាក់នៅក្នុងពោះវៀនធំ៖ បញ្ហានេះគឺកម្រនឹងកើតមានខ្លាំងណាស់ តែបើមានការស្ទះមែនប្រាកដជាមានរោគសញ្ញាទល់លាមក ។
ការស្លាក់អាហារមានបញ្ហាជាច្រើនទាក់ទងនឹងអាយុជីវិត ដូច្នេះដើម្បីចៀសផុតពីបញ្ហាស្លាក់ទាំងនេះ មាតាបិតាត្រូវតែតាមដានពីសកម្មភាពកូនៗ មិនត្រូវបណ្តោយឲ្យបៀបវត្ថុណាដែលលោកអ្នកគិតថាងាយនឹងរអិលចូលបំពង់ខ្យល់ ដូចស្ករគ្រាប់ គ្រាប់ឃ្លី ឬផ្លែឈើដូចផ្លែមាន សាវម៉ាវជាដើម បើកាលណាវត្ថុទាំងនេះរអិលធ្លាក់ចូលបំពង់ខ្យល់ហើយ ប្រឈមនឹងគ្រោះថ្នាក់ខ្លាំងណាស់ ។ ជាងនេះទៅទៀត គប្បីទំពាអាហារឲ្យបានម៉ដ្ឋល្អមុននឹងលេបចូលបំពង់ខ្យល់ដើម្បីសុវត្ថិភាពសុខភាពក្រពះពោះវៀន ៕
ចែករំលែកព័តមាននេះ