នៅពេលដែលលោកអ្នកទទួលទាន មុននឹងធ្លាក់ទៅដល់ក្រពះ ចំណីអាហារត្រូវឆ្លងកាត់បំពង់អាហារដែលមានប្រវែងពី៣៣ទៅ៤០សង់ទីម៉ែត្រជាមុនសិន ។ ប៉ុន្តែបើសិនជាការទទួលទានទំពាមិនបានម៉ដ្ឋល្អ ឬលេបទៅទាំងដុលអាចនឹងបណ្តាលឲ្យស្លាក់ជាប់នៅក្នុងបំពង់កជាហេតុនាំឲ្យមានបញ្ហាកើតឡើង។ ករណីនេះទាមទារឲ្យលោកអ្នកប្រញាប់ទៅជួបជាមួយគ្រូពេទ្យពិនិត្យ និងចាប់យកអាហារ ឬឆ្អឹងដែលជាប់នៅទទឹងកនោះចេញ តែជួនកាលករណីធ្ងន់ធ្ងរអាចនឹងដល់ការវះកាត់បើសិនជាមានការមុតចូលជ្រៅ ។
ទាក់ទងនឹងការស្លាក់អាហារនេះ លោកវេជ្ជបណ្ឌិត សាន់ ចាន់ណា ឯកទេសផ្នែកជំងឺក្រពះ ពោះវៀន និងឫសដូងបាតនៃមន្ទីរពេទ្យកាល់ម៉ែត បានពន្យល់ថា ការស្លាក់នេះអាចមានស្លាក់នៅក្នុងពោះវៀន ក្រពះ ប៉ុន្តែអ្វីដែលជួបញឹកញាប់ជាងគេគឺស្លាក់នៅក្នុងបំពង់រំលាយអាហារ ហើយកត្តាដែលបណ្តាលឲ្យស្លាក់នេះគឺមានបីយ៉ាង៖
១-កត្តាចំណីអាហារ៖ នៅពេលដែលលោកអ្នកទទួលទានអាហារធំពេក ហើយមិនបានទំពាឲ្យម៉ដ្ឋល្អរួចលេបចូទៅអាចនឹងបណ្តាលឲ្យស្លាក់ ដែលបញ្ហានេះច្រើនតែកើតមាននៅលើមនុស្សដែលមានវ័យចំណាស់ ។
២-កត្តាមនុស្ស៖ ការទទួលទានមិនបានប្រយ័ត្ន និងមិនបានទំពាអាហារឲ្យសព្វល្អ ប្រញាប់លេបចូលទៅក្នុងក្រពះពេកក៏អាចបណ្តាលឲ្យស្លាក់ផងដែរ ។
៣-កត្តាបំពង់អាហារ៖ កាលណាបើឈានដល់វ័យចំណាស់ហើយ បំពង់អាហារមិនអាចធ្វើចលនាបានល្អដូចកាលនៅពីក្មេងទេ(ខ្សោយ) ជូនកាលបំពង់អាហារអាចត្បៀត ឬមានដុះសាច់ទៀតនោះ អាចនឹងធ្វើឲ្យរួមតូច ហើយនៅពេលដែលលោកអ្នកទទួលទានអាហារលេបចូលទៅវាងាយនឹងស្លាក់ខ្លាំងណាស់ ។
លោកវេជ្ជបណ្ឌិតបានពន្យល់បន្តទៀតថា តាមបទពិសោធន៍ដែលធ្លាប់ជួបប្រទះកន្លងមក ឃើញថា ការស្លាក់នៅក្នុងបំពង់អាហារមានច្រើនរបៀបណាស់ ដែលការស្លាក់ទាំងនេះមាន ៖ ដុំសាច់ ការ៉ុត ប្រហិត ឆ្អឹងជាដើម ។
ដើម្បីចៀសផុតពីការស្លាក់នេះ លោកអ្នកត្រូវតែទទួលទានទំពាអាហារឲ្យបានម៉ដ្ឋល្អ កុំរហន់លេបចូលពេក និងមិនត្រូវបៀមវត្ថុអ្វីដែលអាចបណ្តាលឲ្យរអិលធ្លាក់ចូលទៅក្នុងបំពង់អាហារនោះទេ ៕
ចែករំលែកព័តមាននេះ