ការយកចិត្តទុកដាក់ថែរក្សាមាត់ធ្មេញគឺជារឿងសំខាន់បំផុត ដ្បិតវាមិនត្រឹមតែធ្វើឱ្យធ្មេញទាំង៣២មានពណ៌សដូចគជ់ប៉ុណ្ណោះទេ តែថែមទាំងជួយអ្នកក្នុងការទំពាអាហារបានស្រួល និយាយបានច្បាស់ ពិសេសជួយឱ្យអ្នកមើលទៅមានភាពស្រស់ស្អាតទៀតផង ។ ការសិក្សាស្រាវជ្រាវជាច្រើនបានបង្ហាញថា អនាម័យមាត់ធ្មេញសំខាន់ខ្លាំងណាស់សម្រាប់សុខភាពជាទូទៅរបស់មនុស្សម្នាក់ៗ ។ ក្រៅពីបំបាត់ខ្យល់ដកដង្ហើមមិនល្អ ក៏អាចទប់ស្កាត់ជំងឺបេះដូងបានផងដែរ ។
ដើម្បីថែរក្សាធ្មេញលោកអ្នកឱ្យមានសុខភាពល្អ រឹងមាំបានយូរអង្វែង គួរចៀសវាងការប្រព្រឹត្តមួយចំនួនដូចខាងក្រោមនេះ ៖
១-ទំពាដុំទឹកកករឹង ៖ ដោយសារតែវាគ្មានរសជាតិផ្អែម ដូច្នេះអ្នកប្រហែលជាគិតថា ដុំទឹកកកមិនធ្វើឱ្យធ្មេញខូចនោះទេ ។ ទោះជាយ៉ាងនេះក្តី ភាពរឹងរបស់ដុំទឹកកកអាចធ្វើឱ្យឆែបឬបែកធ្មេញរបស់អ្នកបាន ។ មួយវិញទៀត ប្រសិនជាការទំពាលាន់សូរគ្រួបៗធ្វើឱ្យរមាស់ដល់ស្រទាប់កោសិកាខាងក្នុងធ្មេញនោះ អ្នកអាចនឹងជួបបញ្ហាជំងឺឈឺធ្មេញ ។ ការខាំអាហារក្តៅពេកឬត្រជាក់ពេកក៏អាចធ្វើឱ្យអ្នកឈឺនៅម្តុំថ្គាម ឬឈឺធ្មេញរយៈពេលយូរបានដែរ ។
២-ការសង្កៀតធ្មេញ ៖ ការប្រព្រឹត្តបែបនេះជារឿយៗមួយរយៈពេលណាមួយនោះ អាចនឹងនាំឱ្យសឹកធ្មេញ ។ តាមធម្មតា ការសង្កៀតធ្មេញបង្កឡើងក្នុងពេលកំពុងដេកលង់លក់និងពេលមានភាពតានតឹងក្នុងចិត្ត (Stress) ដែលនេះគឺជារឿងពិបាកគ្រប់គ្រង ។ ដើម្បីចៀសវាងបែបនេះ អ្នកគួរពាក់ប្រដាប់ការពារធ្មេញក្នុងពេលដេកឬចៀសវាងការទទួលទានអាហាររឹងៗ ។
៣-ថ្នាំបៀមបំបាត់ក្អក៖ បើទោះវាជាថ្នាំពេទ្យសម្រាប់ជួយព្យាបាលការក្អក និងឈឺបំពង់.កក្តី ប៉ុន្តែមិនមែនមានន័យថា វាមិនផ្តល់ផលអាក្រក់ដល់សុខភាពនោះទេ ។ ភាគច្រើនបំផុតនៃថ្នាំបៀមបំបាត់ក្អកគឺមានផ្ទុកសារធាតុស្ករ ។ ដូច្នេះ សូមដុសសម្អាតធ្មេញបន្ទាប់ពីបៀមរួច។
៤-ទម្លាប់ទំពាស្ករកៅស៊ូ ៖ រាល់ស្ករទំពាទាំងអស់គឺសុទ្ធតែអាចធ្វើឱ្យធ្មេញពុកខណៈស្ករមួយចំនួនស្ថិតនៅជាប់ស្អិតជាមួយធ្មេញបន្ទាប់ពីការទទួលទានរួច ។
៥-ប្រើធ្មេញជាឧបករណ៍សម្រាប់បើកឆ្នុកដប និងគម្របកំប៉ុងផ្សេងៗ ៖ វាអាចជារឿងងាយស្រួលដែលយើងប្រើធ្មេញបើកគម្របដបនិងកំប៉ុង ប៉ុន្តែវាជាទម្លាប់អាក្រក់មួយដែលនាំឱ្យអ្នកទៅរកទន្តពេទ្យ ។ ទង្វើបែបនេះនឹងនាំឱ្យធ្មេញបែកឬឆែបពេលណាមួយមិនខាន ។ ដើម្បីលុបបំបាត់ទម្លាប់អាក្រក់បែបនេះ អ្នកគួររក្សាទុកប្រដាប់គាស់កំប៉ុងនៅជិតខ្លួនគ្រប់ពេល ។ ចូរចងចាំថា ធ្មេញរបស់អ្នកមានតួនាទីសម្រាប់តែការទំពាអាហារទន់ប៉ុណ្ណោះ ។
៦-ទទួលទានបណ្តាភេសជ្ជៈផ្អែមខ្លាំងក្រោយការហាត់ប្រាណ ឬលេងកីឡា៖ វាជាការពិតដែលការទទួលទានភេសជ្ជៈផ្អែមត្រជាក់បន្ទាប់ពីហាត់ប្រាណរួចធ្វើឱ្យយើងមានអារម្មណ៍ស្រស់ស្រាយ ប៉ុន្តែសូមចាំថា ភេសជ្ជៈដែលជាធម្មតាសម្បូរដោយស្ករទាំងនោះបានបង្កើតអាស៊ីដទៅវាយប្រហារលើអញ្ចាញធ្មេញរបស់អ្នក ។ ដូច្នេះការទទួលទានញឹកញាប់នឹងធ្វើឱ្យធ្មេញឆាប់ពុក ។ វិធីល្អដើម្បីរក្សាជាតិទឹកក្នុងខ្លួនឱ្យបានគ្រប់គ្រាន់បន្ទាប់ពីហាត់ប្រាណរួច ចូរផឹកទឹកដែលគ្មានកាឡូរី និងគ្មានជាតិស្ករ ។
៧-ផឹកកាហ្វេ ៖ ក្រៅពីធ្វើឱ្យធ្មេញមានពណ៌ស្រអាប់លឿង កាហ្វេមិនបានធ្វើឱ្យធ្មេញពុក ឆែបឬមានជំងឺនោះទេ ។ សូមពិគ្រោះជាមួយទន្តពេទ្យ ប្រសិនជាអ្នកបារម្ភអំពីពណ៌មិនស្អាតបែបនេះ ។
៨-ការជក់បារី ៖ បារីរួមនឹងផលិតផលថ្នាំជក់គ្រប់ប្រភេទសុទ្ធតែអាចធ្វើឱ្យប្រឡាក់ធ្មេញ ព្រមទាំងធ្វើឱ្យអញ្ចាញមានពណ៌មិនដូចធម្មជាតិ ។ ក្រៅពីនេះ បារីក៏អាចបង្កឱ្យមានមហារីកមាត់ មហារីកអណ្តាត និងបបូរមាត់ផងដែរ ។
៩-ទទួលទានស្រា ៖ អាស៊ីដនៅក្នុងស្រាក្រហម ឬស្រា.សបានធ្វើឱ្យអញ្ចាញធ្មេញសឹករេចរិល បង្កើតបានជាដុំគ្រើមដែលងាយឱ្យធ្មេញប្រឡាក់ ដិតជាប់ចំណីអាហារទទួលទាន ៕
ចែករំលែកព័តមាននេះ