ការរកឃើញជាជំហានដំបូងដោយមន្ទីរពិសោធន៍បានបង្ហាញថា វត្តមានអំបិលនៅក្នុងរបបអាហារប្រចាំថ្ងៃអាចជាប់ពាក់ព័ន្ធទៅនឹងការជំរុញឱ្យប្រព័ន្ធការពាររាងកាយវាយប្រហារប្រឆាំងលើខ្លួនយើងជាហេតុបង្កឱ្យមានជំងឺមួយចំនួនដូចជា ប្រភេទជំងឺដែលបំផ្លាញកោសិកាសរសៃប្រសាទរបស់ខួរក្បាល ឆ្អឹងខ្នងនាំឱ្យអ្នកជំងឺមើលលែងឃើញ និយាយមិនចេញ កម្រើកខ្លួនមិនបាន និងជាមូលហេតុនាំឲ្យកើតមានមហារីកក្នុងក្រពះ ។
ការចុះផ្សាយជាបន្តបន្ទាប់គ្នានូវលទ្ធផលដែលខ្លួនបានរកឃើញនៅក្នុងព្រឹត្តិបត្រ The Nature អ្នកវិទ្យាសាស្ត្រជាច្រើនក្រុមសុទ្ធតែបានអះអាងដូចគ្នាអំពីការជាប់ពាក់ព័ន្ធរបស់អំបិលទៅនឹងជំងឺ MS ។ ពួកគេថា អំបិលបានដើរតួជាអ្នកជំរុញឱ្យប្រព័ន្ធការពារចាប់យករាងកាយធ្វើជាគោលដៅវាយប្រហារ ។ ក្នុងពេលជាមួយគ្នានេះ ប្រព័ន្ធការពាររាងកាយប្រឆាំងនឹងជំងឺឆ្លងផ្សេងៗក៏ត្រូវទទួលរងនូវផលប៉ះពាល់នាំឱ្យមានជំងឺ Autoimmune System (ប្រព័ន្ធការពារវាយប្រហារដោយភាន់ច្រឡំលើកោសិកានិងជាលិកាខ្លួនឯង) ។
ទោះជាយ៉ាងណា ក្រុមអ្នកវិទ្យាសាស្ត្រមកពីសាកលវិទ្យាល័យ Yale University សហរដ្ឋអាមេរិក និងសាកលវិទ្យាល័យ University of Erlangen-Nuremberg ប្រទេសអាល្លឺម៉ង់បាននិយាយថា របកគំហើញនេះពិតជាគួរឱ្យចាប់អារម្មណ៍ខ្លាំងណាស់ ប៉ុន្តែវាមិនមែនជារបកគំហើញសម្រាប់ព្យាបាលអ្នកជំងឺ MS ទេ ។ ពួកគេបានបន្តថា ការសិក្សានេះគឺជាលើកដំបូងដែលបង្ហាញថា ទទួលទានអំបិលច្រើនអាចបង្កើនហានិភ័យពីជំងឺ Autoimmune System» ។
ចណែកលទ្ធផលនៃការសិក្សាស្រាវជ្រាវកាលពីពេលមុននេះរបស់មូលនិធិស្រាវជ្រាវជំងឺមហារីកចក្រភពអង់គ្លេស ក៏បានបង្ហាញដែរថា កាត់បន្ថយការទទួលទានអំបិលគឺមានន័យថាកាត់បន្ថយការកើតមជំងឺមហារីកក្រពះ ជំងឺឡើងឈាម ជំងឺដាច់សរសៃឈាមក្នុងខួរក្បាលនិងជំងឺបេះដូង ។
លោកវេជ្ជបណ្ឌិត Rachel Thompson អនុប្រធានផ្នែកវិទ្យាសាស្ត្ររបស់មូលនិធិស្រាវជ្រាវមហារីកពិភពលោក(WCRF)បានថ្លែងថា យើងចង់ឱ្យប្រជាជនបានដឹងអំពីទំនាក់ទំនងរវាងអំបិល និងជំងឺទាំងនេះ ។
ស្ថិតិដែលប្រមូលបានដោយមូលនិធិស្រាវជ្រាវជំងឺមហារីកចក្រភពអង់គ្លេសបានបង្ហាញថា ការប្រើប្រាស់អំបិលប្រចាំថ្ងៃជាមធ្យមគឺ៨,៦ក្រាម- ចំនួននេះគឺច្រើនជាង៤០%លើសចំនួនកំណត់ប្រចាំថ្ងៃត្រឹម៦ក្រាម ។ វេជ្ជបណ្ឌិតThompson បានបន្ថែមថា សព្វថ្ងៃនេះមនុស្សមួយចំនួនធំកំពុងប្រើប្រាស់អំបិលប្រចាំថ្ងៃក្នុងបរិមាណច្រើន ។
ដោយសាតែមហារីកក្រពះជាជំងឺដែលគេអាចដឹងច្បាស់នៅពេលវាកើតមានទៅហើយនោះ ដូច្នេះមានអ្នកជំងឺប្រមាណជា១៥%ប៉ុណ្ណោះអាចរួចរស់ជីវិតបានរយៈពេលជាង៥ឆ្នាំនេះ ។ បញ្ហានេះបានធ្វើឱ្យអំបិលក្លាយជាមូលហេតុនៃការស្លាប់ដោយមហារីកក្រពះលើពិភពលោកជាពិសេសគឺនៅចក្រភពអង់គ្លេសដែលវាស្ថិតនៅលំដាប់ទី៧ ៕
ចែករំលែកព័តមាននេះ