អ្នកវិទ្យាសាស្ត្របានអះអាងថា កម្រិតសារធាតុដែកខ្ពស់ខ្លាំងនៅក្នុងសាច់ក្រហមជាបច្ច័យនាំឱ្យអ្នកទទួលទានប្រឈមខ្លាំងទៅនឹងជំងឺមហារីកពោះវៀន ។
ការសិក្សាទៅលើសត្វកណ្តុរ ពួកអ្នកវិទ្យាសាស្ត្របានរកឃើញថា ការប្រឈមទៅនឹងជំងឺមហារីកពោះវៀនរងឥទ្ធិពលខ្លាំងពីសារធាតុដែកនិងពន្ធុ(gene)មានឈ្មោះថា APC ។ នៅពេលដែលពន្ធុ APC ដំណើរការមិនត្រឹមត្រូវ សត្វកណ្តុរដែលគេឱ្យចំណីមានសារធាតុដែកច្រើន ប្រឈមនឹងការកើតជំងឺមហារីកពោះវៀន២ទៅ៣ដងធៀបទៅនឹងសត្វកណ្តុរដែលគេឱ្យចំណីមានសារធាតុដែកទាប ។
អ្នកស្រាវជ្រាវបាននិយាយថា នៅពេលដែលពន្ធុ APC មិនដំណើរការ សារធាតុដែកបានទៅប្រមូលផ្តុំគ្នាក្នុងស្រទាប់កោសិកាពោះវៀន ។ សកម្មភាពនេះបានជំរុញឱ្យពន្ធុមហារីក ឈ្មោះ wnt កម្រើកខ្លួនឡើង ហើយបន្ទាប់មកធ្វើឱ្យកោសិកាទាំងឡាយបង្កើតកូនចៅដែលមិនអាចគ្រប់គ្រងបាន ។
អ្នកដឹកនាំការសិក្សា សាស្ត្រាចារ្យ Owen Sansom មកពីវិទ្យាស្ថានស្រាវជ្រាវជំងឺមហារីកចក្រភពអង់គ្លេសមានមូលដ្ឋាននៅក្រុងGlasgow បានថ្លែងថា យើងបានបោះ១ជំហានយ៉ាងវែងនៅក្នុងការស្វែងយល់នូវដំណើរនៃការអភិវឌ្ឍមហារីកពោះវៀន ។ វាច្បាស់ណាស់ដែលថា សារធាតុដែកដើរតួនាទីយ៉ាងសំខាន់ក្នុងការគ្រប់គ្រងការអភិវឌ្ឍមហារីកពោះវៀនលើបណ្តាអ្នកដែលពន្ធុ APC មានដំណើរការមិនប្រក្រតី ។ ប៉ុន្តែទោះជាយ៉ាងណា ការសិក្សាក៏បានបង្ហាញផងដែរថា បើទោះជាមានសារធាតុដែកច្រើនក្នុងអាហារក្តី ក៏វាមិនបណ្តាលឱ្យកើតមហារីកដែរ ប្រសិនជាពន្ធុ APC ដំណើរការដូចធម្មតា ។ ដូច្នេះអ្វីៗទាំងអស់ វាអាស្រ័យលើពន្ធុនេះផងដែរ ។
គួរកត់សម្គាល់ថា ការទទួលទានសាច់ក្រហមបានធ្វើឱ្យមនុស្ស១៧០០០នាក់ក្នុងមួយឆ្នាំកើតជំងឺមហារីកពោះវៀន ៕
ចែករំលែកព័តមាននេះ