ជាការពិតណាស់ស្ត្រីមេផ្ទះគ្រប់រូបតែងធ្វើការងារជាច្រើនក្នុងផ្ទះដូចជា បោកខោអាវ ដុសលាងចានឆ្នាំង បោសជូតសំអាតផ្ទះសម្បែង និងការងារផ្សេងៗជាច្រើនទៀត ។ កិច្ចការទាំងអស់នេះតម្រូវប្រើដោយដៃជាអវយវៈដែលមានតួនាទីយ៉ាងសំខាន់ក្នុងការចាប់កាន់វត្ថុទន់ រឹងសព្វសារពើ និងពេលខ្លះដៃត្រូវទទួលរងនូវការត្រាំទឹកយូរទៀតផង ។ ដោយសារកត្តាទាំងអស់នេះហើយជាហេតុធ្វើឲ្យដៃប្រែក្លាយទៅជាគគ្រាត គ្រើម រឹង ដាច់រលាត់ មិនគួរឲ្យចង់ឃើញ ។
ដើម្បីធ្វើឲ្យដៃទន់រលោងឡើងវិញ និងចៀសវាងកុំឲ្យមានសភាពរឹង គគ្រាត គ្រើមពិបាកមើលតទៅទៀត ស្ត្រីគ្រប់រូបគួរតែអនុវត្តតាមវិធីសាស្ត្រដូចខាងក្រោម ៖
បន្ទាប់ពីធ្វើការងាររួចរាល់មានការលាងសំអាតចានឆ្នាំជាដើម ស្ត្រីគួរត្រាំដៃនៅក្នុងចានដាក់ទឹកអំបិលដោយមានលាយជាមួយទឹកខ្មេះ ឬទឹកក្រូចឆ្មារឲ្យសមល្មម ។ បន្ទាប់មកយកម្រាមដៃទាំងដប់ឈ្លីទៅមកស្រាលៗ និងត្រូវដុសឈ្លីឲ្យបានសព្វលើប្រអប់ដៃទាំងសងខាង ដោយធ្វើបែបនេះរហូតដល់១៥នាទី ហើយជូតចេញដោយក្រណាត់ស្អាត ។
ចំណាំៈ មួយថ្ងៃគួរធ្វើបែបនេះម្តង ឬពីរដងក៏បាន ។ ការធ្វើបែបនេះយូរៗទៅ អាចឲ្យបាតដៃរលោងទន់ល្មើយ ពិសេសម្រាមដៃស្រលូនស្អាតសមសួនទៅនឹងប្រអប់ដៃស្រទន់ស្រស់ថ្លាគួរឲ្យទាក់ទាញ ។ ប៉ុន្តែអ្វីដែលសំខាន់បន្ទាប់ពីអនុវត្តវិធីសាស្ត្រទាំងនេះ ស្ត្រីគ្រប់រូបក៏ត្រូវមានឡេសម្រាប់លាបបន្ថែមដើម្បីផ្តល់សំណើមដល់ស្បែកផងដែរ បើទោះជារវល់យ៉ាងណាក៏ត្រូវតែឆ្លៀតពេលដើម្បីភាពស្រស់ស្អាតនៃប្រអប់ដៃរបស់សុភាពនារីយើង ៕


ចែករំលែកព័តមាននេះ