ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រក​ឃើញ​កម្មករ​រោងចក្រ​ស្តា​ម៉ា​ស្ទ័​រ និង​ហ្វ្រែ​ង (​ខេ​ម​បូ​ឌា​) វិជ្ជមាន​កូ​វី​ដ​២៤៦​នាក់​បន្ថែម​ទៀត

3 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្តកណ្ដាល ៖ លទ្ធផល​នៃ​ការ​យក​សំណាក​ធ្វើតេស្ត នៅ​ថ្ងៃ​ទី​២៥ និង​ទី​២៦ ខែមេសា ឆ្នាំ​២០២១ ក្រុម​គ្រូពេទ្យ​បាន​រក​ឃើញ​កម្ម​កករ​កម្មការិនី​រោងចក្រ​ស្តា​ម៉ា​ស្ទ័​រ & ហ្វ្រែ​ង…

ខេត្តកណ្ដាល ៖ លទ្ធផល​នៃ​ការ​យក​សំណាក​ធ្វើតេស្ត នៅ​ថ្ងៃ​ទី​២៥ និង​ទី​២៦ ខែមេសា ឆ្នាំ​២០២១ ក្រុម​គ្រូពេទ្យ​បាន​រក​ឃើញ​កម្ម​កករ​កម្មការិនី​រោងចក្រ​ស្តា​ម៉ា​ស្ទ័​រ & ហ្វ្រែ​ង (​ខេ​ម​បូ​ឌា​) ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុងភូមិ​ព្រៃ​ពពេល ឃុំ​ពើក ស្រុក​អង្គស្នួល ខេត្តកណ្តាល​មាន​វិជ្ជមាន​ជម្ងឺ COVID-19 សរុប​២៤៦​នាក់​បន្ថែម​ទៀត​ហើយ ។

ដែល​ការ​ឆ្លង​យ៉ាង​ឆាប់រហ័ស និង​មាន​ចំនួន​ច្រើន​បែប​នេះ ត្រូវ​បាន​មើលឃើញ​មួយ​ជ្រុង​ថា អាច​ផ្ដើម​ចេញ​កម្មករ​ដែល​មាន​វិជ្ជមាន និង​អវិជ្ជមាន​កូ​វី​ដ​ជិះ​រថយន្ត​ទៅ​មក​ធ្វើការ​ឡូ​កឡំ​គ្នា ដោយ​ពុំ​បានដឹង​ខ្លួន ហើយ​លទ្ធផល​បែប​នេះ​ពិតជា​ធ្វើ​ឲ្យ​អាជ្ញាធរ​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង ។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ដោយសារ​តែ​កន្លង​មក​កម្មករ កម្មការិនី ទាំងនោះ​បាន​ប៉ះពាល់​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​មើល​ពុំ​ដឹង​ថា នរណា​ម្នាក់​មាន​ផ្ទុក​ជម្ងឺ COVID-19​នោះ​ទើប​ពួក​គាត់​ទាំងនោះ​បាន​ស្ម័គ្រចិត្ត​ចូល​យក​សំណាក​ដោយ​ខ្លួន​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​អង្គស្នួល ហើយ​យោង​តាម​លទ្ធផល​នៃ​ការ​យក​សំណាក​ធ្វើតេស្ត​នា​វេលា​ល្ងាច​ថ្ងៃ​ទី​២៥ ខែមេសា ឆ្នាំ​២០២១ ក្រុម​គ្រូពេទ្យ​បាន​រក​ឃើញ​អ្នក​វិជ្ជមាន​ចំនួន​១៤​នាក់ ។

ដោយឡែក នៅ​ថ្ងៃ​ទី​២៦ ខែមេសា ឆ្នាំ​២០២១ ក្រុមការងារ​បាន​បន្ត​យក​សំណាក​ធ្វើតេស្ត​ជូន​កម្មករ កម្មការិនី​រោងចក្រ​នេះ​ទៀត ហើយ​លទ្ធផល​បាន​រក​ឃើញ​អ្នកមាន​វិជ្ជមាន​ចំនួន​២៣២​នាក់​បន្ថែម​ទៀត ដូច្នេះ​សរុប​ទាំង​២​ថ្ងៃ រក​ឃើញ​អ្នក​វិជ្ជមាន​ជម្ងឺ​COVID-19​នេះ​ចំនួន​២៤៦​នាក់ ។

ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ទៀត​ថា ក្រោយ​ពី​ការ​រក​ឃើញ​ឆ្លង​យ៉ាង​ឆាប់រហ័ស និង​មាន​ចំនួន​ច្រើន​បែប​នេះ បាន​ធ្វើ​ឲ្យ​អាជ្ញាធរ​មានការ​ព្រួយបារម្ភ​ខ្លាំង​ណាស់ ហើយ​លោក​គង់ សោភ័ណ អភិបាលខេត្ត​កណ្ដាល​បាន​ដឹកនាំ​មន្ត្រី​ពាក់ព័ន្ធ​ទាំងអស់ បើក​ការ​ប្រជុំ​បន្ទាន់​មួយ​ទាំង​យប់ នៅ​សាលាស្រុក​អង្គស្នួល ។

ដើម្បី​រក​វិធី​ទប់ទល់ និង​ស្រាវជ្រាវ​តាម​រក​អ្នក​ពាក់ព័ន្ធ​ដោយ​ផ្ទាល់​និង​ប្រយោល​ជាមួយ​អ្នកជម្ងឺ​ទាំងនោះ ដើម្បី​យក​សំណាក​ធ្វើតេស្ត និង​ងាយ​នាំ​យក​ទៅ​ព្យាបាល ព្រមទាំង​ទប់ស្កាត់​ការ​ឆ្លង​រីក​រាលដាល​ជម្ងឺ​COVID-19​បន្ត​ទៀត ។

សូម​រម្លឹក​ផង​ដែរ​ថា កាលពី​ថ្ងៃ​ទី​២៣ ខែមេសា ឆ្នាំ​២០២១ ក្រុម​គ្រូពេទ្យ​ជំនាញ​បាន​ចាប់ផ្ដើម​យក​សំណាក​កម្មករ​កម្មការិនី​រោងចក្រ ស្តា​ម៉ា​ស្ទ័​រ និង ហ្វ្រែ​ង (​ខេ​ម​បូ​ឌា​) ធ្វើតេស្ត​លើ​កម្មករ​កម្មការិនី​ទាំងនោះ ហើយ​ជា​លទ្ធផល​បាន​រក​ឃើញ​អ្នកមាន​វិជ្ជមាន​២១​នាក់ ។ លុះដល់​ថ្ងៃ​ទី​២៤ ខែមេសា ក្រុមការងារ​គ្រូពេទ្យ​បាន​បន្ត​ធ្វើតេស្ត​ទៀត ហើយ​បាន​រក​ឃើញ​អ្នក​វិជ្ជមាន​រហូត​ដល់​ចំនួន​១៩៧​នាក់​បន្ថែម​ទៀត ដែល​សរុប​ទាំង​២​ថ្ងៃ​២១៨​នាក់​រួច​មក​ហើយ ។

ប៉ុន្តែ​ទោះបីជា​បែប​ណា​នេះ គ្រាន់តែ​ជា​លទ្ធផល​បឋម​ប៉ុណ្ណោះ ដោយ​ពុំ​បាន​ឆ្លងកាត់​ការ​ធ្វើតេស្ត នៅ​វិទ្យាស្ថាន​សុខភាព​សាធារណៈ​មួយ​ជំ​ហ៊ាន​ទៀត​ឲ្យ​កាន់តែ​សុ​ក្រិត​នៅឡើយ​ទេ ។

ប្រភព​ខាងលើ​បាន​បន្ត​ថា ក្រៅពី​រោងចក្រ​ស្តា​ម៉ា​ស្ទ័​រ & ហ្វ្រែ​ង (​ខេ​ម​បូ​ឌា​) ក៏​មាន​កម្មករ កម្មការិនី រោងចក្រ​ចំនួន​៥​ផ្សេង​ទៀត ត្រូវ​យក​សំណាក​បន្តបន្ទាប់​ដែរ​ព្រោះ​សង្ស័យ​ថា ពួក​គាត់​ជាប់​ពាក់ព័ន្ធ​ជាមួយ​កម្មករ​រោងចក្រ​ខាងលើ​ដែរ ដោយ​ការ​ជិះ​រថយន្ត​ចេញពីផ្ទះ​ទៅ​ធ្វើការ​ជាមួយ​គ្នា និង​ពេល​ចេញពី​ធ្វើការ​ទៅ​ផ្ទះ​ក៏​ជាមួយ​គ្នា ដោយ​ពុំ​ដឹង​ថា នរណា​ម្នាក់​ឆ្លង ឬ​មិន​ឆ្លង​រោគ​នេះ​ឡើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ