ខេត្តស្វាយរៀង ៖ ព្រឹកថ្ងៃទី១៥ តុលានេះ ប្រធានក្រុមប្រឹក្សាខេត្តអភិបាលខេត្ត អភិបាលរងខេត្ត កងកម្លាំងប្រដាប់អាវុធទូទាំងខេត្តស្វាយរៀង ព្រមទាំងមន្ត្រីរាជការ ប្រជាពលរដ្ឋប្រមាណជាង១.០០០នាក់បានចូលរួមគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្ដេចព្រះនរោត្ដម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ គម្រប់ខួប៣ឆ្នាំ។
ពិធីនេះបានធ្វើឡើងនៅសួនពោធិ៍ព្រឹក ស្ថិតក្នុងភូមិរោងបន្លែ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង។
សូមបញ្ជាក់ថា ព្រះករុណា ព្រះបាទនរោត្តម សីហនុព្រះបរមរតនកោដ្ឋបានយាងចូលទិវង្គតនៅថ្ងៃទី១៥ តុលា ២០១២ នៅក្រុងប៉េកាំង ប្រទេសចិន ទីដែលព្រះអង្គយាងទៅពិនិត្យព្រះរាជសុខភាព។
ព្រះអង្គយាងចូលទិវង្គតក្នុងព្រះជន្មាយុ៩០ព្រះវស្សា ហើយនៅថ្ងៃបុណ្យគម្រប់ខួប០៣ឆ្នាំ នៃការយាងចូលទិវង្គតនេះអាជ្ញាធរ និងក្រុមប្រឹក្សាខេត្តបានដឹកនាំមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធប្រជាពលរដ្ឋក្នុងខេត្តស្វាយរៀងរៀបចំពិធីគោរពវិញ្ញាណក្ខន្ធ និងពិធីរាប់បាត្រប្រគេនព្រះសង្ឃចំនួន១២០អង្គដើម្បីឧទ្ទិសព្រះមហាកុសលថ្វាយដល់ព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ៕
ចែករំលែកព័តមាននេះ