រាជធានីភ្នំពេញ ៖ អ្នកជំនាញឯកទេសអាហារូបត្ថម្ភបានលើកឡើងថា ជាតិកាល់ស្យូមគឺជាសារធាតុរ៉ែដ៏សំខាន់សម្រាប់ជួយឲ្យឆ្អឹងនិងធ្មេញរឹងមាំអំឡុងពេលកុមារភាព និងវ័យជំទង់។ ជាងនេះទៀត កុមារ និងទារក ដែលមិនបានទទួលជាតិកាល់ស្យូម និងវីតាមីនDគ្រប់គ្រាន់អាចមានការកើនឡើងនូវហានិភ័យចំពោះជំងឺក្រិន ។
លោកស្រីវេជ្ជបណ្ឌិត ជា ម៉ារី ឯកទេសអាហារូបត្ថម្ភពីវិទ្យាស្ថានសុខភាពសាធារណៈ និងបានទទួលអនុបណ្ឌិតផ្នែកសុខភាពនិងអភិវឌ្ឍន៍អន្តរជាតិពីសាកលវិទ្យាល័យ Flinders ប្រទេសអូស្ត្រាលីបានពន្យល់ក្នុងកម្មវិធីមួយដែលរៀបចំឡើងដោយក្រុមហ៊ុនសាណូហ្វីកម្ពុជាថា ជាតិកាល់ស្យូមគឺជាសារធាតុរ៉ែដែលសំខាន់សម្រាប់ជួយឲ្យឆ្អឹងនិងធ្មេញរឹងមាំអំឡុងពេល កុមារភាពនិងវ័យជំទង់ ។ ជាតិកាល់ស្យូមមានតួនាទីផ្សេងទៀតនៅក្នុងរាងកាយរាប់បញ្ចូលទាំងមុខងារបេះដូង ។ វ័យកុមារភាពនិងទារក ដែលមិនបានទទួលជាតិកាល់ស្យូម និងវីតាមីនDគ្រប់គ្រាន់ (ដែលជាជំនួយក្នុងការស្រូបយកជាតិកាល់ស្យូមក្នុងខ្លួន)អាចមានការកើនឡើងហានិភ័យចំពោះជំងឺក្រិន ។
លោកស្រីវេជ្ជបណ្ឌិតឲ្យដឹងទៀតថា ជំងឺក្រិសគឺជាជំងឺឆ្អឹងទន់មួយដែលក្បាលជង្គង់ងាកចូលគ្នា ឬជើងកោង ការលូតលាស់យឺតហើយពេលខ្លះមានការឈឺចាប់សាច់ដុំ និងសាច់ដុំខ្សោយ ។ ការទទួលទានជាតិកាល់ស្យូមគ្រប់គ្រាន់ជាប្រចាំក្នុងអំឡុងពេលកុមារភាពគឺជារឿងចាំបាច់សម្រាប់ការអភិវឌ្ឍនៃឆ្អឹងឲ្យលូតលាស់ជាអតិបរមា ។ នៅពេលកុមារទទួលបានសារធាតុបំប៉នកាល់ស្យូម ការហាត់ប្រាណគ្រប់គ្រាន់ និងវីតាមីនD គឺជាការចាំបាច់សម្រាប់ការឆ្លើយតបទៅនឹងការលូតលាស់ជាអតិបរមា ។ កំឡុងពេលកុមារភាព និងវ័យជំទង់ពួកគេអាចចាប់ផ្តើមជីវិតជាមួយឆ្អឹងដ៏រឹងមាំ និងសុខភាពល្អ ។
លោកស្រីបានលើកឡើងថា សម្រាប់សុខភាពឆ្អឹងដ៏រឹងមាំបំផុត វិទ្យាស្ថានវេជ្ជសាស្ត្រ បានណែនាំថា ៖
១-កុមារអាយុចាប់ពី១ឆ្នាំទៅ៣ឆ្នាំ ត្រូវការកាល់ស្យូមចំនួន៧០០មីល្លីក្រាមជាប្រចាំថ្ងៃ
២-កុមារអាយុចាប់ពី៤ឆ្នាំទៅ៨ឆ្នាំ ត្រូវការកាល់ស្យូមចំនួន១០០០មីល្លីក្រាមជាប្រចាំថ្ងៃ
៣-កុមារអាយុចាប់ពី៩ឆ្នាំទៅ១៨ឆ្នាំ ត្រូវការកាល់ស្យូមចំនួន១៣០០មីល្លីក្រាម ជាប្រចាំថ្ងៃ
ក្នុងឱកាសនោះ នាយិកាគ្រប់គ្រងក្រុមហ៊ុនសាណូហ្វីកម្ពុជា លោកស្រី ង្វៀង ធីង៉ុកម៉ីញបានឲ្យដឹងថា កម្មវិធីពេលនេះយើងនិយាយពី«ម្តាយរបស់ខ្ញុំ កូនរបស់ខ្ញុំ» មានគោលបំណងបង្កើតឡើងដើម្បីឲ្យប្រាកដថាមាតាបិតាបានយល់ដឹងពីការជ្រើសរើសរបៀបថែទាំសុខភាពរបស់អ្នកម្តាយខ្លួនឯងផ្ទាល់ ព្រមទាំងបុត្ររបស់គាត់ ។ លោកស្រីបន្តទៀតថា ក្រុមហ៊ុនសាណូហ្វីមានផលិតផលជាឱសថច្រើនមុខដែលយើងមិនចង់ផ្តោតទៅលើទីផ្សារលក់តែមួយមុខទេ យើងចង់ឲ្យអ្នកប្រើប្រាស់ចេះជ្រើសរើសអាហារូបត្ថម្ភ និងសារធាតុបំប៉នដែលត្រឹមត្រូវ។ ពលរដ្ឋកម្ពុជាមួយចំនួនមានការយល់ដឹង និងយកចិត្តទុកដាក់តិចតួចចំពោះផលប្រយោជន៍របស់ជីវជាតិកាល់ស្យូមសម្រាប់កូនរបស់ពួកគេ ។
លោកស្រីបានឲ្យដឹងតាមរយៈអង្គការសុខភាពពិភពលោកប្រាប់ថា នៅត្រីមាសចុងក្រោយមុនពេលសម្រាលកូនជាពេលវេលាដែលសំខាន់បំផុតសម្រាប់ការលូតលាស់ឆ្អឹង និងធ្មេញ ក្នុងនោះទារកត្រូវការស្រូបយកជាតិកាល់ស្យូមពីម្តាយដើម្បីជំនួយដល់ការលូតលាស់របស់ឆ្អឹង ធ្មេញ បេះដូង និងការអភិវឌ្ឍសាច់ដុំ ។
យោងតាមទិន្នន័យរបស់ការអង្កេតផ្នែកសុខភាព និងប្រជាសាស្ត្រកម្ពុជា (CDHS) ឆ្នាំ២០១៤ បានឲ្យដឹងថា នៅកម្ពុជាមាន៣២%នៃកុមារដែលមានអាយុក្រោម៥ឆ្នាំ ជួបបញ្ហាមិនលូតកម្ពស់ឲ្យស្របនឹងវ័យ ៕
ចែករំលែកព័តមាននេះ