ក្រុមអ្នកស្រាវជ្រាវបានព្រមានថា បណ្តាស្ត្រីដែលជក់បារីក្នុងចំនួនតិចត្រឹម១ដើមក្នុង១ថ្ងៃក៏អាចប្រឈមនឹងការស្លាប់ពីជំងឺគាំងបេះដូងយ៉ាងខ្ពស់បានដែរ ។ ការប្រឈមនេះមានដល់ទៅ២ដងឯណោះបើប្រៀបធៀបជាមួយស្ត្រីដែលមិនចេះជក់ ។
ការសិក្សាដែលធ្វើឡើងដោយអ្នកវិទ្យាសាស្ត្រប្រទេសកាណាដាបានរកឃើញថា ស្ត្រីជក់បារីប្រឈមនឹងគ្រោះថ្នាក់ពីជំងឺបេះដូងខ្ពស់ហួសពីការស្មាន ហើយហានិភ័យដ៏ខ្ពស់នេះអាចនឹងថយចុះវិញក្នុងអំឡុងពេល៥ឆ្នាំ ប្រសិនជាគេបោះបង់ចោលការជក់ ។
Roopinder Sandhu អ្នកដឹកនាំការស្រាវជ្រាវមកពីវិទ្យាស្ថានសុខភាពសាកលវិទ្យាល័យ Alberta ប្រទេសកាណាដាថ្លែងថា ការស្លាប់ដោយបេះដូងឈប់ដើរភ្លាមៗគឺជាសញ្ញាដំបូងនៃជំងឺបេះដូងក្នុងចំណោមស្ត្រីដែលជក់បារី ។ ដូច្នេះការផ្លាស់ប្តូរបែបបទនៃការរស់នៅគឺពិតជាសំខាន់ខ្លាំងណាស់។ ការសិក្សារបស់យើងបានបង្ហាញថា ជក់បារីជាកត្តាប្រឈមដ៏សំខាន់មួយសម្រាប់មូលហេតុនៃការស្លាប់ដោយជំងឺគាំងបេះដូង ។ បោះបង់ចោលការជក់បារីមុនកើតជំងឺបេះដូងគឺពិតជាកត្តាសំខាន់ ។
វេជ្ជបណ្ឌិតរូបនេះបានបន្ថែមថា យ៉ាងណាក៏ដោយមកទល់នឹងពេលនេះ យើងនៅមិនទាន់ដឹងច្បាស់ពីបរិមាណនិងរយៈពេលជក់ដែលប៉ះពាល់លើស្ត្រីមានសុខភាពល្អនោះទេ ។
ដោយឡែក ការសិក្សាដ៏ធំមួយរបស់សហរដ្ឋអាមេរិកកាលពីឆ្នាំ២០១១ ក៏បានរកឃើញដែរថា ស្ត្រីជក់បារីប្រឈមនឹងការកើតជំងឺបេះដូង២៥ភាគរយខ្ពស់ជាងបុរសដែលជាអ្នកជក់បារីដូចគ្នា ៕
ចែករំលែកព័តមាននេះ