ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងកសិកម្ម​កំពុង​ជំរុញ​ការងារ​អាទិភាពមួយ​ចំនួន​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ក្នុង​វិស័យ​កសិកម្ម

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ទោះជា​កម្ពុជា​នៅ​មាន​បញ្ហា​ប្រឈម​មួយ​ចំនួន​ក្នុង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម ពិសេស​គឺ​ផលិតភាព​កសិកម្ម​នៅ​មាន​កម្រិត និង​ការ​ប្រកួតប្រជែង​ទីផ្សារ​នៃ​ផលិតផល​កសិកម្ម​នៅ​ពុំ​ទាន់​ដោះស្រាយ​បាន​ល្អ​ប្រសើរ ដែល​ទាំងនេះ​ជា​ហេតុ​ធ្វើ​ឱ្យ​កសិករ​កម្ពុជា​មានការ​លំបាក ។ ឯកឧត្តម​វេ​ង សា​ខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ…

រាជធានី​ភ្នំពេញ ៖ ទោះជា​កម្ពុជា​នៅ​មាន​បញ្ហា​ប្រឈម​មួយ​ចំនួន​ក្នុង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម ពិសេស​គឺ​ផលិតភាព​កសិកម្ម​នៅ​មាន​កម្រិត និង​ការ​ប្រកួតប្រជែង​ទីផ្សារ​នៃ​ផលិតផល​កសិកម្ម​នៅ​ពុំ​ទាន់​ដោះស្រាយ​បាន​ល្អ​ប្រសើរ ដែល​ទាំងនេះ​ជា​ហេតុ​ធ្វើ​ឱ្យ​កសិករ​កម្ពុជា​មានការ​លំបាក ។

ឯកឧត្តម​វេ​ង សា​ខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ បាន​មាន​ប្រសាសន៍​ថា ដើម្បី​ឆ្លើយ​តប និង​ដោះស្រាយ​រាល់​បញ្ហា​ប្រឈម​ដែល​កំពុង​រាំងស្ទះ​ដល់​កំណើន​នៃ​ការ​អភិវឌ្ឍ​ក្នុង​វិស័យ​កសិកម្ម ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​បាន និង​កំពុង​ផ្តោត​ជា​សំខាន់​លើ​ការងារ​អាទិភាព​មួយ​ចំនួន​រួម​មាន​៖

១- ជំរុញ​ការ​អភិវឌ្ឍ​ដំណាំ​ស្រូវ ដំណាំ​សាកវប្បកម្ម​និង​ដំណាំ​ឧស្សាហកម្ម ដោយ​លើកកម្ពស់​ផលិតភាព គុណភាព និង​សុវត្ថិភាព ដើម្បី​ផ្គត់ផ្គង់​តម្រូវការ​ប្រើប្រាស់ និង​ទីផ្សារ​ក្នុងស្រុក តាម​រយៈ​ការ​ប្រើប្រាស់​ពូជ​ដំណាំ​មានគុណ​ភាព ការ​ធ្វើ​ពិពិធ​កម្ម​ប្រភេទ​ដំណាំ ការ​អនុវត្ត​បច្ចេកទេស​ទំនើប ការ​លើកកម្ពស់​ការ​អនុវត្ត​កសិកម្ម​ល្អ និង​ការ​ផ្តល់​សេវា​បច្ចេកទេស​កសិកម្ម​ថ្មី និង​បច្ចេកវិទ្យា​វៃឆ្លាត​ធន់​នឹង​អាកាសធាតុ​ដល់​កសិករ និង​សហគមន៍​កសិកម្ម​។

ពង្រឹង​វិធានការ​ការពារ​ដំណាំ អនាម័យ និង​ភូតគាម​អនាម័យ ដើម្បី​កាត់​បន្ថយ​ការ​រាតត្បាត​សមាសភាព​ចង្រៃ ព្រមទាំង​ត្រូវ​ត្រៀម​បម្រុង​គ្រាប់ពូជ​ដំណាំ​សម្រាប់​ចែក​ជូន​ដល់​កសិករ ដើម្បី​ស្តារ​ផលិតកម្ម​ដំណាំ​នៅ​តាម​តំបន់​ដែល​រង​គ្រោះ​ដោយសារ​កត្តា​ធម្មជាតិ​។ បន្ថែម​លើស​ពី​នេះ ក្រសួង​បន្ត​ជួយ​ដល់​ប្រជា​កសិករ​តាម​គ្រប់​រូបភាព​សំដៅ​ដល់​ការ​បង្កើត​កសិដ្ឋាន​ថ្មី​ៗ ព្រមទាំង​គាំទ្រ និង​ពង្រីក​ទំហំ​ផលិតកម្ម​ស្បៀង​ដែល​ឆាប់​ផ្តល់​ផល​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​។

២- ជំរុញ​ការ​ចិញ្ចឹមសត្វ ធានា​ការ​ផ្គត់ផ្គង់​សាច់ និង​ផលិតផល​ស​សាច់​ដែល​មានគុណ​ភាព អនាម័យ និង​សុវត្ថិភាព សម្រាប់​បំពេញតម្រូវការ​ហូប​ចុក​របស់​ប្រជាពលរដ្ឋ លើកទឹកចិត្ត​ដល់​ប្រជា​កសិករ​ដែល​ចិញ្ចឹមសត្វ​ជា​លក្ខណៈ​គ្រួសារ​ឱ្យ​បង្កើន​ការ​ចិញ្ចឹម និង​ឈាន​ទៅ​ប្រែ​ក្លាយទៅជា​ការ​ចិញ្ចឹមសត្វ​ជា​លក្ខណៈ​ពាណិជ្ជកម្ម​។ ជំរុញ​ផលិតកម្ម​ចំណី​សត្វ បង្កើន​ទុន​សម្រាប់​ការ​ទិញ​វត្ថុធាតុដើម​ក្នុងស្រុក ធានា​នូវ​គុណភាព សុវត្ថិភាព និង​មាន​តម្លៃ​សម​ស្រប​។

៣- ជំរុញ​ការ​អភិវឌ្ឍ​វារីវប្បកម្ម​គ្រប់​រូបភាព​ដល់​ប្រជា​កសិករ និង​អ្នក​វិនិយោគ ដើម្បី​ធានា​បាន​នូវ​ការ​ផ្គត់ផ្គង់​ត្រី រក្សា​បាន​តុល្យភាព​តម្លៃ​ទីផ្សារ ព្រមទាំង​ធានា​បាន​នូវ​គុណភាព និង​សុវត្ថិភាព​ដល់​អ្នក​បរិភោគ បង្កើន​ការ​ផលិត​កូន​ត្រី​ពូជ​ឱ្យ​បាន​គ្រប់គ្រាន់ ដើម្បី​ចែកចាយ​ដល់​កសិករ​នៅ​តំបន់​ដែល​មាន​សក្តានុពល​ក្នុង​ការ​ធ្វើ​វារីវប្បកម្ម ផ្តល់​ការ​គាំទ្រ​ទាំង​ផ្នែក​បច្ចេកទេស និង​ធនធាន​ហិរញ្ញវត្ថុ​ដល់​សហគមន៍​នេសាទ ដើម្បី​បង្កើន​ប្រាក់​ចំណូល​បន្ថែម​។

៤- រៀបចំ​កសាង​គម្រោង ផែនការ​ផលិតកម្ម​ស្បៀង ស្រប​តាម​ផែនការមេ​វិស័យ​កសិកម្ម​ឆ្នាំ​២០៣០ និង​ជំរុញ​ការ​អនុវត្ត​ផែនការ​សកម្មភាព​នេះ ដើម្បី​បង្កើន​ផលិតកម្ម​ស្បៀងអាហារ (​បន្លែ ផ្លែ​ឈើ ត្រី សាច់​) សម្រាប់​ផ្គត់ផ្គង់​សេចក្តី​ត្រូវការ​ហូប​ចុក​ក្នុង​ប្រទេស​ឱ្យ​បាន​គ្រប់គ្រាន់​ក្នុង​បរិការណ៍​នៃ​ជំងឺ​កូ​វី​ដ​-១៩​នេះ​។

ឯកឧត្តម​បាន​បន្ត​ថា ស្ថិត​នៅ​ក្នុង​បរិបទ​នៃ​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ដាក់​ចេញ និង​បាន​អនុវត្ត​កម្មវិធី​សាច់ប្រាក់​ពលកម្ម​សម្រាប់​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ជនបទ ដើម្បី​ដោះស្រាយ​ការងារ​ធ្វើ​ដល់​អ្នក​បាត់បង់​ការងារ កម្មវិធី​ផ្តល់​ប្រាក់​ឧបត្ថម្ភ​សម្រាប់​កម្មករ​និ​យោ​ជិ​ក និង​គ្រួសារ​ក្រីក្រ ការ​ជួយ​រក​ការងារ​ធ្វើ​ឱ្យ​កម្មករ​តាម​រយៈ​ទីភ្នាក់ងារ​ជាតិ​មុខរបរ​និង​ការងារ កម្មវិធី​ផ្តល់​ប្រាក់​កម្ចី​ដែល​មានការ​ប្រាក់​ទាប​ដល់​សហគ្រាស​ធុន​តូច​និង​មធ្យម និង​កសិកម្ម ការ​ផ្តល់​ធនធាន​បន្ថែម​សម្រាប់​ការ​បង្កើន​ផលិតកម្ម​ស្បៀង និង​ការ​លើកលែង​ពន្ធ​មួយ​ចំនួន​ទៀត​ផង​ដែរ​។

ស្ថិត​ក្នុង​បរិបទ​នេះ ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​និង​កំពុង​អនុវត្ត​គម្រោង​ឆ្លើយ​តប​បន្ទាន់​ទៅ​នឹង​ជំងឺ​កូ​វីត​១៩​ផង​ដែរ តាម​រយៈ​ការ​អនុវត្ត​ក្របខ័ណ្ឌ​គម្រោង​ពិពិធ​កម្ម​កសិកម្ម​កម្ពុជា ដែល​គាំទ្រ​ហិរញ្ញប្បទាន​សហប្រតិបត្តិការ​ពី​ធនាគារពិភពលោក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ