ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រឹះស្ថាន​ហិរញ្ញវត្ថុ​កម្ពុជា​ជំរុញ​ និង​លើកទឹកចិត្ត​ដល់​អតិថិជន​កាត់​បន្ថយ​ការ​ទូទាត់​តាម​ក្រដាសប្រាក់​នៅ​ពេល​កូ​វី​ដ​១៩ ​កំពុង​រាលដាល

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កាលពី​ពេល​ថ្មី​ៗ​កន្លង​ទៅ​នេះ​ធនាគារជាតិ​នៃ​កម្ពុជា​បាន​ជំរុញ​ឱ្យ​ពលរដ្ឋ​និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ប្រើប្រាស់​ការ​ទូទាត់​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​អេ​ឡិច​ត្រូ​និក ហើយ​នៅ​ថ្ងៃ​ទី​២៣ មេ​សា ២០២១​នេះ​ដែរ សមាគម​ហិរញ្ញវត្ថុ​ពីរ​គឺ​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា និង​សមាគម​ធនាគារ​នៅ​កម្ពុជា​ក៏​បាន​ចេញ​សេចក្តី ប្រកាស​ជម​រុញ​និង​លើកទឹកចិត្ត​ដល់​អតិថិជន​របស់​ខ្លួន​កាត់​បន្ថយ​ការ​ប្រើប្រាស់​ក្រដាសប្រាក់​ដោយ​ជំនួស​មក​វិញ នូវ​ការ​ទូទាត់​តាម​បច្ចេកវិទ្យា​អេ​ឡិច​ត្រូ​និក…

រាជធានី​ភ្នំពេញ ៖ កាលពី​ពេល​ថ្មី​ៗ​កន្លង​ទៅ​នេះ​ធនាគារជាតិ​នៃ​កម្ពុជា​បាន​ជំរុញ​ឱ្យ​ពលរដ្ឋ​និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ប្រើប្រាស់​ការ​ទូទាត់​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​អេ​ឡិច​ត្រូ​និក ហើយ​នៅ​ថ្ងៃ​ទី​២៣ មេ​សា ២០២១​នេះ​ដែរ សមាគម​ហិរញ្ញវត្ថុ​ពីរ​គឺ​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា និង​សមាគម​ធនាគារ​នៅ​កម្ពុជា​ក៏​បាន​ចេញ​សេចក្តី ប្រកាស​ជម​រុញ​និង​លើកទឹកចិត្ត​ដល់​អតិថិជន​របស់​ខ្លួន​កាត់​បន្ថយ​ការ​ប្រើប្រាស់​ក្រដាសប្រាក់​ដោយ​ជំនួស​មក​វិញ នូវ​ការ​ទូទាត់​តាម​បច្ចេកវិទ្យា​អេ​ឡិច​ត្រូ​និក ។

យោង​តាម​សេចក្តីជូនដំនឹង​រួម​រវាង​សមាគម​ធនាគារ​នៅ​កម្ពុជា និង​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា បានឱ្យ​ដឹង​ថា​គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ សូម​លើកទឹកចិត្ត​ដល់​អតិថិជន​និង​សាធារណជន ធ្វើការ​ទូទាត់​តាម​ប្រព័ន្ធ អេ​ឡិច​ត្រូ​និក ដើម្បី​ជៀស​ផុត​ពី​ការ​កាន់​ក្រដាសប្រាក់​ដោយ​ផ្ទាល់ ដែល​អាច​បង្ក​ឱ្យ​មាន​ហានិភ័យ​តាម​ក្រដាសប្រាក់ ដែល​មិន​បាន​សម្លាប់​មេរោគ ។

នៅ​ក្នុង​ពេល​អាជ្ញាធរ​បិទ​ខ្ទប់​រាជធានី​ភ្នំពេញ និង​ការ​រឹត​បន្តឹង​ការ​ធ្វើ​ដំណើរ​របស់​ពលរដ្ឋ​ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​និង​ចម្លង​មេរោគ​កូ​វី​ដ​១៩​នេះ​ដែរ គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ក៏​បាន​ជម្រាប​ជូន​ដល់​អតិថិជន​របស់​ខ្លួន​ថា គ្រឹះស្ថាន​ធនាគារ​និង​មីក្រូហិរញ្ញវត្ថុ​ទទួល​បាន​ប្រាក់​បញ្ញើ រួម​ទាំង​ភ្នាក់ងារ​និង​សេវា​ធនាគារ​ហិរញ្ញវត្ថុ​ផ្សេង​ទៀត​រួម​មាន ម៉ាស៊ីន​ដក​និង​ដាក់​ប្រាក់​ស្វ័យប្រវត្តិ​នៅ​តែ​ដំណើរការ​ជា​ធម្មតា​ក្នុង​ព្រះរាជ​ណា​ចក្រ​កម្ពុជា ។

ដោយឡែក​ក្នុង​ពេល​បិទ​ខ្ទប់​រាជធានី​ភ្នំពេញ ក្រុង​តា​ខ្មៅ និង​ផ្នែក​ខ្លះ​នៃ​ខេត្ត​ព្រះ​សីហ​នុ ការិយាល័យ​មួយ​ចំនួន​នៅ​ក្នុង​តំបន់​បិទ​ខ្ទប់​នោះ ក៏​នៅ​តែ​បើក​បម្រើសេវា​ហិរញ្ញវត្ថុ​ជូន​អតិថិជន​របស់​ខ្លួន​ដដែល ដោយ​មានការ​អនុញ្ញាត​ពី​គណៈកម្មការ​ជាតិ​គ្រប់គ្រង និង​ដឹកនាំ​វិធានការ​អនុវត្ត​បិទ​ខ្ទប់​ផង​ដែរ ។

សូម​រំលឹក​ថា កាលពី​ពេល​កន្លង​ទៅ​នេះ​ដែរ ធនាគារ​និង​មីក្រូហិរញ្ញវត្ថុ​ក៏​បាន​ចេញ​សេចក្ដីជូនដំនឹង​ពី​ការ​អនុគ្រោះ ជូន​ដល់​អតិថិជន​ដែល​រង​ផល​ប៉ះពាល់​ដោយសារ​តែ​កូ​វី​ដ​១៩​ផង​ដែរ ដូច​ជា​អតិថិជន​ដែល​ឆ្លង​កូ​វី​ដ​១៩ អតិថិជន​ដែល​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក និង​អតិថិជន​ដែល​ទទួលផល​ប៉ះពាល់​ផ្សេង​ទៀត ដោយ​ពន្យារ​ការ​បង់ប្រាក់ ការ​រៀបចំ​ឥណទាន​ឡើង​វិញ​ជាដើម ។

គិត​ត្រឹម​ថ្ងៃ​ទី​២៣ មេ​សា ២០២១​នេះ ក្រសួងសុខាភិបាល​បាន​ប្រកាស​ពី​ការ​រក​ឃើញ​អ្នក​ឆ្លង​ថ្មី​នៃ​កូ​វី​ដ​១៩​ចំនួន​៦៥៥​នាក់ ដែល​ធ្វើ​ឱ្យ​អ្នក​ឆ្លង​សរុប​ក្នុង​ប្រទេស​កម្ពុជា​ហក់​ឡើង​ដល់​៨.៨៤៨​នាក់​ក្នុង​នោះ​ជា​សះស្បើយ​សុ​រប​៣១៤៨​នាក់ និង​អ្នក​ស្លាប់មាន​ចំនួន​៦១​នាក់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ