ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឱសថ​បុរាណ​ប្រភេទ​ណាខ្លះ​ដែល​អាច​ព្យាបាល​ជំងឺ​ទឹកនោមផ្អែម​បាន ?

10 ឆ្នាំ មុន

យោង​តាម​ឯកសារ​យល់​ដឹង​អំពី​ជំងឺ​ទឹកនោមផ្អែម​បាន​បង្ហាញ​ថា មាន​ឱសថ​ជា​ច្រើន​ប្រភេទ​ដែល​ប្រជាជន​និយម​យក​មក​ប្រើប្រាស់​ព្យាបាល​ជំងឺ​ទឹកនោមផ្អែម​ដោយ​ខ្លួនឯង​តាម​ជំនឿ​ត​គ្នា ដែល​ភាគច្រើន​ជា​ឱសថ​មាន​ជាតិ​ល្វីង​ដូច​ជា ផ្លែ​ម្រះ បណ្តូល​ពេ​ច ត្រប់ខា ស្លឹក​ស្តៅ ជាដើម ។ ប៉ុន្តែ​ក៏​នៅ​មាន​ឱសថ​មួយ​ចំនួន​ទៀត​ដែល​គ្មាន​រស់ជាតិ​ល្វីង តែ​ដោយ​មានការ​និយាយ​ត​គ្នា​អំពី​បទ​ពិសោធន៍​ក្នុង​ការ​ព្យាបាល​មាន​ប្រសិទ្ធភាព​ដូច​ជា ប្រទាល​កន្ទុយក្រពើ ស្លឹក​តើយ ខ្ទឹមស ខ្ទឹមបារាំង ស្លឹក​ត្របែក ដែល​អ្នក​វិទ្យាសាស្ត្រ​មួយ​ចំនួន​ក៏​ចាប់អារម្មណ៍​ជាមួយនឹង​ឱសថ​ប្រភេទ​នេះ​ដែរ ហើយ​យក​មក​ពិសោធន៍​ដើម្បី​ឲ្យ​ដឹង​ថា តើ​ឱសថ​បុរាណ​ទាំងនេះ​មាន​ប្រសិទ្ធភាព​កាត់​បន្ថយ​កម្រិត​ជាតិ​ស្ករ​បាន​ពិតមែន ឬ​យ៉ា​ង​ណា ? ខាងក្រោម​នេះ​ជា​គន្លឹះ​ពិសេស​គួរ​យល់​ដឹង ៖

១-​លទ្ធផល​នៃ​ការ​ពិសោធ​ជាមួយ​សត្វ​ឃើញ​ថា មិន​មាន​ឥទ្ធិពល​ក្នុង​ការ​កាត់​បន្ថយ​កម្រិត​ជាតិ​ស្ករ​ទេ តែបើ​យោង​លើ​ការ​សម្ភាស​មាន​អ្នកជំងឺ​ជា​ច្រើន​អះអាង​ថា ព្យាបាល​ទឹកនោមផ្អែម​បាន​ដូច​ជា ពពួក Lagestroemig speciosa ឬ​ពពួក Andrographis ជាដើម ។

២-​ពិសោធន៍​ជាមួយ​សត្វ​ឃើញ​ថា មាន​ប្រសិទ្ធភាព​កាត់​បន្ថយ​ជាតិ​ស្ករ​ពិតមែន តែ​ត្រូវ​មានការ​ពិសោធ​បន្ត​ទៀត​រហូត​ដល់​គ្រប់​ជ្រុងជ្រោយ​ទើប​អាច​យក​ជា​ការ​បាន ។ ឱសថ​ក្រុម​នេះ​មាន ផ្លែ​ម្រះ ស្លឹក​បះ ខ្ទឹម និង​ស្លឹក​ត្របែក ។

៣-​មានការ​ពិសោធ​លើ​មនុស្ស​ឃើញ​ថា មាន​ឥទ្ធិពល​ក្នុង​ការ​កាត់​បន្ថយ​ជាតិ​ស្ករ​បាន​ពិតមែន តែ​មិន​ទាន់​ប្រាកដ​ថា​អាច​ប្រើ​ជំនួស​ថ្នាំ​បច្ចុប្បន្ន​បាន​នោះ​ទេ ។ ឪ​ស​ថ​បុរាណ​ក្រុម​នេះ​មាន ប្រទាល​កន្ទុយក្រពើ ខ្ទឹមបារាំង និង​ស្មៅ​ពុកមាត់ឆ្មា ។

សរុប​ជា​រួម​ទៅ បច្ចុប្បន្ន​នេះ​នៅ​មិន​ទាន់​មាន​ឱសថ​បុរាណ​ណា​អាចយ​កមក​ប្រើ​ជំនួស​ថ្នាំ​បាន​នៅ​ឡើង​ទេ ។ ប៉ុន្តែ​ឱសថ​បុរាណ​ទាំងនោះ​យើង​កំពុង​តែ​ទទួលទាន​ជា​រាងរាល់ថ្ងៃ​មាន​ដូច​ជា​ម្រះ ខ្ទឹមបារាំង គឺ​មិន​មាន​ផល​ប៉ះពាល់​ដល់​សុខភាព​អ្វី​ឡើយ ។ ប៉ុន្តែ​លោក​អ្នក​មិន​ត្រូវ​បញ្ឈប់​ការ​ប្រើប្រាស់​ថ្នាំពេទ្យ​ជា​ដាច់ខាត ព្រោះ​ប្រសិទ្ធភាព​នៃ​ការ​ព្យាបាល​តាម​បែប​ឪ​ស​ថ​បុរាណ​នៅ​មិន​ទាន់​មាន​ភាព​ជឿរ​ជាក់​ឲ្យ​ប្រាកដ​នៅឡើយ​ទេ ៕