ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំងឺ​ទឹកនោមផ្អែម និង​តម្រងនោម​ស្ថិត​ក្នុង​ចង្កោម​ជំងឺ​រ៉ាំរ៉ៃ​ធ្ងន់ធ្ងរ​ជាងគេ​នៅ​កម្ពុជា

10 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ គ្មាន​អ្វី​គួរ​ឱ្យ​ងឿងឆ្ងល់​នោះ​ទេ ដែល​ជំងឺ​ទឹកនោមផ្អែម និង​ជំងឺ​តម្រងនោម​ស្ថិត​ក្នុង​ចំណោម​ជំងឺ​រ៉ាំរ៉ៃ​ធ្ងន់ធ្ងរ​ជាងគេ​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​មាន​មនុស្ស​ជា​ច្រើន​ដែល​កំពុង​ទទួល​រង​ផល​ប៉ះពាល់​ដោយសារ​ជំងឺ​ទាំង​ពីរ​នេះ និង​មាន​ចំនួន​កើន​ឡើងជា​រៀង​រាល់​ឆ្នាំ ហើយ​មាន​តែ​មួយ​ចំនួន​តូច​ប៉ុណ្ណោះ​ដែល​ស្វែងរក​ការ​ព្យាបាល​បាន​ត្រឹមត្រូវ ។ នេះ​បើ​យោង​តាម​ការ​ធ្វើ​បទ​បង្ហាញ​ពី​សំណាក់​លោក ស្រី​វេជ្ជបណ្ឌិត Petring Prajuabpransri វេជ្ជបណ្ឌិត​ឯកទេស​ផ្នែក​ជំងឺ​ក្រពេញ​អ័​រមូ​ន និង​លោក​វេជ្ជ​បណ្ឌិត Tatpong Chit-ua-aree វេជ្ជបណ្ឌិត​ឯកទេស​ផ្នែក​ជំងឺ​តម្រងនោម មក​ពី​មន្ទីរពេទ្យ​បំរុង​រ៉ាត់​អន្តរជាតិ Bumrunggrad International ។ ការ​ធ្វើ​បទ​បង្ហាញ​នេះ​ប្រព្រឹត្ត​ទៅ​កាលពី​ព្រឹក​ថ្ងៃ​ទី​៤ ខែតុលា ឆ្នាំ​២០១៥ នៅ​សណ្ឋាគារ Intercontinental Phnom Penh រាជធានី​ភ្នំពេញ ។

លោកស្រី​វេជ្ជបណ្ឌិត Petpring Prajuabpransjri វេជ្ជបណ្ឌិត​ឯកទេស​ផ្នែក​ជំងឺ​ក្រពេញ​អ័​រមូ​ន​បាន​ថ្លែង​ថា សព្វថ្ងៃ​មាន​ប្រជាពលរដ្ឋ​កម្ពុជា​រហូត​ដល់​ទៅ​ជាង​២​ម៉ឺន​នាក់ និង​អ្នកជំងឺ​មក​ពី​ប្រទេស​ផ្សេង​ៗ​ទៀត​មាន​ចំនួន​ជាង​៥០​ម៉ឺន​នាក់​ដែល​មាន​ជំងឺ​ទឹកនោមផ្អែម ជំងឺលើសឈាម និង​ជំងឺ​តម្រងនោម​កំពុង​ទៅ​រក​ការ​ព្យាបាល​នៅ​មន្ទីរពេទ្យ​បំរុង​រ៉ាត់​អន្តរជាតិ ។ អ្នកជំងឺ​ទឹកនោមផ្អែម និង​ជំងឺលើសឈាម​កំពុង​តែ​វាយលុក​ទៅ​លើ​មនុស្ស​គ្រប់​គ្នា និង​កំពុង​តែ​មានការ​កើន​ឡើងជា​លំដាប់​នា​ពេល​បច្ចុប្បន្ន ហើយ​វា​ក៏​ជា​ប្រភេទ​ជំងឺ​ដែល​រ៉ាំរ៉ៃ​ធ្ងន់ធ្ងរ និង​ត្រូវ​ព្យាបាល​ក្នុង​រយៈពេល​យូរ​ផង​ដែរ ។

លោកស្រី​វេជ្ជបណ្ឌិត​ក៏​បាន​បន្ត​ទៀត​ថា រាល់​អ្នក​ដែល​កើត​ជំងឺ​នេះ គួរតែ​រក​ការ​ព្យាបាល​ឱ្យ​បាន​ត្រឹមត្រូវ ដោយ​ប្រើប្រាស់​ថ្នាំ​បង្ការ និង​ធ្វើការ​ព្យាបាល​ឱ្យ​បាន​ទៀងទាត់​បំផុត ។ ជា​ពិសេស​ត្រូវ​ធ្វើការ​ផ្លាស់​ប្តូ​លើ​ការ​រស់នៅ ដោយ​ទទួលទាន​របប​អាហារ​ទៅ​តាម​ការ​ណែនាំ​របស់​គ្រូពេទ្យ​ឱ្យ​បាន​ត្រឹមត្រូវ​ចៀសវាង​កុំឱ្យ​លើស​ជាតិ​ស្ករ​ក្នុង​ខ្លួន​ជា​បន្ត​ទៀត ។ គួរតែ​ហាត់ប្រាណ​ឱ្យ​បាន​៣០​នាទី​ក្នុង​មួយ​ថ្ងៃ​យ៉ាងតិច និង​ត្រូវ​តែ​មាន​សកម្មភាព​ជា​ប្រចាំ ដើម្បី​បញ្ចុះទម្ងន់ និង​ត្រូវ​តែ​បន្ត​ព្យាបាល​ដោយ​ការ​លេបថ្នាំ និង​ចាក់​ថ្នាំ​ឱ្យ​បាន​ខ្ជាប់ខ្ជួន​ទៅ​តាម​ការ​ណែនាំ​របស់​គ្រូពេទ្យ ។

លោក​វេជ្ជបណ្ឌិត Tatpong Chit-ua-aree វេជ្ជបណ្ឌិត​ឯកទេស​ផ្នែក​ជំងឺ​តម្រងនោម​បាន​ថ្លែង​ទៀត​ថា ជំងឺ​តម្រងនោម​គឺជា​ប្រភេទ​ជំងឺ​ដែល​មិន​បង្ហាញ​ពី​រោគ​សញ្ញា​ជា​មុន​ឡើយ ហើយ​ក៏​ជា​ប្រភេទ​ជំងឺ​ដែល​រ៉ាំរ៉ៃ និង​ធ្ងន់ធ្ងរ​ផង​ដែរ​ដែល​តែង​កើតឡើង​ទៅ​លើ​អ្នក​ដែល​មាន​ជំងឺ​ទឹកនោមផ្អែម និង​លើសឈាម ។ រាល់​អ្នក​ដែល​មាន​ប្រភេទ​ជំងឺ​ទាំងនេះ គួរតែ​ទៅ​រក​ការពិគ្រោះ​ឬ​ព្យាបាល​ឱ្យ​បាន​មុន​ពេល​ដែល​ក្រលៀន​របស់​យើង​ខូច ឬ​ក៏​លែង​ដំណើរការ ។ លោក​វេជ្ជបណ្ឌិត​បាន​លើក​ឡើង​ទៀត​ថា កោសិកា​ក្រលៀន មាន​តួនាទី​ដ៏​សំខាន់​ប្រៀប​ដូច​ជា​តម្រង​កាហ្វេ​យ៉ាង​ដូច្នោះ​ដែរ ដោយ​ដើរតួ​នាទី​ជា​អ្នក​ចម្រាញ់​ជាតិពុល​ឱ្យ​ចេញពី​ខ្លួនប្រាណ​របស់​យើង និង​វា​រក្សា​ទុក​តែ​សារជាតិ​ណា​ដែល​ល្អ​ប៉ុណ្ណោះ​ដើម្បី​យក​ទៅ​ចិញ្ចឹម​រាង​កាយ​របស់​យើង​។ ប្រសិនបើ​កោសិកា​ក្រលៀន​យើង​ខូច​ហើយ​គឺ​វា​នឹង​ហូរ​ចេញ​ក្រៅ​មក​វិញ​ដែរ ដូច​ជា​ជាតិ​ប្រូ​តេ​អីុ​ន និង​ឈាម​ក៏​ហូរ​ចូល​មក​ក្នុង​ប្លោក​នោម​ដែរ បង្ក​ឱ្យ​មាន​ជាតិពុល​ច្រើន​នៅ​ក្នុង​ខ្លួន​របស់​យើង ។ ដូច្នេះ​អ្នកជំងឺ​ត្រូវ​តែ​លេប​វីតាមីន​D កាល់ស្យូម ឬ​ក៏​លេប​អ័​រមូ​ន​ដើម្បី​ធ្វើ​ឱ្យ​ដំណើរ​សម្ពាធ​ឈាម​នៅ​ក្នុង​សភាព​ធម្មតា ការពារ​ជា​សំខាន់​គឺ​ការពារ​លើសឈាម និង​កុំឱ្យ​ឡើង​ជាតិ​ស្ករ​នោះ​ខ្លាំង​ពេក ។ រាល់​អ្នកជំងឺ​ដែល​មក​ព្យាបាល​ក្រលៀន​របស់​គាត់​ម្នាក់​ៗ​គឺ​តែងតែបាន​ធ្វើ​ឡើង​នៅ​ពេល​ដែល​ជំងឺ​របស់​គាត់​ហួសពេល​ទៅ​ហើយ ដោយនៅ​សល់​តែត្រឹម​ពី​១០​ទៅ​២០%​ប៉ុណ្ណោះ ទើប​ពួក​គាត់​ដឹងខ្លួន​ថា​មាន​ជំងឺ​នេះ​ក្នុង​ខ្លួន ព្រោះ​ជា​ជំងឺ​មួយ​ដែល​កើតឡើង​ដោយ​ស្ងាត់ស្ងៀម​បំផុត ។

មន្ទីរពេទ្យ​បំរុង​រ៉ាត់​អន្តរជាតិ ត្រូវ​បាន​បង្កើត​ឡើង​នា​ឆ្នាំ​១៩៩០ ជា​មន្ទីរពេទ្យ​ពហុ​ព្យាបាល​ឯកទេស​លំដាប់​ពិភពលោក ក្នុង​រាជធានី​បាងកក​នៃ​ព្រះរាជាណាចក្រ​ថៃ​ឡង់​ដិ៍ ដែល​បច្ចុប្បន្ន​ទទួល​បាន​ចំណាត់ថ្នាក់​អន្តរជាតិ​ជា​មន្ទីរពេទ្យ​ឯកជន​ធំ​ជាងគេ​នៅ​អាស៊ី​អាគ្នេយ៍ ដែល​មាន​វេជ្ជបណ្ឌិត​ឯកទេស​សុទ្ធតែ​បាន​ឆ្លងកាត់​កម្មសិក្សា​ជា​លក្ខណៈ​សកល​ចំនួន​៩០០​នាក់ និង​មាន​បន្ទប់​អ្នកជំងឺ​ចំនួន​៥៥៤​គ្រែ មជ្ឈមណ្ឌល​ឯកទេស​ជាង​៣០​ប្រភេទ ។ ជា​រៀង​រាល់​ឆ្នាំ​មន្ទីរពេទ្យ​បំរុង​រ៉ាត់​អន្តរជាតិ តែងតែ​ទទួល​ពិនិត្យ និង​ព្យាបាល​អ្នកជំងឺ​បាន​ជាង​១​លាន​នាក់ ដោយ​ជាង​៤០​ម៉ឺន​នាក់​ជា​ជនជាតិ​បរទេស​មក​ពី​១៩០​ប្រទេស​នៅ​ទូ​ទាំង​ពិភពលោក ៕