វ័យចាប់ពី៥០ឆ្នាំឡើងទៅប្រឈមនឹង បញ្ហាដុះដុំសាច់នៅក្នុងប្លោកនោម ដែលតម្រូវការចាំបាច់នោះលោកអ្នកគួរតែទៅពិនិត្យឲ្យបានទាន់ពេលវេលានៅពេលមានរោគសញ្ញាចម្លែកពិបាកនោមដោយប្រការណាមួយ ព្រោះដុំសាច់ដែលដុះនៅក្នុងប្លោកនោមនោះអាចជាសាច់ស្លូត និងដុំសាច់កាច(មហារីក)។
លោកសាស្ត្រាចារ្យមហាបរិញ្ញាវេជ្ជបណ្ឌិត ថុង សុខហ៊ាន ឯកទេសវះកាត់ជំងឺទូទៅ និងប្រព័ន្ធមូត្រសាស្ដ្រ នៃមន្ទីរពេទ្យព្រះកុសុមៈបានប្រាប់កោះសន្តិភាពឲ្យដឹងថា ជំងឺដុំសាច់នៅក្នុងប្លោកនោមត្រូវបានគេចែកចេញជាពីរប្រភេទ ៖
១-ដុំសាច់ស្លូត គឺជាដុំសាច់ដែលអាចព្យាបាលឲ្យជាសះស្បើយបាន និងមិនដុះឡើងវិញទេ និងក៏មិនឆ្លងរាលដាលទៅសរីរាង្គផ្សេងៗទៀតឡើយ ។
២-ដុំសាច់កាច ឬមហារីក គឺជាប្រភេទដុំសាច់ដែលត្រូវព្យាបាលរយៈពេលយូរ ជាដុំសាច់ដែលអាចដុះឡើងវិញច្រើនដង បន្ទាប់ពីធ្វើការវះកាត់រួច និងអាចឆ្លងសាយភាយទៅសរីរាង្គផ្សេងៗទៀត ។
តាមការសិក្សាជាច្រើនបានបង្ហាញថា មានកត្តាច្រើនណាស់ ដែលអាចជំរុញឲ្យមានការដុះដុំសាច់ក្នុងប្លោកនោម ជាពិសេសជំងឺនេះ មិនមានរោគសញ្ញាច្បាស់លាស់ណាមួយបញ្ជាក់អំពីជំងឺដុំសាច់នៅក្នុងប្លោកនោមនោះទេ តែគេអាចសង្កេតឃើញអ្នកជំងឺមានអាការមួយចំនួនដូចជា ៖
-នោមឈាម
-នោមច្រើនដងក្នុងមួយថ្ងៃៗ
-ពេលនោមម្តងៗមានការឈឺចាប់
-នោមប្រឹងខ្លាំងតែចេញមកមិនស្រួល
-មានអារម្មណ៍ហាក់ចេញទឹកនោមមិនអស់។
ក្នុងករណីមានរោគសញ្ញាខុសប្រក្រតីណាមួយដូចនោមមានឈាមជាដើម លោកអ្នកត្រូវប្រញាប់ទៅជួបគ្រូពេទ្យឯកទេសធ្វើរោគវិនិច្ឆ័យនិងព្យាបាលឲ្យបានទាន់ពេលវេលា បង្ការកុំឲ្យរាលដាលទៅផ្នែកផ្សេង ៕
ចែករំលែកព័តមាននេះ