សហរដ្ឋអាមេរិក ៖ ក្រុមហ៊ុនផលិតឱសថដ៏ធំរបស់អាមេរិកដែលមានឈ្មោះថា Merck បានអះអាងថាឥឡូវនេះវាកំពុងឈានទៅដំណាក់កាលចុងក្រោយ នៃការសាកល្បងព្យាបាលលើថ្នាំគ្រាប់សម្រាប់លេបប្រឆាំងនឹងវីរុស ដែលអាចត្រូវប្រើដើម្បីព្យាបាលអ្នកជំងឺកូវីដ១៩ នាពេលខាងមុខ។ នេះបើតាមការចេញពីផ្សាយពីសារព័ត៌មាន NHK របស់ជប៉ុន។
ក្រុមហ៊ុន Merck កំពុងអភិវឌ្ឍថ្នាំមានឈ្មោះថា molnupiravir គឺជាប្រភេទថ្នាំគ្រាប់ ដែលត្រូវបានរចនាឡើងដើម្បីរំខានដល់សមត្ថភាពនៃការឆ្លងរបស់វីរុសកូវីដ១៩។
ក្រុមហ៊ុនខាងលើបាននិយាយកាលថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា លទ្ធផលដែលមានប្រយោជន៍លើការរំពឹងទុកនេះគឺ ទទួលបានពីការសិក្សាក្នុងគ្លីនិកនៅដំណាក់កាលទី ២ នៃថ្នាំគ្រាប់នេះ។
ក្រុមហ៊ុនបានបញ្ជាក់ថា អ្នកចូលរួមដែលមិនមែនជាអ្នកជំងឺសម្រាកក្នុងមន្ទីរពេទ្យប្រហែលជា ៣០០នាក់បានចូលរួមនៅក្នុងការសិក្សាដំណាក់កាលទី ២ នេះ ។ ដោយក្នុងនោះ រោគសញ្ញាវីរុសកូវីដ១៩ នៃអ្នកចូលរួមបានចាប់ផ្តើមកើតឡើងក្នុងរយៈពេល ៧ថ្ងៃនៃការចាប់ផ្តើមការសិក្សាដំណាក់កាលទី ២ នេះ។
ក្រុមហ៊ុនបាននិយាយថា ខណៈពេលដែលករណីពិសោធន៍នៅមានចំនួនតិចតួច ភាគរយនៃអ្នកដែលក្រោយមកបានស្លា.ប់ ឬសម្រាកនៅក្នុងមន្ទីរពេទ្យដែលព្យាបាលដោយប្រើថ្នាំ Molnupiravir មានចំនួនតិចជាងក្រុមទទួលការព្យាបាលដោយប្រើថ្នាំ Placebo។
ក្រុមអ្នកផលិតថ្នាំក៏និយាយផងដែរថា ចំនួនវីរុសនៅក្នុងខ្លួនអ្នកចូលរួមជាច្រើនបានធ្លាក់ចុះពីថ្ងៃទី ១០ រហូតដល់ថ្ងៃទី ១៥ ដោយការប្រើថ្នាំ Molnupiravir ។
ក្រុមហ៊ុនបានលើកឡើងថាលទ្ធផលនៃដំណាក់កាលទី ៣ និងដំណាក់កាលចុងក្រោយនៃការធ្វើតេស្តក្នុងគ្លីនិកត្រូវបានគេរំពឹងថា នឹងកើតឡើងនៅខែកញ្ញា ឬខែតុលា។ ស្របពេលដែលក្រុមហ៊ុនបានសម្តែងក្តីសង្ឃឹមថា ខ្លួននឹងទទួលបានការយល់ព្រមសម្រាប់ការប្រើប្រាស់ជាបន្ទាន់លើថ្នាំ Molnupiravir ពីរដ្ឋបាលចំណីអាហារ និងឪសថអាមេរិកមុនដំណាច់ឆ្នាំនេះ។
បច្ចុប្បន្នថ្នាំប្រឆាំងវីរុស Remdesivir និង Dexamethasone ជាប្រភេទស្តេរ៉ូអ៊ីត (Steroid) កំពុងត្រូវបានប្រើដើម្បីព្យាបាលអ្នកជំងឺកូវីដ១៩មានស្ថានភាពធ្ងន់ធ្ងរ៕
ចែករំលែកព័តមាននេះ