អ្នកស្រាវជ្រាវបានអះអាងថា ដើរត្រឹមតែ១០នាទីប៉ុណ្ណោះក្នុងមួយថ្ងៃអាចកាត់បន្ថយគ្រោះហានិភ័យពីជំងឺគាំងបេះដូងបានដល់៥០ភាគរយ ។ នេះមានន័យថា គ្រាន់តែហាត់ប្រាណកម្រិតស្រាលក្នុងចំនួនតិចតួចក៏មានឥទ្ធិពលយ៉ាងខ្លាំងទៅលើបុគ្គលដែលមានជីវិតទំនេរច្រើនបានដែរ ។
លោកស្រីវេជ្ជបណ្ឌិត Martha Grogan របស់ Mayo Clenic បាននិយាយនៅក្នុងព្រឹត្តិបត្រ Healthy Heart for Life ថា៖ «នៅពេលខ្ញុំប្រាប់មនុស្សម្នាថា ស្ទើរ៨០ភាគរយនៃជំងឺបេះដូងអាចការពារបាន ពួកគេភ្ញាក់ផ្អើលយ៉ាងខ្លាំង ។ ដើម្បីសម្រេចបានដូច្នេះ មានការងារប្រចាំថ្ងៃខ្លះៗដែលយើងទាំងអស់គ្នាអាចធ្វើដើម្បីរក្សាសុខភាពបេះដូង» ។ លោកស្រីបានបន្តថា បែបបទនៃការរស់នៅដោយមិនធ្វើសកម្មភាពអ្វីទាំងអស់នឹងបង្កើនគ្រោះហានិភ័យពីជំងឺគាំងបេះដូងស្ទើរស្មើនឹងការជក់បារីដែរ ។ ការធ្វើចលនា១០នាទីសម្រាប់ជនដែលគ្មានសកម្មភាពរាងកាយអាចកាត់បន្ថយអត្រាគ្រោះថ្នាក់ដោយជំងឺគាំងបេះដូងបាន៥០ភាគរយ ។
ចំណែកលោក Virend Somers ជាដៃគូស្រាវជ្រាវឯកទេសបេះដូងបានពន្យល់បន្ថែមថា ក្រៅពីការដើរ១០នាទី ដំណេកគ្រប់គ្រាន់ក៏សំខាន់ណាស់ដែរសម្រាប់សុខភាពបេះដូង ។ដំណេកពិតជាកត្តាមួយចាំបាច់ វាដូចជាអាហារនិងទឹកអីុចឹងដែរ ។ វាមិនមែនជាវត្ថុលំអនោះទេ ។ ឯវេជ្ជបណ្ឌិត Randal Thomasដែលមកពី Mayo Clinic បានចង្អុលបង្ហាញថា សម្ពាធឈាមឡើងខ្ពស់គឺជាហេតុផលមួយដែលអាចបង្កើនអត្រាគ្រោះថ្នាក់ពីជំងឺគាំងបេះដូង២០ភាគរយ ។ ចូរចាំថា ទម្លាប់រស់នៅប្រកបដោយសុខភាពអាចជួយកាត់បន្ថយភាគរយនៃគ្រោះហានិភ័យពីជំងឺមួយនេះ ៕
ចែករំលែកព័តមាននេះ