រាជធានីភ្នំពេញ ៖ បញ្ហាជំងឺកូវីដ១៩ បានក្លាយជាផ្ទាំងស៊ីបដ៏រសើបមួយដែលបានកើតឡើងនៅលើពិភពលោក។ នៅក្នុងនោះប្រទេសកម្ពុជាក៏ឃើញថា មានការឆ្លងមិនទាន់ស្រកចុះឡើយពីមួយថ្ងៃទៅមួយថ្ងៃ។ កត្តាដ៏ផុយស្រួចនេះហើយ ទើបធ្វើអោយរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងសុខាភិបាល បានសហការគ្រប់ផ្នែក ដើម្បីចាត់នូវវិធានការទប់ស្កាត់ជំងឺដ៏អាក្រក់នេះ ហើយទទូចអោយពលរដ្ឋជួយចូលរួមទាំងអស់គ្នាដើម្បីប្រឆាំងការរីករាលដាល។
លោកណុប បាយ៉ារិទ្ឋ ដែលឆ្លងនូវវីរុសកូវីដ១៩នេះ ទាំងនឹកស្មានមិនដល់បានប្រមូលនូវកម្លាំងចិត្តជាធំ ដើម្បីព្យាបាលតាមការបញ្ជារបស់ពេទ្យ។ បែបនេះហើយនូវពេលលោកសម្រាកព្យាបាល បែរជាលេចចេញនូវបុគ្គលខ្លះថា គេជួលអោយតារាសម្តែង។ ប្រការនេះ ទើបធ្វើអោយលោកមានការមិនសប្បាយចិត្ត ព្រោះយល់ថា អារម្មណ៍អ្នកឈឺជំងឺនេះលំបាកបែបណា ហើយត្រូវការលើកទឹកចិត្តសំខាន់បំផុត ដើម្បីបន្តដំណើរព្យាបាល។
លោក ណុប បាយ៉ារិទ្ឋ បានសរសេរសារនៅលើបណ្តាញគណនីរបស់លោក នាថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ ថា «ព័ត៌មានពីប្រទេសថៃ ៖ មកដល់ពេលនេះ តារាភាពយន្ត តារាចម្រៀង តារាកំប្លែង៣០នាក់ និង Miss Eco international Thailand ២០២០ ក៏បានឆ្លងជំងឺកូវីដ-១៩នេះដែរ ។ ដូច្នេះសបញ្ជាក់អោយឃើញថា ជំងឺនេះឆ្លងមិនរើសមុខទេ ហើយក៏មិនមែនមានតែខ្មែរយើងទេ ដែលកើតលើអ្នកសិល្បៈ ។ ម្ល៉ោះហើយឈប់បានឈប់ទៅ រឿងនិយាយថាគេជួលតារាអោយធ្វើជាកើតកូវីដហ្នឹង ជៀសវាងបាបកម្មធ្លាក់លើខ្លួនឯង»។
លោក ណុប បាយ៉ារិទ្ធ សរសេរបន្តថា «គេបែកចេញពីគ្រួសារ បែកឪពុកម្តាយ ហើយរហូតដល់ម្តាយស្លា.ប់ទៀតដូចជា ប្អូន វី ឌីណែត ប្អូនស្រីអ្នកកំប្លែងឈ្មោះពីន គេខ្លោចផ្សាចិត្តយ៉ាងណា? អ្នកឯងនៅសើចសប្បាយឌឺដងលើគំនរទុក្ខគេបានទៀត ។ ចោទគ្នាថា យកម្តាយទៅលាក់ ឃើញយើងជាសះស្បើយហើយ បែរជាសើចថា កូវីដស្អីវាឆាប់ជាម្ល៉េះ? ហើយចុះចង់អោយគ្នាដេកឈឺរាប់ខែមែន? គ្មានសណ្តានចិត្តព្រួយបារម្ភ និងរំលែកទុក្ខហើយទៅជាមកញុះញង់ លាបពណ៌បន្ថែមអោយគ្នាទៀត គិតៗទៅមនុស្ស… គិតចេញតែរឿងបាប សន្សំតែអំពើបាប ក្នុងខ្លួនមានតែរឿងអគតិ ។
ចែករំលែកព័តមាននេះ