ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ូលិស​ផ្កាយ​២ សុំ​សិទ្ធិ​រក​មេធាវី​ការពារ​ក្តី តុលាការ​សម្រេច​ឃុំខ្លួន១៤​ថ្ងៃក្រោយ​ទើប​បើក​ជំនុំជម្រះ

3 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ លោក គុ​ជ គឹ​ម​ឡុ​ង ព្រះរាជអាជ្ញា​រង នឹង​ជា​អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ថ្លែង​ឲ្យ​ដឹង​ថា ក្រោយ​ពី​លោក ឡុ​ង…

រាជធានី​ភ្នំពេញ ៖ លោក គុ​ជ គឹ​ម​ឡុ​ង ព្រះរាជអាជ្ញា​រង នឹង​ជា​អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ថ្លែង​ឲ្យ​ដឹង​ថា ក្រោយ​ពី​លោក ឡុ​ង ជាប ព្រះរាជអាជ្ញា​រង បាន​បើក​ការ​សាកសួរ​ជនសង្ស័យ​ទាំង​៣​នាក់ តាម​និ​តិ​វិធី បាន​សម្រេច​ធ្វើការ​ចោទប្រកាន់​ផ្កាយ​២ និង​គូកន តាម​មាត្រា​៣ មាត្រា ៤ ​និងមាត្រាទី ១១ នៃ​ច្បាប់​ស្តី​ពី​កូដ​វីត​-១៩ ដោយ​អនុវត្ត នីតិវិធី​បង្ហាញខ្លួន​ភ្លាម (​មាត្រា​៤៧ ក្រម​នីតិវិធី​ព្រហ្មទណ្ឌ​) រួច​ត្រូវ​បាន​បញ្ជូន​ទៅ​ខាង​ចៅក្រម ដើម្បី​បើក​ការ​ជំនុំជម្រះ​ផ្ទាល់​តែ​ម្តង នៅ​រសៀល​ថ្ងៃ​ទី​១៧ ខែមេសា នេះ ។

នៅ​ពេល​តុលាការ​បើក​សវនាការ ជនសង្ស័យ​បាន​សុំ​សិទ្ធិ ដើម្បី​រក​មេធាវី​ការពារ​ក្តី ដូច្នោះ​តុលាការ​បាន​សម្រេច​ឃុំខ្លួន​ជនសង្ស័យ​ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន ទុក​ពេល​១៤ ថ្ងៃ ​ក្រោយ ទើប​បន្ត​បើក​សវនាការ​ជំនុំ​ជម្រះក្តី (​ពោល​គឺ​ច្បាប់​កូ​វី​ដ​-១៩ មាន​ន័យ​ថា នៅ​ពេល​តំណាង​អយ្យការ​ចោទប្រកាន់​ជនសង្ស័យ​ជា​ផ្លូវការ​ហើយ សំណុំរឿង​នេះ​ត្រូវ​ចាត់​បញ្ជូន​ទៅ​ចៅក្រម​ជំនុំ​ជម្រះក្តី​ផ្ទាល់ នឹង​កាត់ទោស​តែ​ម្តង​) តែ​នេះ ដោយសារ​ជនសង្ស័យ​បាន​សុំ​សិទ្ធិ​រក​មេធាវី ដូច្នោះ​បានជា​តុលាការ​សម្រេច​ឃុំខ្លួន​១៤ ថ្ងៃ​សិន​នោះ ។

សូម​បញ្ជាក់​ថា តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ ក្រោយ​បទបញ្ជា​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ឲ្យ​ចាត់វិធានការ​ចាប់​ច្បាប់​លើ​ក្រុម​អ្នក​បន្ត​ជួបជុំ​ផឹកស៊ី ច្រៀង​រាំ នៅ​យប់​ថ្ងៃ​ទី​១៦ ខែមេសា ឆ្នាំ​២០២១ បែរជា​ប៉ូលិស​ឧត្តមសេនីយ៍ទោ ពាក់​ផ្កាយ​២ ឈ្មោះ អ៊ុ​ង ចាន់​ធួ​ក ជា​អនុប្រធាន​សេ​ធិ​ការ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ និង​ជា​ម្ចាស់ផ្ទះ​ជួល នៅ​ស្ទឹង​មាន​ជ័យ បាន​រៀបចំ​កម្មវិធី​ជួបជុំ​ផឹកស៊ី​រាំច្រៀង និង​លេង​ប៉ាត​ម្សៅ​ថែម​ទៀត ។

កងកម្លាំង​នគរបាល​ខណ្ឌមានជ័យ ក្រោម​ការ​បញ្ជា​ពី​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​ចាប់​វ៉ៃ​ខ្នោះ​ទាំង​យប់ នាំ​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ​។ ឧត្តមសេនីយ៍​ប៉ូលិស​ផ្កាយ​២​នេះ ជា​ម្ចាស់ផ្ទះ​ជួល នៅផ្ទះ​លេខ​៥៨ ផ្លូវ​វេ​ង​ស្រេង ក្នុងភូមិ​ដំណាក់​ធំ​២ សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​៣ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។

របាយការណ៍​របស់​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ បង្ហាញ​ថា នៅ​វេលា​ម៉ោង​២១ នឹង​៣០​នាទី ថ្ងៃ​សុក្រ ទី​១៦ ខែមេសា ឆ្នាំ​២០២១ នៅ​ចំណុច​តំបន់​ផ្ទះ​ជួល​លេខ​៥៨ ផ្លូវ​វេ​ង​ស្រេង ភូមិ​ដំណាក់​ធំ​២ សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​៣ ខណ្ឌមានជ័យ កម្លាំង​អធិការដ្ឋាន​នគរបាល​ខណ្ឌ បាន​សហការ​ជាមួយ​កម្លាំង​អន្តរាគមន៍​របស់​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ០៣​នាក់ រួម​មាន​៖ ១-​ឈ្មោះ អ៊ុ​ង ចាន់​ធួ​ក ភេទ​ប្រុស អាយុ ៤៥​ឆ្នាំ ជា​ម្ចាស់​ទីតាំង​ផ្ទះ​ជួល ឋានៈ​អនុប្រធាន​សេនាធិការ នៃ​អគ្គ​ស្នង​ដ្ឋា​ន​ការ​នគរបាល​ជាតិ ឋានន្តរស័ក្តិ​ឧត្តមសេនីយ៍ទោ​។ ២-​ឈ្មោះ ឡាយ ភា​រុណ ភេទ ប្រុស អាយុ ២៨​ឆ្នាំ មុខរបរ​បំរើ​ការងារ​នៅផ្ទះ​ឈ្មោះ អ៊ុ​ង ចាន់​ធួ​ក​។ ៣-​ឈ្មោះ កុក ឃី ភេទ​ប្រុស អាយុ ៣៥​ឆ្នាំ មុខរបរ​បំរើ​ការងារ​នៅផ្ទះ អ៊ុ​ង ចាន់​ធួ​ក​។ ដោយឡែក មនុស្ស​មួយ​ចំនួន​ទៀត បាន​រត់​ចូល​ផ្ទះ​ជួល​អស់ ពេល​សមត្ថកិច្ច ទៅ​ដល់​។ អធិការដ្ឋាន​នគរបាល​ខណ្ឌ មាន​ជ័យ បាន​បញ្ជាក់​ក្នុង​របាយការណ៍​ថា «​ជន​ទាំង ៣​នាក់​នេះ បាន​ធ្វើ​សកម្មភាព​ប្រមូលផ្តុំ​កម្មករ និង​ប្រជាពលរដ្ឋ ចន្លោះ​ពី ៣០ ទៅ ៤០​នាក់ ដែល​ស្នាក់​នៅផ្ទះ​ជួល​របស់​ខ្លួន (​អ៊ុ​ង ចាន់​ធួ​ក​) ផឹកស៊ី រាំច្រៀង លេង​ប៉ាត​ម្សៅ នៅ​ក្នុង​ទីតាំង​របស់​ខ្លួន​»​។

ឧត្តមសេនីយ៍​ប៉ូលិស​ផ្កាយ​២ មិន​ស្គាល់​ច្បាប់​នេះ រួម​ទាំង​បុរស ២​នាក់​ទៀត ត្រូវ​បាន​កម្លាំង​នគរបាល​វ៉ៃ​ខ្នោះ ដឹក​តាម​រថយន្ត​ប៉ូលិស ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ ទាំង​យប់ ដើម្បី​ចាត់ការ តាម​ច្បាប់ ក្នុង​អំឡុង​អនុវត្ត​វិធានការ​រដ្ឋបាល បម្រាម​គោចរ រួម​ទាំង​ការ​បិទ​ខ្ទប់​រាជធានី​ភ្នំពេញ នៅ​អំឡុង​ពេល​នេះ ការ​ជួបជុំ​ផឹកស៊ី​ច្រៀង​រាំ មិន​ត្រូវ​បាន​អនុញ្ញាត​ឡើយ​។ ការ​រឹត​បន្តឹង​នេះ ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ជំងឺ​កូ​វី​ដ​-១៩ ។

សម្តេច​តេ​ជោ នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ទើបតែ​ដាក់​ចេញ​បទបញ្ជា​ផ្ទាល់មាត់​បន្ថែម​ទៀត កាលពី​ល្ងាច​ថ្ងៃ​ទី​១៦ ខែមេសា ឆ្នាំ​២០២១ ឲ្យ​ចាត់វិធានការ​ចាប់​ច្បាប់​ដោយ​គ្មាន​ការ​លើកលែង​លើ​ក្រុម​អ្នក​បន្ត​ជួបជុំ​ផឹកស៊ី ច្រៀង​រាំ នៅ​អំឡុង​ពេល​ប្រទេស​ជាតិ​ជួប​គ្រោះអាសន្ន​នា​ពេល​នេះ ។ ប៉ុន្តែ​ក្រោយ​បទបញ្ជា​ផ្ទាល់មាត់​របស់​សម្តេច​តេ​ជោ តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​ប បែរជា​ឧត្តមសេនីយ៍​ផ្កាយ​២ អ៊ុ​ង ចាន់​ធួ​ក ជា​អនុប្រធាន​សេ​ធិ​ការ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ផ្គើន បាន​រៀបចំ​កម្មវិធី​ជួបជុំ​ផឹកស៊ី ច្រៀង​រាំ ហាក់ដូចជា​ប្រទេស​គ្មាន​ច្បាប់​គ្មាន​ទម្លាប់​ទាល់តែ​សោះ​។ នេះ​ជា​ទ​ង្វើ​មិន​សមជា​កងកម្លាំង​នគរបាល​ជាតិ ទាល់តែ​សោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ