ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រាជធានីភ្នំពេញ មានគោលដៅ ដែល​ត្រូវ​ឃាត់ការចេញ-ចូល ៣៧ទីតាំង ចំណែក​អ្នកល្មើសបម្រាម បន្តផឹកស៊ី ត្រូវយកទៅធ្វើចត្តាឡីស័ក​

3 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ លោក​ ឃួង​ ស្រេង​ អភិបាលរាជធានីភ្នំពេញ បានប្រកាស ណែនាំអាជ្ញាធរ​ និងសមត្ថកិច្ច ត្រូវ​បើកទូលាយចំពោះបងប្អូនអាជីវករ ដឹកត្រី…

ភ្នំពេញ៖ លោក​ ឃួង​ ស្រេង​ អភិបាលរាជធានីភ្នំពេញ បានប្រកាស ណែនាំអាជ្ញាធរ​ និងសមត្ថកិច្ច ត្រូវ​បើកទូលាយចំពោះបងប្អូនអាជីវករ ដឹកត្រី សាច់ បន្លែបង្កា ទៅផ្គត់ផ្គង់នៅតាមទីផ្សារ និងត្រូវ​មានវិធានការម៉ឺងម៉ាត់ ចំពោះអ្នកជួបជុំផឹកស៊ីតាមផ្ទះ។ នៅរាជធានីភ្នំពេញ បានដាក់គោលដៅ ដែលត្រូវឃាត់ការចេញចូល ចំនួន ៣៧ទីតាំង​។

លោក ឃួង ស្រេង បានធ្វើការណែនាំឱ្យអាជ្ញាធរខណ្ឌទាំង១៤ ក៏ដូចជាសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ដែលបាន និងកំពុងដាក់គោលដៅប្រចាំការនៅគោលដៅបិទខ្ទប់ នៅក្នុងរាជធានីភ្នំពេញត្រូវអនុវត្ត​ការសម្រេចរបស់រាជរដ្ឋាភិបាល ជុំវិញការបិទខ្ទប់រាជធានីភ្នំពេញ រយៈពេល ១៤ថ្ងៃនេះ ឱ្យទទួលបានជោគជ័យ។

ជាមួយគ្នានឹងការអនុវត្តសេចក្តីសំរេចនេះ លោក ឃួង ស្រេង បានណែនាំដល់​​អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ច ត្រូវបើកទូលាយអោយបងប្អូនអាជីវករ រកស៊ីដឹកត្រី សាច់ បន្លែ បង្កាទៅផ្គត់ផ្គង់នូវទីផ្សារ ដោយមិនត្រូវឃាត់ពួកគាត់​សួរនាំរកឯកសារច្រើនពេកទេ ព្រោះយើងបានឃើញច្បាស់ហើយថា ពួកគាត់ដឹកជញ្ជូនអីច្បាស់នឹងភ្នែកហើយនោះ។

ការណែនាំបែបនេះរបស់លោកឃួង ស្រេងបានធ្វើឡើង នៅល្ងាចថ្ងៃទី១៦ មេសានេះ នៅក្នុងកិច្ចប្រជុំគណៈបញ្ជាការ​ឯកភាពរាជធានីភ្នំពេញ តាមរយៈកិច្ចប្រជុំ video conference នៅសាលារាជធានីភ្នំពេញ ដោយមានការចូលរួមពី​អភិបាលខណ្ឌទាំង១៤ ស្នងការនគរបាលរាជធានីភ្នំពេញនិងមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីពង្រឹងការអនុវត្តវិធានការបិទខ្ទប់រាជធានីភ្នំពេញអោយមានប្រសិទ្ធភាព។

លោក ឃួង ស្រេង បានមានប្រសាសន៍ថា សម្រាប់រាជធានីភ្នំពេញ មានគោលដៅ ដែលត្រូវឃាត់ការចេញ-ចូលរាជធានីចំនួន ៩ទីតាំង និងទីតាំងផ្សេងទៀតនៅកណ្តាលក្រុង ចំនួន ២៨ទៀត សរុបទាំងអស់ ចំនួន ៣៧ទីតាំង ដែលគណៈបញ្ជាការឯកភាព និងកងកម្លាំងប្រដាប់អាវុធបានដាក់ ដើម្បីបង្ការ និងទប់ស្កាត់នូវការរីករាលដាលនៃជំងឺកូវីដ-១៩។

ជុំវិញទីតាំង ដែលបានដាក់ទាំង ៣៧ទីតាំងនេះ លោក ឃួង ស្រេង ក៏បានជំរុញឲ្យអាជ្ញាធរ ក៏ដូចជាកម្លាំងពាក់ព័ន្ធ ត្រូវអនុវត្តការសម្រេចរបស់រាជរដ្ឋាភិបាល ជុំវិញការបិទខ្ទប់រាជធានីនេះ ឲ្យមានប្រសិទ្ធភាពខ្ពស់ តែមិនត្រូវអនុវត្តឲ្យលើស និងខ្វះទេ។ ចំពោះការដឹកទំនិញ ដែលយើងឃើញថា ជាគ្រឿង​ឧបភោគបរិភោគ បន្លែត្រីសាច់នោះ យើងត្រូវបើកផ្លូវអោយគាត់ធ្វើដំណើរចេញចូលទៅតាមសម្រួលទៅ។

លោក ឃួង ស្រេង ក៏បានធ្វើការណែនាំទៅដល់អាជ្ញាធរខណ្ឌទាំង១៤ អនុវត្តអោយបានម៉ឺងម៉ាត់ ទៅតាមការណែនាំ​របស់ក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ ពិសេសខណ្ឌ៣ ដែលយើងបានបិទខ្ទប់ ដោយមានអ្នកជំងឺកូវីដ-១៩ នោះគឺខណ្ឌពោធិ៍សែនជ័យ ខណ្ឌសែន សុខ និងខណ្ឌមានជ័យ អាជ្ញាធរ និងសមត្ថកិច្ច ត្រូវពង្រឹងឱ្យបានខ្លាំងក្លាបំផុត ជៀសវាងការជួបជុំគ្នាផឹកស៊ី នៅតាមផ្ទះ នៅក្នុងទីតាំង ដែលបិទខ្ទប់នេះ។ ​

លោក ​ឃួង​ ស្រេង​ បញ្ជាក់ថា បើសិនជាបងប្អូន ដែល​ស្ថិតនៅក្នុងការបិទខ្ទប់ នៅតែល្មើស នៅតែបំពានទៅលើវិធាន​របស់ក្រសួងសុខាភិបាល អាជ្ញាធររាជធានីភ្នំពេញ នឹងមានវិធានការ ដោយនឹងយកបងប្អូន ដែលល្មើសទាំងនោះ មកធ្វើចត្តាឡីស័ក នៅទីតាំងខាងក្រៅ ដែលរៀបចំដោយអាជ្ញាធររាជធានីភ្នំពេញ មិនអាចដើរហើរផឹកស៊ីស្រេច​តែចិត្តទៀតទេ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ