យោងតាមការសិក្សាបានបញ្ជាក់ថា ទទួលទានប៉េងប៉ោះស្រស់អាចកាត់បន្ថយហានិភ័យពីជំងឺបេះដូងបានដល់១/៤ ។
ការសិក្សាដែលធ្វើឡើងដោយអ្នកវិទ្យាសាស្ត្រសាកលវិទ្យាល័យ Tufts University នៅបូស្តុនសហរដ្ឋអាមេរិកបានអះអាងថា ការទទួលទានផ្លែប៉េងប៉ោះដែលផ្ទុកសារធាតុលីកូប៉ែនទៀងទាត់រយៈពេលជាច្រើនឆ្នាំអាចការពារបេះដូងដ៏មានប្រសិទ្ធភាព ។
លទ្ធផលនៃការសិក្សាដែលចុះផ្សាយនៅក្នុងព្រឹត្តិបត្រ British Journal of Nutrition បានបង្ហាញទៀតថា ការទទួលទានអាហារដែលផ្ទុកសារធាតុលីកូប៉ែនទៀងទាត់រាល់ថ្ងៃអស់រយៈពេលជាង១១ឆ្នាំអាចកាត់បន្ថយគ្រោះហានិភ័យពីជំងឺបេះដូងបានដល់ទៅ២៦ភាគរយ តែនេះមិនមែនមានន័យថា វាមានប្រសិទ្ធភាពបង្ការជំងឺដាច់សរសៃឈាមក្នុងខួរក្បាលនោះឡើយ ។
ក្រុមអ្នកស្រាវជ្រាវបានថ្លែងថា លទ្ធផលនៃការសិក្សានេះបានផ្តល់នូវភស្តុតាងគាំទ្រការជាប់ពាក់ព័ន្ធបញ្ច្រាសគ្នារវាងលីកូប៉ែន និងជំងឺបេះដូង ។ ទោះជាយ៉ាងណា ចាំបាច់ត្រូវតែមានការសិក្សាបន្ថែមទៀតដើម្បីមើលឱ្យកាន់តែច្បាស់ថាតើលីកូប៉ែនឬសមាសធាតុផ្សេងទៀតរបស់ប៉េងប៉ោះមានជាប់ពាក់ព័ន្ធគ្នាបែបណា ?
ដោយឡែក ការសិក្សាមួយធ្វើឡើងដោយអ្នកវិទ្យាសាស្ត្រប្រទេសហ្វាំងឡង់ និងដែលបានចុះផ្សាយកាលពីឆ្នាំកន្លងទៅក៏បានបង្ហាញផងដែរថា បណ្តាបុរសដែលមានកម្រិតសារធាតុលីកូប៉ែនទាបបំផុត៦០ភាគរយប្រឈមនឹងហានិភ័យពីជំងឺគាំងបេះដូង ៕



ចែករំលែកព័តមាននេះ