ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គណៈកម្មការ​ជាតិ​គ្រប់គ្រង និង​ដឹកនាំ​ការ​អនុវត្ត​វិធានការ​បិទ​ខ្ទប់ ប្តេជ្ញា​ចិត្ត​បំបាត់​កូ​វី​ដ​-១៩ ឱ្យ​បាន​ក្នុង​រយៈពេល​១៤​ថ្ងៃ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ប្រធាន​គណៈកម្មការ​ជាតិ​គ្រប់គ្រង និង​ដឹកនាំ​ការ​អនុវត្ត​វិធានការ​បិទ​ខ្ទប់ លោក អូន ព័ន្ធ​មុនី​រ័​ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ប្តេជ្ញា​ចិត្ត​ថា​នឹង​បំបាត់​ជំងឺ​កូ​វី​ដ​-១៩…

រាជធានី​ភ្នំពេញ​៖ ប្រធាន​គណៈកម្មការ​ជាតិ​គ្រប់គ្រង និង​ដឹកនាំ​ការ​អនុវត្ត​វិធានការ​បិទ​ខ្ទប់ លោក អូន ព័ន្ធ​មុនី​រ័​ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ប្តេជ្ញា​ចិត្ត​ថា​នឹង​បំបាត់​ជំងឺ​កូ​វី​ដ​-១៩ ឱ្យ​បាន​ក្នុង​រយៈពេល​១៤​ថ្ងៃ ខណៈ​ដែល​រាជរដ្ឋាភិបាល​សម្រេច​បិទ​ខ្ទប់​រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល​រយៈពេល​១៤​ថ្ងៃនេះ​។

ការ​ប្តេជ្ញា​ចិត្ត​រួម​គ្នា​បំបាត់​ជំងឺ​កូ​វី​ដ​-១៩ ខាងលើ​នេះ​បាន​ធ្វើ​ឡើង ក្នុង​កិច្ចប្រជុំ​បន្ទាន់​មួយ​តាម​រយៈ video conference នៅ​ម៉ោង​៣​រសៀល​រហូត​ដល់​ល្ងាច ថ្ងៃ​ទី​១៥ ខែមេសា ឆ្នាំ​២០២១​នេះ ដោយ​មានការ​ចូលរួម​ប្រជុំ​ពី​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​ជា​អនុប្រធាន អចិន្ត្រៃយ៍​នៃ​គណៈកម្មការ​ជាតិ​គ្រប់គ្រង​និង​ដឹកនាំ​ការ​អនុវត្ត​វិធានការ​បិទ​ខ្ទប់ នៅ​សាលា​រាជធានី​ភ្នំពេញ​។ លោក អូន ព័ន្ធ​មុនី​រ័​ត្ន បាន​មាន​ប្រសាសន៍​លើក​ឡើង​ថា កិច្ចប្រជុំ​តាម​រយៈ video conference​នេះ មាន​គោលបំណង​ឱ្យ​គ្រប់​ភាគី​អ្នក​ពាក់ព័ន្ធ​ទាំង​អនុវត្ត​ឱ្យ​បាន​ជោគជ័យ ទៅ​សេចក្តីសម្រេច​របស់​រាជរដ្ឋាភិបាល ក្នុង​ការ​បិទ​ខ្ទប់ ដើម្បី​បំបាត់​ជំងឺ​កូ​វី​ដ​-១៩ ដែល​ការងារ​នេះ​យើង​ត្រូវធ្វើ​ឱ្យ​បាន​លទ្ធផល​ល្អ​ប្រសើរ​ក្នុង​រយៈពេល​១៤​ថ្ងៃ ដោយ​មិន​ប៉ះពាល់​ដល់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​។

លោក អូន ព័ន្ធ​មុនី​រ័​ត្ន បាន​ជំរុញ​ឱ្យ​សមាជិក​ទាំងអស់​នៅ​ក្នុង​ជួរ​គណៈកម្មការ​ជាតិ​គ្រប់គ្រង និង​ដឹកនាំ​ការ​អនុវត្ត​វិធានការ​បិទ​ខ្ទប់​នេះ រួម​គ្នា​ជួយ​រដ្ឋបាល​រាជធានី​ភ្នំពេញ​អនុវត្ត​សេចក្តីសម្រេច​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​បិទ​ខ្ទប់ ដើម្បី​បំបាត់​ជំងឺ​កូ​វី​ដ​-១៩ ក្នុង​រយៈពេល​១៤​ថ្ងៃនេះ​ទទួល​បាន​ជោគជ័យ​។ លោក ឃួ​ង ស្រេង ក្នុង​កិច្ចប្រជុំ​នោះ​បាន​មាន​ប្រសាសន៍​ពី​ការងារ​មួយ​ចំនួន​ដែល​អាជ្ញាធរ​បាន​កំពុង​អនុវត្ត ដោយ​រដ្ឋបាល​រាជធានី​បាន​ប្រើប្រាស់​កម្លាំង​មាន​សមត្ថកិច្ច​ដាក់ តាម​គោលដៅ​ចំនួន​២៧​គោលដៅ ដើម្បី​អនុវត្ត​ការ​សម្រេច​បិទ​ខ្ទប់​នេះ បាន​ដាក់​ចេញ​ជា​វិធានការ​ចំពោះ​ទំនិញ​ឡើងថ្លៃ ដោយ​រដ្ឋបាល​រាជធានី​ភ្នំពេញ បានឱ្យ​ម្ចាស់​កុងស៊ី កាប់​ជ្រូក គោ និង​អាជីវករ​លក់ដូរ​សាច់ គ្រឿង​ហូប​ចុក​ធ្វើ​កិច្ចសន្យា​មិន​ឲ្យ​ឡើងថ្លៃ ខណៈ​ដែល​ពួក​គាត់​បាន​ឡើងថ្លៃ​សាច់​ជ្រូក សាច់​គោ ក្នុង​ដំណាក់កាល​នេះ​។

រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ប្រើប្រាស់​កម្លាំង​ល្បាត​ជា​ប្រចាំ នៅ​តំបន់​ដែល​បាន កំណត់​ជា​តំបន់​ពណ៌​ក្រហម ដែល​ជា​តំបន់​ងាយ​ឆ្លង​ជំងឺ​កូ​វី​ដ​-១៩​។ លោក ឃួ​ង ស្រេង បាន​បញ្ជាក់​ថា ការ​ទប់ស្កាត់​ការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​-១៩​នេះ ដាច់ខាត​ត្រូវ​តែ​មានការ​ចូលរួម​ពី​ប្រជាពលរដ្ឋ បើ​មិន​មានការ​ចូលរួម​ពី​ប្រជាពលរដ្ឋ​ទេ នោះ​យើង​មិន​អាច​ទទួល​បាន​ជោគជ័យ​ទេ​។ លើ​បញ្ហា​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ចលនា​ជាមួយ​ប្រជាពលរដ្ឋ​ហើយ ហើយ​ប្រជាពលរដ្ឋ​ជាង​៩០​ភាគរយ​បាន​ចូលរួម​ជាមួយ​អាជ្ញាធរ និង​រាជរដ្ឋាភិបាល​។

ជាក់ស្តែង​នៅ​តាម​ដងផ្លូវ​នានា ខណៈ​អនុវត្ត​នូវ​ការ​សម្រេច​បិទ​ខ្ទប់​នេះ​គេ​សង្កេត​ឃើញ​ថា មាន​ប្រជាពលរដ្ឋ​ប្រមាណ​តែ​២​ទៅ​៣​ភាគរយ​ប៉ុណ្ណោះ ដែល​ពួក​គាត់​ធ្វើ​ចរាចរណ៍​តាម​ផ្លូវ ហើយ​ប្រជាពលរដ្ឋ​ទាំងនោះ​ភាគច្រើន ជា​ប្រជាពលរដ្ឋ​ដែល​មានការ​ចាំបាច់​ក្នុង​ការងារ ទៅ​ចាក់​វ៉ាក់សាំង​ឬ​ទៅ​ទទួល​សេវា​សុខាភិបាល និង​ទៅ​ទិញ​ម្ហូបអាហារ​ជាដើម​។ គួរ​បញ្ជាក់​ថា ក្នុង​កិច្ចប្រជុំ​នេះ បាន​ផ្តោត​លើ​ការ​អនុវត្ត​វិធាន​ការណ៍​បិទ​ខ្ទប់​នេះ​ឲ្យ​មាន​ប្រសិទ្ធភាព មិន​ប៉ះពាល់​ដំណើរការ​រស់នៅ​របស់​ប្រជាពលរដ្ឋ ដោយ​រក្សា​បាន​ស្ថិរភាព​ទំនិញ លំហូរ​ទំនិញ ដែល​ការ​អនុវត្ត​នេះ​ធ្វើ​យ៉ាងណា​កាត់​ផ្តាច់ ជា​កង់​ៗ​ជំងឺ​កូ​វី​ដ​-១៩​តែ​ម្តង​៕ ដោយ ៖ ច​ន ណា​រិ​ទ្ធ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ