រាជធានីភ្នំពេញ ៖ ក្រុមហ៊ុនឱសថ Kotra Phama បានរៀបចំសិក្ខាសាលាមួយដល់បណ្ដាគ្រូពេទ្យ និងម្ចាស់ឱសថស្ថាននានានៅក្នុងរាជធានីភ្នំពេញ ដើម្បីបង្ហាញពីវិធីសាស្ត្រនៃការការពារកុមារក្តៅខ្លួន ព្រមទាំងបង្ហាញឱសថថ្មីម្យ៉ាងទៀតសម្រាប់ព្យាបាលជំងឺនេះដែលកើតឡើងចំពោះកុមារ ។ ពិធីនេះធ្វើឡើងកាលពីថ្ងៃទី២៦ កញ្ញា នៅសណ្ឋាគារសូហ្វីតែល រាជធានីភ្នំពេញ ។
កញ្ញា ឃឹម សារ៉ន នាយកផ្នែកលក់ និងទីផ្សារនៃក្រុមហ៊ុន Kotra Phama ប្រចាំកម្ពុជា ឱ្យដឹងថា នៅក្នុងថ្ងៃនេះ យើងបានអញ្ជើញវេជ្ជបណ្ឌិត គ្រូពេទ្យ និងម្ចាស់ឱសថស្ថាននានា មកស្ដាប់នូវវេជ្ជបណ្ឌិតជំនាញពន្យល់ពីជំងឺគ្រុនក្តៅ និងសើស្បែកលើកុមារ ដើម្បីរកដំណោះស្រាយ ការពារ និងវិធីសាស្ត្រ ក្នុងការព្យាបាល ។ ហេតុផលដែលយើងលើកយកជំងឺនេះមកពិភាក្សាក្នុងសិក្ខាសាលា ដោយសារតែជំងឺនេះភាគច្រើនកើតឡើងលើកុមារ និងកំពុងជះឥទ្ធិពលដ៏អាក្រក់ទៅលើកុមារទូទាំងប្រទេសកម្ពុជា ។
កញ្ញាបន្តថា នៅក្នុងសិក្ខាសាលានេះ ក្រុមហ៊ុនឱសថ Kotra Phama ក៏បានបង្ហាញនូវឱសថប្រភេទថ្មីសម្រាប់ជួយព្យាបាលជំងឺគ្រុនក្ដៅ និងសើស្បែក ដើម្បីសម្រួលដល់មាតាបិតា អាណាព្យាបាលកុមារផងដែរ ។ ឱសថដែលក្រុមហ៊ុនបានបង្ហាញ និងផ្ដល់ជូនមាតាបិតាសម្រាប់កុមារនោះងាយស្រួលបញ្ចុកកុមារ ព្រោះវាជាប្រភេទឱសថដែលមានរសជាតិមិនល្វីង វាមានរសជាតិផ្លែឈើ និងផ្អែម ។
កញ្ញាបានផ្ដាំផ្ញើដល់មាតាបិតា អាណាព្យាបាលកុមារ សូមឱ្យឱសថដល់កុមារញ៉ាំទៅតាមវេជ្ជបញ្ជារបស់វេជ្ជបណ្ឌិត ឬគ្រូពេទ្យ រាល់ពេលកុមារមានបញ្ហាកើតជំងឺណាមួយដើម្បីឱ្យជំងឺរបស់កុមារឆាប់ជាបានរហ័ស ។
លោក Le beng hai តំណាងក្រុមហ៊ុន ឱសថ Kotra Phama មានប្រសាសន៍ថា សម្រាប់ផលិតផលឱសថ Kotra Phama គឺយើងមានការធានាត្រឹមត្រូវ ដោយសារតែរោងចក្រផលិតឱសថរបស់យើងនៅប្រទេសម៉ាឡេស៊ី ជាសមាជិក GMP PICS ដែលជាស្ថាប័នស្តង់ដារមួយដ៏ខ្ពស់សម្រាប់ការផលិតឱសថនៅលើសាកលលោក ៕
ចែករំលែកព័តមាននេះ