ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទទួលទាន​ភេសជ្ជៈ​បង្កើន​ថាមពល​ប្រយ័ត្ន​គ្រោះថ្នាក់​ដល់​បេះដូង​និង​បញ្ហា​សម្ពាធ​ឈាម

10 ឆ្នាំ មុន

ផ្អែក​តាម​ការ​ស្រាវជ្រាវ​របស់​ក្រុម​អ្នក​វិទ្យាសាស្ត្រ​នៅ​សាកលវិទ្យាល័យ University of the Pacific​សហរដ្ឋអាមេរិក​បាន​បង្ហាញ​ថា ទទួលទាន​បណ្តា​ភេសជ្ជៈ​បង្កើន​ថាមពល​អាច​នឹង​ធ្វើ​ឱ្យ​សម្ពាធ​ឈាម​ឡើង​ខ្ពស់​ព្រមទាំង​បណ្តាល​ឱ្យ​មាន​បញ្ហា​បេះដូង​ដែល​ឈាន​ដល់​បាត់បង់​អា​ជីវិត​បាន ។

បន្ទាប់​ពី​បាន​រក​ឃើញ​ថា ភេសជ្ជៈ​ខាង​ដើម​អាច​បង្កើន​សម្ពាធ​ឈាម និង​រំខាន​ដល់​ចង្វាក់​ធម្មជាតិ​របស់​បេះដូង បណ្តា​វេជ្ជបណ្ឌិត​ដែល​ជា​ក្រុម​ស្រាវជ្រាវ​បាន​ព្រមាន​ដល់​បណ្តាជន​ដែល​មាន​ជំងឺលើសឈាម​ឱ្យ​ប្រុង​ប្រយ័ត្ន និង​គិតគូរ​ឱ្យ​បាន​ល្អិតល្អន់ មុន​នឹង​ទទួលទាន​ភេសជ្ជៈ​ប្រភេទ​នេះ ។

នៅ​ក្នុង​ការ​ពិសោធ​លើ​មនុស្ស​អាយុ​ពី​១៨​ដល់​៤៥​ឆ្នាំ ក្រុម​អ្នក​សិក្សា​បាន​បែងចែក​កិច្ចការ​របស់​ខ្លួន​ជា​២​ផ្នែក​គឺ​៖

ផ្នែក​ទី​១-​ពួក​គេ​បាន​ពិនិត្យ​មើល​លើ QT Interval (​ជា​ចំណែក​មួយ​នៃ​ចង្វាក់បេះដូង​ចន្លោះ​ពេល​បុក​ខ្លាំង​និង​បុក​តិច​) របស់​មនុស្ស​៩៣​នាក់​ដែល​ទើប​ផឹក​ភេសជ្ជៈ​បង្កើន​ថាមពល​អស់ពី​១​ទៅ​៣​កំប៉ុង ។ ជា​លទ្ធផល​បង្ហាញ​ថា QT Interval មនុស្ស​ទាំងនេះ​មាន​ល្បឿន​អូស​បន្លាយ​ដល់​១០​មី​ល្លី​វិនាទី​វែង​ជាង​អ្នក​មិន​ផឹក ។ សូម​បញ្ជាក់​ថា នៅ​ពេល​ដំណើរ​QT Interval របស់​បេះដូង​កាន់តែ​បន្លាយពេល​វែង វា​នឹង​ធ្វើ​ឱ្យ​ដំណើរ​លោត​របស់​បេះដូង​មិន​ទៀងទាត់ ហើយ​គ្រោះថ្នាក់​អាច​នឹង​កើត​ភ្លាម​ៗ​ផង​ដែរ ។

ផ្នែក​ទី​២-​ក្រុម​អ្នក​សិក្សា​បាន​វាស់​ឈាម​អ្នក​ស្ម័គ្រចិត្ត​១៣២​នាក់ ហើយ​ជា​លទ្ធផល​បាន​បង្ហាញ​ថា អ្នក​ដែល​បាន​ផឹក​ភេសជ្ជៈ​បង្កើន​ថាមពល​អស់​២-៣​កំប៉ុង សម្ពាធ​ឈាម​លើ​ប្រដាប់​វាស់ (​យក​លេខ​ផ្នែក​ខាងលើ​-Systolic blood pressure) កើន​ជា​មធ្យម ៣.៥​ពិន្ទុ ។

អ្នកដឹកនាំ​ការ​ស្រាវជ្រាវ វេជ្ជបណ្ឌិត Sachin Shah បាន​ថ្លែង​ថា ការ​ជាប់​ទាក់ទង​គ្នា​រវាង​ភេសជ្ជៈ​បង្កើន​ថាមពល និង​កំណើន​សម្ពាធ​ឈាម Systolic គឺជា​ការ​ពិត​និង​ជា​បញ្ហា​គួរ​ឱ្យ​បារម្ភ ។ ការ​សិក្សា​ស្រាវជ្រាវ​បន្ថែម​ទៀត​លើក​ក្រោយ​ចាំបាច់​ត្រូវ​វាយតម្លៃ​ពី​ផល​ប៉ះពាល់​លើ​ចង្វាក់បេះដូង ។ អ្នកមាន​ជំងឺលើសឈាម​ឬ​មាន QT Interval វែង​គួរ​ប្រុង​ប្រយ័ត្ន និង​ពិចារណា​មុន​នឹង​ទទួលទាន​ភេសជ្ជៈ​បង្កើន​ថាមពល​នេះ ៕