កម្ពុជារកចំណូលបានជាង ១៦០០ លានដុល្លារអាមេរិក ខណៈប្រទេសកំពុងជួបវិបត្តិពីជំងឺកូវីដ ១៩ – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជារកចំណូលបានជាង ១៦០០ លានដុល្លារអាមេរិក ខណៈប្រទេសកំពុងជួបវិបត្តិពីជំងឺកូវីដ ១៩

1 ខែ មុន
  • Phnom Penh

រាជធានីភ្នំពេញ ៖ ស្ថិតក្នុងកាលៈទេសៈប្រទេសកំពុងជួបវិបត្តិពីជំងឺកូវីដ ១៩ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសកាលពីថ្មីៗនេះ ក្នុងរយៈពេល ៣ខែ ឬត្រីមាសទី ១…

រាជធានីភ្នំពេញ ៖ ស្ថិតក្នុងកាលៈទេសៈប្រទេសកំពុងជួបវិបត្តិពីជំងឺកូវីដ ១៩ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសកាលពីថ្មីៗនេះ ក្នុងរយៈពេល ៣ខែ ឬត្រីមាសទី ១ ឆ្នំា ២០២១ កន្លងផុតទៅនេះកម្ពុជារកចំណូលពីផ្នែកពន្ធដា និងផ្នែកគយសរុបជាង ១៦០០ លានដុល្លារអាមេរិកសម្រាប់គំាទ្រសេដ្ឋកិច្ចជាតិ ។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍កាលពីថ្មីៗនេះថា មានអ្នកបង្ហោះក្នុងហ្វេសប៊ុកថា យើងដាក់បញ្ហានេះ ចង់បណ្តេញមន្ត្រីចេញ ព្រោះយើងខ្វះលុយក្នុងបើកប្រាក់ខែ ។

Picture

សម្តេចតេជោ គូសបញ្ជាក់ថា «ខែ ៣ កន្លងផុតទៅប្រាប់ជាដំណឹងចំណូលថវិកាផ្នែកពន្ធដាទទួលបានជាង ៦០០លានដុល្លារអាមេរិក ផ្នែកគយទទួលបានជាង ២០០លានដុល្លារអាមេរិក សរុបជាង ៨០០លានដុល្លារអាមេរិក ។ បើពន្ធដាគិតពីខែ ១ ខែ ២ និងខែ ៣ បានជាង ១.០០០លានដុល្លារអាមេរិករួចទៅហើយ ។ ឯកផ្នែកគយទំាង ៣ ខែបានជាង ៦០០ លានដុល្លារអាមេរិករួចទៅហើយ ។ ថាតើរាជរដ្ឋាភិបាលខ្វះលុយទេ ?» ។ ទន្ទឹមនិងសេដ្ឋកិច្ចរងផលប៉ះពាល់ជារួម រាជរដ្ឋាភិបាលតែងតែអនុវត្តវិធានការ អន្តរាគមន៍ជួយទៅដល់វិស័យឯកជនដើម្បីជួយកាត់បន្ថយផលប៉ះពាល់ពីជំងឺកូវីដ ១៩ បើគិតជាទឹកប្រាក់អស់រាប់ពាន់លានដុល្លារអាមេរិក ។ 

Picture

ឯកឧត្តម វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការ ក្រសួងសេដ្ឋកិច្ឋ និងហិរញ្ញវត្ថុ ធ្លាប់បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអនុវត្តវិធានការទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ និងគ្រប់គ្រងផលប៉ះពាល់មកលើវិស័យសំខាន់ៗនៃសេដ្ឋកិច្ចកម្ពុជា តាមរយៈការដាក់ចេញនូវវិធានការអន្តរាគមន៍ចំនួន ៨ ជុំ ដែលសរុបជាទឹកប្រាក់ប្រមាណ ១.១៦៤ លានដុល្លារ ក្នុងឆ្នាំ ២០២០ និង ៧១៩ លានដុល្លារ ក្នុងឆ្នាំ ២០២១ ។ បន្ថែមពីនេះ ឯកឧត្តម ក៏បានគូសបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា កំពុងរៀបចំដាក់ចេញនូវផែនការស្តារសេដ្ឋកិច្ចក្រោយវិបត្តិជំងឺកូវីដ-១៩ ឆ្នាំ ២០២១-២០២៣ ដោយផ្តោតសំខាន់លើអភិក្រមចំនួន ៣ គឺ ១)- ការងើបឡើងវិញ និងការរស់រាន ៖ ការកសាងមូលដ្ឋានគ្រឹះរឹងមាំដើម្បីស្តារឡើងវិញនូវកំណើនសេដ្ឋកិច្ច, ២)-ការកែទម្រង់  ៖ ប្រែក្លាយវិបត្តិទៅជាកាលានុវត្តភាព ដោយផ្តោតលើការធ្វើពិពិធកម្ម និងពង្រឹងការប្រកួតប្រជែងសេដ្ឋកិច្ច និង ៣)-ការលើកកម្ពស់ភាពធន់ ៖ ពង្រឹងការត្រៀមខ្លួនរបស់កម្ពុជាទៅនឹងវិបត្តិដែលនឹងអាចកើតឡើងនាពេលអានាគត ៕