ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពេលបិទចរាចរណ៍ឆ្លងខេត្តកំពង់ចាម និងត្បូងឃ្មុំ នាំឲ្យកកស្ទះខ្លាំងនៅគល់​ស្ពានគីហ្ស៊ូណា ព្រំប្រទល់ខេត្តទាំងពីរ

3 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម៖ ដើម្បីទប់ស្កាត់ការឆ្លងរាលដាល​ជំងឺកូវីដ១៩ រដ្ឋបាលខេត្តកំពង់ចាម បានអនុវត្តតាមសេចក្តីណែនាំ​របស់រាជរដ្ឋាភិបាល ក្នុងការបិទចរាចរណ៍ធ្វើដំណើរ​ឆ្លងកាត់​ខេត្តកំពង់ចាម នឹង​ខេត្តជាប់ព្រំប្រទល់ រួមមាន៖ ខេត្ត​កំពង់ធំ ខេត្តក្រចេះ ខេត្តត្បូងឃ្មុំ…

ខេត្តកំពង់ចាម៖ ដើម្បីទប់ស្កាត់ការឆ្លងរាលដាល​ជំងឺកូវីដ១៩ រដ្ឋបាលខេត្តកំពង់ចាម បានអនុវត្តតាមសេចក្តីណែនាំ​របស់រាជរដ្ឋាភិបាល ក្នុងការបិទចរាចរណ៍ធ្វើដំណើរ​ឆ្លងកាត់​ខេត្តកំពង់ចាម នឹង​ខេត្តជាប់ព្រំប្រទល់ រួមមាន៖ ខេត្ត​កំពង់ធំ ខេត្តក្រចេះ ខេត្តត្បូងឃ្មុំ ខេត្តព្រៃវែង និង​ខេត្តកណ្ដាល។ ចរាចរណ៍នៅគល់ស្ពានគីហ្ស៊ូណា ដែលជាព្រំប្រទល់រវាង​ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ បានកកស្ទះយ៉ាងខ្លាំង នៅពេលអនុវត្តវិធានការ ហាមឃាត់​ការធ្វើដំណើរឆ្លងកាត់​ខេត្ត នាពេលនេះ​។

ជាក់ស្ដែង នៅព្រឹកថ្ងៃទី៨មេសា ឆ្នាំ​២០២១ ឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្ត និងសហការី បានអញ្ជើញចុះពិនិត្យកម្លាំងគោលដៅយាមនៅព្រំប្រទល់ក្បាលស្ពានគីស្ស៊ុណា នឹងបន្តបេសកកម្ម ទៅស្រុកបាធាយ ក្នុងគោលបំណងធ្វើយ៉ាងណា ឲ្យប្រជាពលរដ្ឋគ្រប់រូប នាំគ្នាគោរព និងអនុវត្តតាម ដើម្បីឱ្យមានសុវត្ថិភាព។ ពោលគឺមិនឱ្យជំងឺកូវីដ ឆ្លងចូលក្នុងសហគមន៍។

ក្នុងពេលចុះពិនិត្យគោលដៅ កាលពីព្រឹកថ្ងៃទី៨ មេសា ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត បានរម្លឹកដល់កង​កម្លាំង​ប្រចាំការ មិនត្រូវអនុញ្ញាត​ឱ្យប្រជាពលរដ្ឋ ធ្វើដំណើរឆ្លងកាត់ពីខេត្តមួយ ចូលទៅខេត្តមួយ​នោះទេ។

លោក ចាន់ ផល្លី អភិបាលក្រុងកំពង់ចាម មានប្រសាសន៍បន្តថា ដោយមានការលើកទឹកចិត្តដល់កម្លាំងសមត្ថកិច្ច អភិបាលខេត្ត បានជួយឧបត្ថម្ភម៉ាស ១០០០ អង្ករ ១០០គីឡូ ទឹកបរិសុទ្ធ ព្រមទាំងថវិកា ១លានរៀល រួមទាំងប៉ុស្តិ៍​ប្រចាំគោលដៅជាច្រើនផ្សេងទៀត គឺមានការឧបត្ថម្ភដូចៗគ្នា។

ជាមួយនោះ លោកអភិបាលខេត្ត ក៏បានណែនាំដល់កម្លាំងសមត្ថកិច្ច ត្រូវតែអនុវត្តឲ្យបានម៉ឺងម៉ាត់នូវ​អនុសាសន៍របស់សម្ដេចតេជោ សែន គឺហាមមិនឲ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ពីខេត្តមួយចូលទៅខេត្តមួយ។ តែមានមន្ត្រីជាច្រើននាក់ ដែលមានផ្ទះសម្បែង នៅក្រុងកំពង់ចាម សព្វថ្ងៃ ពួកគាត់បម្រើការងារជាមន្ត្រីរាជការ នៅខេត្តត្បូងឃ្មុំ ដែលជាខេត្តបំបែកចេញពីខេត្តកំពង់ចាម នៅត្រើយខាងកើតទន្លេមេគង្គ ដូច្នេះពេលព្រឹក ពួកគាត់ ត្រូវចេញដំណើរទៅធ្វើការ និងពេលល្ងាច ត្រូវវិលត្រឡប់មកផ្ទះវិញ។ ជាមួយនោះ គឺត្រូវតែមានលិខិតបេសកកម្ម ទើបអាចឆ្លងកាត់ស្ពានគីហ្សុណា ចូលមកក្រុងកំពង់ចាមបាន។

ដោយឡែក សម្រាប់រថយន្តដឹកទំនិញតូចធំ ដែលបើកចរាចរណ៍តាមដងផ្លូវជាតិ ពេលឆ្លងកាត់គោលដៅ​​ប្រចាំការរបស់សមត្ថកិច្ច គឺតម្រូវឲ្យអ្នកបើកបររថយន្ត ត្រូវចុះពីលើរថយន្ត វាស់កំដៅជាមុនសិន បើសិនជាកម្ដៅឡើងចាប់ពី ៣៨ ឡើងទៅ នឹងត្រូវ​យកសំណាក ទៅពិនិត្យ ហើយតម្រូវឲ្យធ្វើចត្តាឡីស័ក ១៤ថ្ងៃ បង្ការ កុំឱ្យមានការរីករាលដាលនៃជំងឺ​កូវីដ ពីកន្លែងមួយទៅកន្លែងមួយ។ សំខាន់បំផុត គឺត្រូវអនុវត្តវិធានការ ៣ការពារ និង៣កុំ ឲ្យបានជាប់ជាប្រចាំ ទើបខ្លួនយើងមានសុវត្ថិភាព។ ទាំងនេះ គឺបានរួមចំណែកជួយដល់សង្គមជាតិមួយផ្នែកធំ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ