រាជធានីភ្នំពេញ ៖ អ្នករកទទួលទានក្នុងវិស័យទេសចរណ៍បានស្វាគមន៍ចំណើសំណើរបស់រដ្ឋមន្ត្រីក្រសួងទេសចរណ៍ សូមសម្តេចនាយករដ្ឋមន្ត្រីពិចារណាក្នុងការបើកទេសចរដល់អ្នកដំណើរបរទេសដែលបានចាក់វ៉ាក់សាំងហើយ ។ អ្នកស្រី ខៃ ចិន្តា ប្រធានសមាគមសណ្ឋាគារកម្ពុជាបានឱ្យដឹងថា ក្នុងនាមអ្នករកទទួលទាននៅក្នុងវិស័យសណ្ឋាគារកម្ពុជា ពេលបានឃើញសេចក្តីសម្រេចរបស់ថ្នាក់ដឹកនាំក្រសួងទេសចរណ៍បែបនេះ គឺមានសេចក្តីរីករាយ ព្រោះថាលោកស្រីបានរំពឹងលើការទទួលភ្ញៀវបរទេសយូរមកហើយ ព្រោះជំងឺកូវីដ ១៩ បានអូសបន្លាយអស់រយៈពេលវែង ធ្វើឱ្យប៉ះពាល់ទៅដល់អាជីវកម្មក្នុងឧស្សាហកម្មនេះជាខ្លាំង ។ «តែមកដល់ឥឡូវ ក្រសួងទេសចរណ៍ថា រៀបនឹងចំទទួលភ្ញៀវអន្តរជាតិដែលបានចាក់វ៉ាក់សាំងរួចឱ្យមកចូលលេងនៅស្រុកខ្មែរគឺជាការល្អមែនទែន ។ ដូចនេះខ្ញុំសូមស្វាគមន៍និងសាទរ» ។
ក្រសួងទេសចរណ៍បានឲ្យដឹង ថាលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងនេះបានស្នើសុំសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កាលពីពេលថ្មីៗនេះ ក្នុងការពិចារណាបើកទទួលភ្ញៀវទេសចរអន្តរជាតិដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ហើយ មកទស្សនាគោលដៅទេសចរណ៍សៀមរាប-អង្គរ នៅត្រីមាសទី ៤ នៃឆ្នាំ ២០២១ ស្របពេលដែលការគ្រប់គ្រងសហគមន៍នៅខេត្តសៀមរាប-អង្គរស្ថិតក្នុងភាពល្អប្រសើរ ព្រមជាមួយនឹងការជំរុញដំណើរការចាក់វ៉ាក់សាំងបានលឿនជូនចំពោះមន្ត្រីរាជការ និងការជំរុញការចាក់វ៉ាក់សាំង ជូនដល់អ្នកបម្រើការក្នុងឧស្សាហកម្មទេសចរណ៍ និងផ្នែកឯកជនក្នុងវិស័យផ្សេងទៀត ។
សំណើរបស់រដ្ឋមន្ត្រីក្រសួងទេសចរណ៍ សម្តេចតេជោ ហ៊ុន សែន បានអនុញ្ញាតឱ្យក្រសួងទេសចរណ៍ចាប់ផ្តើមធ្វើការពិភាក្សាជាមួយក្រសួងសុខាភិបាល (គណៈកម្មការចំពោះកិច្ច) ក្រសួង-ស្ថាប័នពាក់ពាន់ រដ្ឋបាលខេត្ត និងវិស័យឯកជន ដើម្បីសិក្សាអំពីការបើកទទួលកញ្ចប់ទស្សនកិច្ចចំពោះទេសចរដែលចាក់វ៉ាកក់សាំងរួចហើយ នៅត្រីមាសទី ៤ នៃឆ្នាំ ២០២១ ឬពេលវេលាសមស្របណាមួយដ៏ឆាប់ខាងមុខនេះ ។
អ្នកស្រី ខៃ ចិន្តា ចាត់ទុកសំណើរបស់រដ្ឋមន្ត្រីក្រសួងទេសចរណ៍ទៅប្រមុខរដ្ឋាភិបាលថា ជារឿងល្អប្រសើរបំផុត ។ លោកស្រីសង្កត់ធ្ងន់ថា «ខ្ញុំសង្ឃឹម និងគិតថា យើងទាំងអស់គ្នានឹងសប្បាយចិត្ត ព្រោះយើងបានរងចាំទទួលភ្ញៀវអស់រយៈពេលជាងមួយឆ្នាំមកហើយធ្វើឱ្យក្រុមហ៊ុនស៊ឹងតែដួលរំលំអស់គ្រប់គ្នា ស្រាប់តែមើលឃើញដំណឹងល្អ ដោយរាជរដ្ឋាភិបាល នឹងពិចារណា ឬអនុញ្ញាតឱ្យភ្ញៀវទេសចរបរទេស ចូលមកទស្សនានៅអង្គរ គឺពួកគាត់មានចិត្តត្រេកអរទាំងអស់គ្នា នឹងរងចាំស្វាគមន៍ ហើយនឹងរៀបចំសេវាកម្មធ្វើយ៉ាងណាឱ្យភ្ញៀវសប្បាយចិត្ត» ។
លោក ធឿន វុឌ្ឍី មគ្គុទេសទេសចរណ៍ប្រចាំតំបន់សៀមរាបបានឱ្យដឹងថា ដំណឹងនេះជាការល្អសម្រាប់អ្នករកស៊ីក្នុងវិស័យទេសចរណ៍ ប្រសិនជារាជរដ្ឋាភិបាអាចធ្វើបាន ។ តែលោកនៅមានការជឿជាក់តិចតួចនៅឡើយ ព្រោះជំងឺកូវីដ ១៩ នេះវាហាក់មិនទាន់មានសញ្ញាណថមថយនៅឡើយទេ ។ «តែទោះជាយ៉ាងណា នេះជាព័ត៌មានមួយល្អ និងការជាលើកទឹកចិត្ត ហើយខ្ញុំសូមអបអរសាទរ» លោក ធឿន វុឌ្ឍី បញ្ជាក់ ។
ក្នុងសារផ្ញើជូនជនរួមជាតិនៅក្នុងឳកាសចូលឆ្នាំថ្មីប្រពៃណីជាតិនាពេលខាងមុខ សម្តេចនាយករដ្ឋមន្ត្រី បានលើកឡើងថា នៅក្នុងឆ្នាំ ២០២០ កន្លងទៅនេះ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ១,៣១លាននាក់ បានថយចុះ ៨០,២០% និងភ្ញៀវទេសចរជាតិមានប្រមាណ ៧,២៣លាននាក់បានថយចុះ ៣៦,១០% បើធៀបនឹងឆ្នាំ ២០១៩ ។ ចំណូលពីវិស័យទេសចរណ៍ គឺទទួលបានប្រមាណ ១,០២៣លានដុល្លារអាមេរិក គឺបានធ្លាក់ចុះ ៧៩,២០% ។ នៅក្នុងផែនការស្តាវិស័យទេសចរណ៍ឡើងវិញនេះ ក្រៅពីគម្រោងអនុញ្ញាតឲ្យអ្នកទេចរបរទេស ដែលបានចាក់វ៉ាក់សាំងរួចបានចូលមកទស្សនាអង្គរវត្តនោះ ក្រសួងទេសចរណ៍កម្ពុជាបានកំពុងជំរុញដំណើរកម្សាន្តពលរដ្ឋនៅក្នុងស្រុកផងដែរនៅក្រោយពេលកូវីដ ១៩ ស្ងប់នោះដែរ ។ ជាការកត់សម្គាល់វ៉ាក់សាំងជាផ្នែកសំខាន់ដែលគេរំពឹងថា នឹងធ្វើឲ្យពិភពលោកស្តារសេដ្ឋកិច្ចនិងសង្គមឡើងវិញក្រោយពីការខ្ទេចខ្ទាំដោយសារកូវីដ ១៩ ជាងមួយឆ្នាំមកនេះ នៅពេលពលរដ្ឋជាច្រើនបានចាក់នោះ ៕
ចែករំលែកព័តមាននេះ