ស្រីលង្កា ៖ រឿងដ៏ភ្ញាក់ផ្អើលមួយបានកើតឡើងក្នុងការប្រកួតបវរកញ្ញារៀបការហើយរបស់ប្រទេសស្រីលង្កា «Mrs Sri Lanka» ប្រចាំឆ្នាំ ២០២១។ បន្ទាប់ពីម្ចាស់ជ័យលាភីឆ្នាំនេះ ត្រូវបានដកហូតមកុដនៅលើឆាកតែម្តង។ ក្រោយត្រូវរកឃើញថាបានលែងលះជាមួយស្វាមី។ នេះបើយោងតាមប្រភពពី BBC។
លោកស្រី Pushpika De Silvaរឿងចម្រូងចម្រាសនេះ កើតឡើងកាលពីថ្ងៃទី៤ ខែមេសា នៅពេលបេក្ខនារី Pushpika De Silva ត្រូវបានប្រកាសជាម្ចាស់ជ័យលាភី «Mrs Sri Lanka» ប្រចាំឆ្នាំនេះ ក្នុងកម្មវិធីប្រកួតប្រជែងដែលធ្វើឡើងនៅក្នុងរដ្ឋធានីកូឡុមបូ និងត្រូវបានចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍ជាតិស្រីលង្កា។ ក្រោមវត្តមានភរិយាលោកនាយករដ្ឋមន្ត្រី Mahinda Rajapaksa គឺលោកស្រី Shiranthi Rajapaksa ថែមទៀតផង។
លោកស្រី Pushpika De Silva និងស្វាមីក្រោយការប្រកាសលទ្ធផល De Silva ក៏បានទទួលមកុដជ័យលាភីរបស់គាត់។ ប៉ុន្តែភ្លាមៗនោះ ម្ចាស់ជ័យលាភីកាលពីឆ្នាំ ២០១៩ គឺលោកស្រី Caroline Jurie បានមកបង្អាក់ពិធីអបអរនោះ។ ដោយកាន់មីក្រូហ្វូនដើម្បីឡើងមកប្រកាសនៅលើឆាកថា ម្ចាស់ជ័យលាភីឆ្នាំនេះបានលែងលះស្វាមីរួចហើយ។ មុនពេលគាត់ទៅដកហូតមកុដចេញពីក្បាលរបស់ De Silva។

Jurie បានប្រាប់ទស្សនិកជនថា៖ «មានច្បាប់មួយដែលរារាំងស្ត្រីដែលបានរៀបការរួច ហើយបានលែងលះគ្នា។ ដូច្នេះខ្ញុំនឹងយកមុកដនេះ ទៅបំពាក់ឱ្យបេក្ខនារីរងជើងឯក»។

ទោះយ៉ាងណាក្រោយរឿងរ៉ាវនេះកើតឡើង អ្នករៀបចំកម្មវិធីបានចេញមុខសុំទោសលោកស្រី De Silva ដោយបានបញ្ជាក់ថាលោកស្រីគឺរស់នៅបែកគ្នា ប៉ុន្តែមិនលែងលះគ្នាទេ។
លោកស្រី Pushpika De Silvaនៅក្នុងការបង្ហោះតាមហ្វេសប៊ុកលោកស្រី De Silva បាននិយាយថា គាត់បានទៅមន្ទីរពេទ្យដើម្បីព្យាបាលរបួសក្បាល បន្ទាប់ពីមានហេតុការណ៍នោះកើតឡើង។ ហើយគាត់នឹងចាត់វិធានការតាមផ្លូវច្បាប់លើជនបង្ក ចំពោះការប្រមាថដ៏ធំនេះ។
ដោយឡែកលោក Chandimal Jayasinghe នាយកជាតិទទួលបន្ទុកការប្រកួត «Mrs Sri Lanka» ក៏បានប្រកាសថាមកុដជ័យលាភីឆ្នាំនេះ នឹងត្រូវប្រគល់ជូនលោកស្រី De Silva៕
ចែករំលែកព័តមាននេះ