ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ញា​៨​យ៉ាង​របស់​ព្រះ​ពោធិសត្វ

3 ឆ្នាំ មុន

ថ្ងៃមួយ​ព្រះ​មាន​ព្រះ​ភាគ​ត្រាស់​ទៅ​កាន់ ភិក្ខុ​ទាំងឡាយ​ថា ម្នាល​ភិក្ខុ​ទាំងឡាយ តថាគត​ចង់​ប្រាប់​អ្នក​រាល់គ្នា អំពី​ការ​យល់​ដឹង​បញ្ញា​៨​យ៉ាង របស់​ព្រះ​ពោធិសត្វ ដើម្បី​ជួយ​អ្នក​ដទៃ​ឲ្យ​មាន​ជ័យជម្នះ​លើ​ការ​ភ្លេចភ្លាំង និង​ទទួល​ពន្លឺ​នៃ​ការ​ត្រាស់​ដឹង ។ បញ្ញា​ទាំង​៨​យ៉ាងនោះ​គឺ​៖…

ថ្ងៃមួយ​ព្រះ​មាន​ព្រះ​ភាគ​ត្រាស់​ទៅ​កាន់ ភិក្ខុ​ទាំងឡាយ​ថា ម្នាល​ភិក្ខុ​ទាំងឡាយ តថាគត​ចង់​ប្រាប់​អ្នក​រាល់គ្នា អំពី​ការ​យល់​ដឹង​បញ្ញា​៨​យ៉ាង របស់​ព្រះ​ពោធិសត្វ ដើម្បី​ជួយ​អ្នក​ដទៃ​ឲ្យ​មាន​ជ័យជម្នះ​លើ​ការ​ភ្លេចភ្លាំង និង​ទទួល​ពន្លឺ​នៃ​ការ​ត្រាស់​ដឹង ។ បញ្ញា​ទាំង​៨​យ៉ាងនោះ​គឺ​៖

១- គឹ​ការ​ដឹង​ថា ធម៌​ទាំងអស់​មាន​សភាព​មិន​ទៀងទាត់ មិន​តាំងនៅ​យូរ អនិច្ចំ និង​មាន​សេចក្តី​វិនាស​ទៅ​ជា​ធម្មតា អនត្តា ។ ដោយសារ​ការ​ចម្រើន ភាវនា​លើ​ធម្មជាតិ អនិច្ចំ និង​អនត្តា នៃ​ធម៌​ទាំងអស់ អ្នក​នឹង​អាច​គេច​ចេញ​ផុត​អំពី​សេចក្តី​ទុក្ខ និង​បាន​ទទួល​នូវ​ពន្លឺ​ត្រាស់​ដឹង សេចក្តី​ស្ងប់​កាយ ស្ងប់ចិត្ត និង​សេចក្តី​រីករាយ ។

២- គឺ​ការ​ដឹង​ថា មាន​តណ្ហា​ច្រើន នាំ​មក​នូវ​ទុក្ខ​ក៏​ច្រើន ។ ការ​លំបាក​វេទនា​ទាំងអស់ ពិតជា​កើតឡើង​ពី​តណ្ហា​និង​លោភៈ ។

៣- គឺ​ការ​ដឹង​ថា ការ​រស់នៅ​ធម្មតា និង​ការ​មាន​ប្រាថ្នា​តិចតួច​នាំ​ឲ្យ​មាន​សេចក្តី​ស្ងប់ សេចក្តី​រីករាយ និង​សុភមង្គល ។ ការ​រស់នៅ​ធម្មតា អាច​មាន​ពេលវេលា និង​ការ​សញ្ជឹងគិត​បាន​ច្រើន ដើម្បី​នឹង​ហាត់រៀន ព្រះធម៌​វិន័យ និង​ជួយ​ដល់​អ្នក​ដទៃ ។

៤- គឺ​ការ​ដឹង​ថា មាន​តែ​ការ​ប្រឹងប្រែង​ដោយ​វិ​រិ​យ​ភាព​ប៉ុណ្ណោះ​ទេ ដែល​អាច​នាំ​ឲ្យ​ទៅ​ដល់​ពន្លឺ​ត្រាស់​ដឹង ។ ការ​ខ្ជិលច្រអូស និង​ការ​ឈ្លក់​វង្វេង ក្នុង​តម្រេក​តណ្ហា ជា​ឧបសគ្គ​ធំ​បំផុត​ចំពោះ​ការ​សិក្សា ។

៥- គឺ​ការ​ដឹង​ថា អវិជ្ជា​ជា​ប្រភព​នៃ​ការ​វិល​កើត​វិល​ស្លាប់ មិន​ចេះ​ចប់​មិន​ចេះ​ហើយ អ្នក​ត្រូវ​តែ​ចង​ចាំ​ជា​និច្ច ចំពោះ​ការ​ស្តាប់ និង​ការ​សិក្សា ដើម្បី​ពង្រឹង​ការ​យល់​ដឹង និង​សំនួនវោហារ​របស់​អ្នក ។

៦- គឺ​ការ​ដឹង​ថា ភាព​ក្រីក្រ​ពិតជា​បង្កើត​ឲ្យ​មាន​សេចក្តី​ស្អប់​និង​កំហឹង ។ បុគ្គល​ដើរ​តាម​មាគ៌ា​ធម៌ ពេល​សិក្សា អាច​ពិចារណា​ឃើញ​ថា មនុស្ស​គ្រប់​ៗ​រូប ទោះបីជា​មិត្តភក្តិ​ក្តី ទោះបីជា​សត្រូវ​ក្តី សុទ្ធតែ​មាន​សភាព​ដូច​ៗ​គ្នា និង​មាន​សិទ្ធិ​ស្មើ​ៗ​គ្នា បុគ្គល​នោះ​នឹង​មិន​ទាំង​ផ្តន្ទាទោស ដល់​ជន​ដែល​ប្រព្រឹត្ត​ខុស​ពី​ពេល​មុន និង​មិន​ទាំង​ស្អប់​ដល់​ជន​ដែល​ធ្វើ​ឲ្យ​អន្តរាយ​នា​ពេល​បច្ចុប្បន្ន ។

៧- គឺ​ការ​ដឹង​ថា យើង​រស់នៅ​ក្នុង​លោក​នេះ ដើម្បី​ជួយ​ទូន្មាន និង​សង្គ្រោះ​ដល់​អ្នក​ដទៃ ដូច្នេះ​យើង​មិន​ត្រូវ​ជាប់ជំពាក់​ជាមួយនឹង​វត្ថុ​លោកិយ​ទេ បុគ្គល​ដែល​ចាកចោល​ផ្ទះ​ហើយ​ទៅ​បួស មាន​សិទ្ធិ​ទទួល​កម្មសិទ្ធិ​តែ​ស្បង់​ចីវរ​សង្ឃាដី និង​បាត្រ​១​ប៉ុណ្ណោះ ។ បុព្វ​ជិត​អង្គ​នោះ រស់នៅ​តាម​សភាព​ធម្មតា និង​មើលទៅ​កាន់​សព្វ​សត្វលោក​ទាំងអស់​ដោយ​ចក្ខុ​នៃ​មេត្តា​ជា​និច្ច ។

៨- គឺ​ការ​ដឹង​ថា យើង​មិន​ត្រូវ​សិក្សា​សម្រាប់​ការ​ត្រាស់​ដឹង​តែ​ខ្លួនឯង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ត្រូវ​បូជា​កាយ និង​ចិត្ត​ទាំងស្រុង ដើម្បី​ជួយ​ដឹកនាំ អ្នក​ដទៃ​ទៀត​ឲ្យ​បាន​ដល់​ទ្វារ​នៃ​ការ​ត្រាស់​ដឹងផង​ដែរ ។

ម្នាល​ភិក្ខុ​ទាំងឡាយ​ផ្លូវ​ទាំង​អស់នេះ​ហើយ​ជា​ការ​យល់​ដឹង ជា​បញ្ញា​របស់​ព្រះ​ពោធិសត្វ ។ ព្រះ​ពោធិសត្វ​គ្រប់​ព្រះ​អង្គ តែងតែ​ពិចារណា​ដល់​សេចក្តី​យល់​ដឹង​ទាំង​៨​ប្រការ​នេះ ទើប​ព្រះ​អង្គ​បាន​ទទួល​នូវ​ពន្លឺ​ត្រាស់​ដឹង ។ ទោះ​ទីកន្លែង​ណា​ក៏​ដោយ​ឲ្យ​តែ​ព្រះ​ពោធិសត្វ យាង​ទៅ​ដល់ ព្រះ​អង្គ​តែងតែ​ប្រើ​សេចក្តី​យល់​ដឹង​ទាំង​៨​ប្រការ​នេះ ដើម្បី​បើក​ចិត្តគំនិត បើកភ្នែក និង​អប់រំ​អ្នក​ដទៃ ដើម្បី​ឲ្យ​រក​ឃើញ​ផ្លូវ​នៃ​ពន្លឺ​ត្រាស់​ដឹង​ដល់​សព្វ​សត្វ​ទាំងអស់ ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ