សម្ដេច​តេ​ជោ អនុម័ត​លើ​ផែនការ​ស្តារ​វិស័យ​ទេសចរណ៍ក្រោយ​វិបត្តិ​ជំងឺ​កូ​វី​ដ​-១៩ និង​ផែនការមេ​អភិវឌ្ឍន៍​ទេសចរណ៍ - Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

សម្ដេច​តេ​ជោ អនុម័ត​លើ​ផែនការ​ស្តារ​វិស័យ​ទេសចរណ៍ក្រោយ​វិបត្តិ​ជំងឺ​កូ​វី​ដ​-១៩ និង​ផែនការមេ​អភិវឌ្ឍន៍​ទេសចរណ៍

5 ថ្ងៃ មុន
  • Phnom Penh

រាជធានី​ភ្នំពេញ​៖ ក្រសួងទេសចរណ៍ នា​ថ្ងៃ​ទី​០១ ខែមេសា ឆ្នាំ​២០២១​នេះ បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​ថា ផែនទី​ចង្អុល​ផ្លូវ (Roadmap) ស្តី​ពី​ផែនការ​ស្តារ និង​លើក​ស្ទួយ​វិស័យ​ទេសចរណ៍​កម្ពុជា…

រាជធានី​ភ្នំពេញ​៖ ក្រសួងទេសចរណ៍ នា​ថ្ងៃ​ទី​០១ ខែមេសា ឆ្នាំ​២០២១​នេះ បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​ថា ផែនទី​ចង្អុល​ផ្លូវ (Roadmap) ស្តី​ពី​ផែនការ​ស្តារ និង​លើក​ស្ទួយ​វិស័យ​ទេសចរណ៍​កម្ពុជា ក្នុង​និង​ក្រោយ​វិបត្តិ​ជំងឺ​កូ​វី​ដ​-១៩ និង​ផែនការមេ​អភិវឌ្ឍន៍​ទេសចរណ៍​ខេត្តសៀមរាប ២០២១-២០៣៥ ត្រូវ​បាន​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា អនុម័ត​ជា​ផ្លូវការ​រួច​ហើយ នា​ថ្ងៃ​ទី​៣០ ខែមីនា​កន្លង​ទៅ​។

Picture

សេចក្ដី​ប្រកាស​ព័ត៌មាន​នេះ​មាន​ខ្លឹមសារ​ដូច​ខាងក្រោម​៖ ទី​១៖ ផែនទី​ចង្អុល​ផ្លូវ (Roadmap) ស្តី​ពី​ផែនការ​ស្តារ និង​លើក​ស្ទួយ​វិស័យ​ទេសចរណ៍​កម្ពុជា ក្នុង​និង​ក្រោយ​វិបត្តិ​ជំងឺ​កូ​វី​ដ​-១៩ វិស័យ​ទេសចរណ៍ ជា​វិស័យ​អាទិភាព​ក្នុង​ការ​រួមចំណែក​អភិវឌ្ឍន៍​សេដ្ឋកិច្ច​-​សង្គម​កម្ពុជា​។ វិស័យ​ទេសចរណ៍ ក៏​ដូច​ជា​វិស័យ​នានា​បាន​ទទួល​រង​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង ពី​វិបត្តិ​ជំងឺ​កូ​វី​ដ​-១៩​។ សម្រាប់​កម្ពុជា​ការ​ស្តារ​ឡើង​វិញ នៃ​វិស័យ​នេះ​ទាមទារ​ឱ្យ​មានការ​គិតគូរ និង​តម្រង់​ទិស​ច្បាស់លាស់ និង​គ្រប់​ជ្រុងជ្រោយក្នុង​ន័យ​នេះ «​ផែនទី​ចង្អុល​ផ្លូវ (Roadmap) ស្តី​ពី​ផែនការ​ស្តារ និង​លើក​ស្ទួយ​វិស័យ​ទេសចរណ៍​កម្ពុជា ក្នុង​និង​ក្រោយ​វិបត្តិ​ជំងឺ​កូ​វី​ដ​-១៩» នឹង​ក្លាយជា​ត្រីវិស័យ និង​ជា​ផែនការ​យុទ្ធសាស្ត្រ​មួយ​ដ៏​សំខាន់ ដើម្បី​ធានា​ដាក់​ចេញ​វិធានការ​អន្តរាគមន៍​ទាន់​ពេលវេលា​។ ផែនទី​ចង្អុល​ផ្លូវ​នឹង​កំណត់​នូវ​ចក្ខុវិស័យ ក្នុង​ការ​ប្រែក្លាយ​វិបត្តិ​ជំងឺ​កូ​វី​ដ​-១៩ ទៅ​ជា​កាល្លានុវត្តភាព​សម្រាប់​ការ កែទម្រង់​ក្នុង​វិស័យ​ទេសចរណ៍​កម្ពុជា ឱ្យទៅ​ជា​គោលដៅ​ទេសចរណ៍​គុណភាព សុវត្ថិភាព និង​និរន្តរភាព ដោយ​ទាញ​យក​មក​វិញ នូវ​ចំនួន​ភ្ញៀវ​ទេសចរ​អន្តរជាតិ និង​ជំរុញ​សកម្មភាព​ទេសចរណ៍​ក្នុងស្រុក​។

Picture

ផែនទី​ចង្អុល​ផ្លូវ (Roadmap) ស្តី​ពី​ផែនការ​ស្តារ និង​លើក​ស្ទួយ​វិស័យ​ទេសចរណ៍​កម្ពុជា ក្នុង​និង​ក្រោយ​វិបត្តិ​ជំងឺ​កូ​វី​ដ​-១៩ ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​ក្រសួងទេសចរណ៍ និង​បាន​ទទួល​ការ​ឯកភាព​គាំទ្រ ពី​គណៈកម្មាធិការ​ជាតិ​អភិវឌ្ឍន៍​ទេសចរណ៍ គណៈកម្មការ​អប់រំ យុវជន កីឡា ធម្មការ កិច្ចការ​សាសនា វប្បធម៌ និង​ទេសចរណ៍​នៃ​រដ្ឋសភា ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ និង​វិស័យ​ឯកជន​ផង​ដែរ​។

Picture

ផែនការ​ស្តារ និង​លើក​ស្ទួយ​វិស័យ​ទេសចរណ៍​នេះ នឹង​ត្រូវ​អនុវត្ត​ជា ៣ ដំណាក់កាល រួម​មាន​៖ * ដំណាក់កាល​ទី​១ (Resilience & Restart)៖ ការ​គ្រប់គ្រង​វិបត្តិ​ក្នុង​ដំណាក់កាល​ទម្លាប់​ថ្មី (New Normal) និង​រៀបចំ​ផែនការ​សម្រាប់​ការ​ស្ដារ​ឡើង​វិញ (២០២១)​។ * ដំណាក់កាល​ទី​២ (Recovery)៖ ការ​ស្ដារ​ឡើង​វិញ​នៃ​វិស័យ​ទេសចរណ៍​កម្ពុជា​ក្រោយ​វិបត្តិ​ជំងឺ​កូ​វី​ដ​-១៩ (២០២២-២០២៣) * ដំណាក់កាល​ទី​៣ (Relaunch)៖ ការ​រៀបចំ​ឆ្ពោះទៅ​កាន់​អនាគត​ថ្មី​នៃ​វិស័យ​ទេសចរណ៍​កម្ពុជា (២០២៤-២០២៥)​។ ផែនទី​ចង្អុល​ផ្លូវ​នេះ​មាន​យុទ្ធសាស្ដ្រ​សរុប​ចំនួន ៩ សកម្មភាព​យុទ្ធសាស្ដ្រ​ចំនួន ៤៩ និង​សកម្មភាព​យុទ្ធសាស្ដ្រ​លម្អិត​ចំនួន ១៨០ រួម​ជាមួយ​គម្រោង​កម្មវិធី​អាទិភាព​ចំនួន ១៧​។
បន្ថែម​លើ​នេះ ដើម្បី​ដឹកនាំ និង​តាមដាន​ការ​អនុវត្ត​ផែនការ​សកម្មភាព​ក្នុង​ដំណាក់កាល​នីមួយ​ៗ​នៃ​ផែនទី​ចង្អុល​ផ្លូវ​នេះ រាជរដ្ឋាភិបាល​នឹង​រៀបចំ​យន្តការ​អន្តរ​ស្ថាប័ន​មួយ​។ ការ​អនុម័ត​ផែនទី​ចង្អុល​ផ្លូវ (Roadmap) ស្តី​ពី ផែនការ​ស្តារ និង​លើក​ស្ទួយ​វិស័យ​ទេសចរណ៍​កម្ពុជា ក្នុង និង​ក្រោយ​វិបត្តិ​ជំងឺ​កូ​វី​ដ​-១៩ នា​ពេល​នេះ គឺ​ស្រប​ពេល​ដែល​រាជរដ្ឋាភិបាល​បាន​កំពុង​ប្រកាស​ជំរុញ​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ និង​ពង្រឹង​យន្តការ​គ្រប់គ្រង​ការ​ឆ្លង​រីក​រាលដាល​កូ​វី​ដ​-១៩ ក្នុង​សហគមន៍​ផង​ដែរ​។ * ទី​២៖ ផែនការមេ​អភិវឌ្ឍន៍​ទេសចរណ៍​ខេត្តសៀមរាប ២០២១-២០៣៥ ផែនការមេ​អភិវឌ្ឍន៍​ទេសចរណ៍​ខេត្តសៀមរាប ២០២១-២០៣៥ ត្រូវ​បាន​រៀបចំ​ដោយ «​គណៈកម្មការ​អន្តរក្រសួង​ដើម្បី​សិក្សា​រៀបចំ​ផែនការមេ​អភិវឌ្ឍន៍​ទេសចរណ៍​ខេត្តសៀមរាប​» ដឹកនាំ​ដោយ​ឯកឧត្តម​បណ្ឌិត​ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​ជា​ប្រធាន​គណៈកម្មការ​អន្តរក្រសួង និង​បាន​ទទួល​ការ​ឯកភាព និង​គាំទ្រ​ពី​គណៈកម្មាធិការ​ជាតិ​អភិវឌ្ឍន៍​ទេសចរណ៍​ដែល​មាន​លោក អូន ព័ន្ធ​មុនី​រ័​ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ជា​ប្រធាន​។

Picture

ផែនការមេ​អភិវឌ្ឍន៍​ទេសចរណ៍​ខេត្តសៀមរាប មាន​គោលដៅ​ធ្វើ​ឱ្យ​ខេត្តសៀមរាប​អាច​ក្តាប់​យក​មក​វិញ​នូវ​មោទនភាព​ជា​គោលដៅ​ទេសចរណ៍​ចម្បង​ក្នុង​ប្រទេស​កម្ពុជា និង​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ក្នុង​រយៈពេល​មធ្យម និង​វែង​ខាង​មុខ​។ ផែនការ​មេនេះ កំណត់​ចក្ខុវិស័យ​ឱ្យ​ខេត្តសៀមរាប​ទាក់ទាញ និង​ទទួលភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ចំនួន​ប្រមាណ ១៨.៤ លាន​នាក់ ក្នុង​នោះ​ភ្ញៀវ​ទេសចរ​ជាតិ​ចំនួន​ប្រមាណ ១០.៩ លាន​នាក់ និង​ទេសចរ​អន្តរជាតិ​ចំនួន​ប្រមាណ ៧.៥ លាន​នាក់ បង្កើត​ការងារ​ប្រមាណ ៩៤ ម៉ឺន​នាក់ នាំ​ចំណូល​ហូរ​ចូល​ក្នុង​ចរន្ត​សេដ្ឋកិច្ច​ខេត្តសៀមរាប​ប្រមាណ ៦ ពាន់​លាន​ដុល្លារ​អាម៉េរិក និង​ធ្វើ​ឱ្យ​ខេត្ត​នេះ និង​តំបន់​ជុំវិញ​ក្លាយជា «​គោលដៅ​ទេសចរណ៍​ប្រកបដោយ​គុណភាព​» ឆ្ពោះទៅ​ឆ្នាំ​២០៣៥ តាម​រយៈ​ការ​ដាក់​ចេញ និង​អនុវត្ត​នូវ​គោលដៅ​យុទ្ធសាស្ត្រ​ចំនួន ៧ រួម​មាន​៖ ១៖ ការ​អភិវឌ្ឍ​តំបន់​ទេសចរណ៍​អាទិភាព​នៅ​ខេត្តសៀមរាប ២៖ ការ​អភិវឌ្ឍ​ផលិតផល​ទេសចរណ៍​ថ្មី​ៗ ៣៖ ការ​ផ្សព្វផ្សាយ និង​ទាក់ទាញ​ទេសចរណ៍​មក​ខេត្តសៀមរាប ៤៖ ការ​ពង្រឹងគុណភាព និង​និរន្តរភាព​នៃ​ការ​អភិវឌ្ឍ​ទេសចរណ៍​ខេត្តសៀមរាប ៥៖ ការ​គ្រប់គ្រង​បរិស្ថាន​នៅ​ខេត្តសៀមរាប ៦៖ ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ និង​ពង្រឹង​កា​រត​ភ្ជាប់​គាំទ្រ​វិស័យ​ទេសចរណ៍​នៅ​ខេត្តសៀមរាប ៧៖ ការ​ពង្រឹង​អភិបាលកិច្ច​សម្រាប់​ទ្រទ្រង់​ការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​នៅ​ខេត្តសៀមរាប​។

Picture

ផែនការ​មេនេះ ដាក់​ចេញ​នូវ​យុទ្ធសាស្ត្រ​សរុប​ចំនួន ៤៤ សកម្មភាព​អនុវត្ត​សរុប​ចំនួន ១៣៦ សម្រាប់​រយៈពេល​ខ្លី រយៈពេល​មធ្យម និង​រយៈពេល​វែង អម​ជាមួយ​គម្រោង​សកម្មភាព​អាទិភាព​ចំនួន ២០​។ ក្រសួងទេសចរណ៍​នឹង​បន្ត​ពិភាក្សា​ជាមួយ​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​ជំរុញ​ការ​អនុវត្ត​ឯកសារ​ដ៏​មាន​សារៈសំខាន់​ជា​យុទ្ធសាស្ត្រ​ទាំង​ពីរ​ខាងលើ​នេះ ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​ ៕