ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធាន​សមាគម​សហគ្រិន​ស្ត្រី​កម្ពុជា​ទើប​ជាប់​ឆ្នោត​នឹង​ប្ដេជ្ញា​ស្ដារ​វិស័យ ​SME​ ឡើង​វិញ​ពី​វិបត្តិ​កូ​វី​ដ​១៩

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្រធាន​សមាគម​សហគ្រិន​ស្ត្រី​កម្ពុជា ដែល​ទើប​ជាប់​ឆ្នោត​ជា​ថ្មី តាម​រយៈ​ការ​បោះ​ឆ្នោត​តាម​រយៈ​ប្រព័ន្ធ​ឌី​ជី​ថ​ល​កាលពី​ថ្ងៃ​ទី​៣១ មីនា ២០២១ លោក​ជំទាវ​កែវ មុំ បាន​ប្ដេជ្ញា​ថា​នឹង​ជំរុញ…

រាជធានី​ភ្នំពេញ ៖ ប្រធាន​សមាគម​សហគ្រិន​ស្ត្រី​កម្ពុជា ដែល​ទើប​ជាប់​ឆ្នោត​ជា​ថ្មី តាម​រយៈ​ការ​បោះ​ឆ្នោត​តាម​រយៈ​ប្រព័ន្ធ​ឌី​ជី​ថ​ល​កាលពី​ថ្ងៃ​ទី​៣១ មីនា ២០២១ លោក​ជំទាវ​កែវ មុំ បាន​ប្ដេជ្ញា​ថា​នឹង​ជំរុញ វិស័យ​សហគ្រាស​ខ្នាត​តូច​និង​មធ្យម នៅ​កម្ពុជា​ឱ្យ​ងើបឡើង​វិញ ពី វិបត្តិ​កូ​វី​ដ​១៩ ។

លោក​ជំទាវ​កែវ មុំ​ប្រធាន​សមាគម​សហគ្រិន​ស្ត្រី កម្ពុជា​បានឱ្យ​ដឹង​ថា នៅ​ក្នុង​វិបត្តិ​កូ​វី​ដ​១៩​ក្នុង​ឆ្នាំ ២០២០ និង​ឆ្នាំ ២០២១​នេះ មិន​ថា​សហគ្រាស​គ្រប់គ្រង​ជា​ស្ត្រី ឬ​សហគ្រាស​គ្រប់គ្រង​ដោយ​បុរស​នោះ​ទេ គឺ​បាន​រង​ផល​ប៉ះពាល់​ពី​កូ​វី​ដ​១៩​ដូច​គ្នា ហើយ​ក៏​មាន​បិទ​និង​ផ្អាក​ដំណើរការ​ទាំង​ស្ត្រី និង​បុរស ។ អ្វី​ដែល​សមាគម​ចង់បាន​នៅ​ពេល​នេះ គឺ​ស្នើ​សុំ​ឱ្យ​រដ្ឋាភិបាល​ចាក់​វ៉ាក់សាំង​ឱ្យ​សហគ្រិន​យើង​បាន​ឆាប់ ដើម្បី​ឱ្យ​ពួក​គេ​អាច​មានការ​ការពារ និង​អាច​ធ្វើ​សកម្មភាព​បាន​ខ្លះ​ៗ​ឡើង​វិញ ។

លោក​ជំទាវ​បន្ត​ថា បញ្ហា​ប្រឈម​សម្រាប់​សហគ្រិន​ស្ត្រី​នៅ​ពេល​នេះ គឺ​ទុន​សម្រាប់​ពង្រីក​អាជីវកម្ម បើ​ទោះបីជា​ថ្មី​ៗ​នេះ​រដ្ឋាភិបាល​បាន​ប្រកាស​ផ្ដល់​កញ្ចប់​ថវិកា​២០០​លាន​ដុល្លារ​អា​មេ​រិ​ក​សម្រាប់​សហគ្រាស​ខ្នាត​តូច​និង​មធ្យម​ក្តី តែ​លក្ខខណ្ឌ​ដែល​ដាក់​ចេញ​មក​គឺ​សហគ្រិន​ខ្លះ​ពិបាក​ទទួលយក​ដែរ ដោយ​មុន​នឹង​ទ​ទូល​បាន​កម្ចី ត្រូវ​ទិញ​ធានា​រ៉ាប់រង​នៅ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ហើយ​កញ្ចប់​ធានា​រ៉ាប់រង​នេះ​ដែរ ក៏​សម្រាប់​តែ​សហគ្រាស​ណា​ដែល​មាន ភាពរឹងមាំ​ក្នុង​អាជីវកម្ម​ទៅ​ហើយ ។

លោក​ជំទាវ​បន្ត​ថា ថ្វិ​ត្បិត​តែ​បច្ចុប្បន្ន​នេះ ធនាគារ​ជា​ច្រើន​បាន​ត្រៀម​កញ្ចប់​ថវិកា​សម្រាប់​ផ្ដល់​កម្ចី​ដល់​សហគ្រាស​ខ្នាត​តូច​និង​មធ្យម​កម្ពុជា តែ​សហគ្រាស​ខ្លះ​ក៏​នៅ​តែ​ពិបាក​ទទួលយក​ដោយសារ​តែ​សហគ្រាស​មួយ​ចំនួន​មិន​មានទ្រព្យ​បញ្ចាំ​ដើម្បី​យក​កម្ចី​មក​ប្រើប្រាស់ ។ លោក​ជំទាវ កិត្តិ​បណ្ឌិត អ៊ឹ​ង ក​ន្ថា​ផា​វី រដ្ឋមន្ត្រីក្រសួង​កិច្ចការ​នារី បាន​ថ្លែង​ថា សមាគម​សហគ្រិន​ស្ត្រី កម្ពុជា (CWEA ) គឺជា​សសរស្តម្ភ និង​ភ្នាក់ងារ​ដ៏​សំខាន់​ក្នុង​ការ​ចូលរួម​ជំរុញ​នូវ​កំណើនសេដ្ឋកិច្ច​នៅ​កម្ពុជា ។

លោក​ជំទាវ​រដ្ឋមន្ត្រី​បាន​បញ្ជាក់​បន្ថែម អំពី​ការ​ស្វាគមន៍​ចំពោះ​ការ​ចូលរួម​របស់ CWEA ជាមួយ​ក្រសួង​កិច្ចការ​នារី​ក្នុង​ការ​បង្កើត និង​ដំណើរការ​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​សហគ្រិនភាព​ស្ត្រី (Women’s Entrepreneur Development Center) ដើម្បី​លើកកម្ពស់​សហគ្រិនភាព​ស្ត្រី សមភាព​យេ​ន​ឌ័​រ និង​សេដ្ឋកិច្ច​ឱ្យ​កាន់តែ​មាន​ភាព​ប្រសើរ​ឡើង ។

គួរ​បញ្ជាក់​ថា កម្មវិធីបោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាភិបាល​នៃ​សមាគម​សហគ្រិន​ស្ត្រី​នៅ​ពេល​ក៏​មាន​ចូលរួម​គាំទ្រ​ហិរញ្ញវត្ថុ​ដោយ សហគ្រិន​ខ្មែរ (KE) ដែល​ជា​ស្ថាប័ន​មួយ​ស្ថិត​ក្រោម​ចំណុះ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​កម្មវិធី​ចង្វាក់​តម្លៃ​កសិកម្ម​កម្ពុជា​-​អូស្ដ្រាលី (CAVAC) ផ្តួចផ្តើម​ជួយ​អភិវឌ្ឍ​សហគ្រាស​ធុន​តូច និង​មធ្យម (SMES) ឬ​ធុរកិច្ច​បង្កើត​ថ្មី​ដែល​កែ​ច្នៃ​ផលិតផល​កសិកម្ម​តាម​រយៈ​ការ​ផ្តល់​កញ្ចប់​ជំនួយ​ឧបត្ថម្ភ​ឥត​សំណង និង​ផែនការអភិវឌ្ឍន៍​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ