ខេត្តសៀមរាប ៖ កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តសៀមរាបថ្មីៗនេះបានចុះឃាត់ខ្លួននារីមួយរូបដែលលាយឡេលក់បន្លំម៉ាកផលិតផលឡេរបស់ក្រុមហ៊ុនមួយ យកមកអប់រំ និងធ្វើកិច្ចសន្យាមុនត្រូវបានដោះលែងមកផ្ទះវិញ ។
ប្រតិបត្តិការដឹកនាំដោយ លោកឧត្តមសេនីយ៍ត្រីម៉ក់ ធារ៉ា ស្នងការងទទួលបន្ទុកបង្ក្រាបបទ ល្មើស នៃស្នងការដ្ឋានខេត្តសៀមរាបនិងមានការចូល រួមពីមន្ត្រីនគរបាលប៉ុស្តិ៍មូលដ្ឋាន ក្រោមការសម្របសម្រួល ពីសំណាក់លោក ថេង សំណាង តំណាងអយ្យការអមសាលាដំបូងខេត្តសៀមរាប បានចុះបង្ក្រាបទីតាំងចែកចាយផលិត ផលក្លែងម៉ាកក្លែក្លាយ ឈានដល់ឃាត់ខ្លួនស្ត្រីម្ចាស់ទីតាំងម្នាក់យកមកធ្វើកិច្ចសន្យាអប់រំឱ្យត្រឡប់ទៅទាំងល្ងាចថ្ងៃទី១៨ ខែមីនា ។
ការចុះបង្ក្រាបនេះធ្វើឡើងនាថ្ងៃទី ១៨ ខែមីនាឆ្នាំ២០២១ នៅចំណុចក្នុងផ្សារលើធំថ្មី ស្ថិតក្នុងភូមិដកពោធិ សង្កាត់ស្លក្រាម ក្រុងសៀមរាប។ បើតាមការឱ្យដឹងពីសមត្ថកិច្ចនគរបាលជំនាញបានប្រាប់ថា ម្ចាស់ទីតាំង មានឈ្មោះ បូ រ៉ាណា ភេទស្រី អាយុ៣៧ឆ្នាំ រស់នៅសង្កាត់ស្វាយ ដង្គំ ក្រុងសៀមរាប យកទៅធ្វើការសាក សួរ នៅស្នងការដ្ឋាននគរបាលខេត្ត និង បានរឹបអូសផលិតផលក្លែងម៉ាករបស់ក្រុមហ៊ុនមួយ ជាច្រើនមុខ នៅក្នុងផ្សាលើធំថ្មី ក្រុង/ខេត្តសៀមរាប។
សមត្ថកិច្ចជំនាញបានបញ្ជាក់ថា មុនពេលឈានដល់ការបង្ក្រាបនេះម្ចាស់ក្រុមហ៊ុន បានណែនាំដល់ម្ចាស់ទីតាំងខាងលើឱ្យបញ្ឍប់សកម្ម ភាពក្លែងម៉ាកផលិតផលរបស់ខ្លួន និងយកទៅចែកចាយ ។ ប៉ុន្តែ ម្ចាស់ទីតាំងមិនអនុវត្តតាម ហើយនៅតែបន្តចែកចាយ ទើបក្រុមហ៊ុនបានប្តឹងទាមទារសំណង១០ម៉ឺនដុល្លារ និងឈានដល់បង្ក្រាបបែបនេះ។

ជាមួយនឹងការឃាត់ខ្លួនស្រ្តីម្ចាស់ទីតាំង ខាងលើនេះ សមត្ថកិច្ចបាន ដកហូតផលិតផលក្លែងម៉ាករួមមាន÷ សេរ៉ូមបន្តក់លាបមុខចំនួន ០៤ដប ឡេលាបខ្លួនចំនួន ២៥កំប៉ុង ម្សៅបំបាត់មុនការពារកំដៅថ្ងៃចំនួន ២៤៣ ក្រឡតូច សាប៊ូដុសខ្លួនចំនួន០៦ដប សាប៊ូលាងមុខ ០៥ដប និងឡេលាយគ្មានម៉ាកចំនួន១០៣កំប៉ុង។
បើតាមការបញ្ជាក់ពីស្ត្រីម្ចាស់ទីតាំងឈ្មោះ បូ រ៉ាណា ភេទស្រី អាយុ៣៧ឆ្នាំ រស់នៅសង្កាត់ស្វាយ ដង្គំ ក្រុងសៀមរាប បានប្រាប់ភ្នាក់ងារកោះសន្តិភាពនៅរសៀលថ្ងៃទី១៨ខែមីនាឆ្នាំ២០២១នេះថា កាលពី ល្ងាចថ្ងៃទី១៧ មានបងស្រីម្នាក់ បានមករកទិញលេលាប មុខម៉ាកផលិតផលមួយ បន្ទាប់មកនាងក៏ប្រាប់ទៅអ្នកមកទិញនោះវិញថា «ខ្ញុំទិញយកមក លាយលក់នេះមានតែ៥ ទៅ ៦ ឡូតិ៍ ប៉ុណ្ណោះ ប៉ុន្តែ បង ស្រីនោះ ប្រាប់ទៀតថា សុំឱ្យជួយលាយ ឱ្យគាត់បាន ៥០ឡូតិ៍មក ស្អែកខ្ញុំមកយក ស្រាប់តែ ព្រឹកឡើងប្រហែលម៉ោង៩ព្រឹកថ្ងៃទី១៨ខែមីនាឆ្នាំ២០២១ ឃើញមានប៉ូលិស និង ព្រះរាជអាជ្ញារង ចូលមកដល់កន្លែងលក់ដូរខ្ញុំតែម្តង ដែលមានទីតាំងស្ថិតនៅក្នុងបរិវេណផ្សារលើធំថ្មី ក្នុងភូមិដកពោធិ៍ សង្កាត់ស្លក្រាម ក្រុងសៀមរាប» ។

ស្ត្រីលក់ ឡេ រូបនេះបានបន្តថា ដោយមានអ្នកកម្ម៉ង់ច្រើន ទើបខ្ញុំលាយ ឱ្យគេ បើគ្មានអ្នកកម្ម៉ង់ទេ ខ្ញុំលាយ លក់ ខ្លួនឯង បានក្នុង១ថ្ងៃ ៥ ម៉ឺន ទៅ១០ ម៉ឺនរៀលប៉ុណ្ណោះ ហើយការលាយឡេលក់នេះ ទើប លាយ លក់បានរយៈពេលជាង១ខែ ទេ
ជាមួយគ្នានោះផងដែរ មតិមហាជនមួយចំនួនបានលើកឡើងថា ការប្រើប្រាស់ឡេលាយដោយអ្នកលក់មួយចំនួន ដោយគ្មានការទទួលស្គាល់ម៉ាកសញ្ញា និងគុណភាពពីក្រសួងសុខាភិបាល គឺបង្កហានិភ័យដល់សុខភាពស្បែករបស់មនុស្សជាខ្លាំង ជាពិសេសគឺឡេដែលលាយមានជាតិកាត់និងជាតិគីមី ធ្វើឲ្យឆាប់ស ជាដើម គឺងាយបង្កាហានិភ័យមហារីកស្បែកផងដែរ ៕


ចែករំលែកព័តមាននេះ