រាជធានីភ្នំពេញ ៖ នៅទីបំផុតកម្មវិធីរាត្រីល្ខោនខោលលើកទី២ ដែលគ្រោងធ្វើឡើងនៅចុងខែមីនា ក្នុងខេត្តស្វាយរៀងនោះ បានសម្រេចលើកពេលហើយ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ក្នុងសហគមន៍។

យោងតាមសេចក្តីជូនដំណឹងដែលបានបង្ហោះតាមផេកហ្វេសប៊ុកយុវជនល្ខោនខោលកម្ពុជា នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ នេះបានអោយដឹងថា យោងតាមស្ថានភាពជាក់ស្តែងនាពេលបច្ចុប្បន្ននេះ នៃការរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ និងដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលបន្ត និងកាត់បន្ថយហានិភ័យនៃការឆ្លងជំងឺសកលនេះជាយថាហេតុ ដូច្នេះគណៈកម្មការរៀបចំព្រឹត្តិការណ៍ រាត្រីល្ខោនខោលលើកទី២ និងពិព័រណ៍ម្ហូបអាហារ ខេត្តស្វាយរៀង នៃសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តស្វាយរៀង សម្រេចផ្អាកនូវព្រឹត្តិការណ៍រាត្រីល្ខោនខោលលើកទី២ និងពិព័រណ៍ម្ហូបអាហារ ខេត្តស្វាយរៀង ដែលគ្រោងនឹងប្រព្រឹត្តិទៅនៅថ្ងៃទី២០-២១ ខែមីនា ឆ្នាំ២០២១ ខាងមុខជាបណ្តោះអាសន្នសិន។ សូមអធ្យាស្រ័យ និងសូមអរគុណ ។ យើងរួមគ្នាបន្តអនុវត្តសុវត្ថិភាព ៣ការពារ ៣កុំ និងតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ការចម្លងរីករាលដាលនៃ ជំងឺកូវីដ-១៩ ទាំងអស់គ្នា។

គួរបញ្ជាក់ថា ក្រុមយុវជនល្ខោនខោលកម្ពុជា គ្រោងរៀបចំព្រឹត្តិការណ៍ «រាត្រីល្ខោនខោល» លើកទី២ នៅថ្ងៃទី ២១ ខែមីនា ក្នុងខេត្តស្វាយរៀង។
លោក ខុន ច័ន្ទសិទ្ធិការ្យ ប្រធានក្រុមយុវជនល្ខោន ថា «រាត្រីល្ខោនខោល» លើកទី២នេះ ប្រារព្ធឡើង ដើម្បីចូលរួមផ្សព្វផ្សាយ និងអភិរក្សនូវទម្រង់ល្ខោនខោល នូវទម្រង់ល្ខោន ឬរបាំផ្សេងៗទៀត ឲ្យកាន់តែទូលំទូលាយ ទៅកាន់ប្រជាពលរដ្ឋ ជាពិសេសអ្នករស់នៅតាមខេត្ត។

លោកបញ្ជាក់ថា តាមគម្រោងព្រឹត្តិការណ៍ «រាត្រីល្ខោនខោល» លើកទី២ នឹងរៀបចំនៅទីតាំងរង្វង់មូលវិមានឯករាជ្យ ក្រុងស្វាយរៀង ខេត្តស្វាយរៀង ចាប់ពីម៉ោង៨កន្លះព្រឹក ដល់ម៉ោង៨យប់។
លោកថា៖ «ក្រៅពីទស្សនីយភាព ការសម្ដែងល្ខោនខោល កម្មវិធីនេះមានតាំងពិព័រណ៍រូបថតល្ខោនខោល និងការសម្ដែងសិល្បៈផ្សេងៗទៀតដែរ»។ ការរៀបចំនេះ គឺជាលើកទីពីរហើយ ដែលក្រុមយុវជនល្ខោលខោលកម្ពុជារៀបចំឡើងនូវព្រឹត្តិការណ៍ «រាត្រីល្ខោលខោល» ដោយលើកទីមួយ ក្នុងឆ្នាំ២០២០កន្លងទៅ «រាត្រីលោ្ខនខោល» ទាក់ទាញអ្នកទស្សនាប្រមាណ ២០០០នាក់។

យ៉ាងណា គេនៅមិនទាន់ដឹងនៅឡើយទេថា ព្រឹត្តការណ៍រាត្រីល្ខោនខោលលើកទី២ អាចនឹងធ្វើឡើងវិញនៅពេលណានោះឡើយ ខណៈពេលការឆ្លងរីករាលដាលជំងឺកូវីដ១៩ ក្នុងសហគមន៍នៃប្រទេសកម្ពុជា នៅមិនទាន់បានធូរស្រាលនៅឡើយរហូតមកទល់ពេលនេះ៕







ចែករំលែកព័តមាននេះ