រាជធានីភ្នំពេញ ៖ ប្រជាពលរដ្ឋអ្នកផលិតអំបិលនៅក្នុងខេត្តកំពត បានឲ្យដឹងថាដោយសារជំងឺវីដ ១៩ ពលរដ្ឋមិនអាចចេញទៅលក់កម្លំាងពលកម្មឆ្ងាយផ្ទះបាន និងមួយទៀតដោយសារពលរដ្ឋពិសេសយុវជនបានបាត់បង់ការងារពីភ្នំពេញដោយសារកន្លែងធ្វើការបិទទ្វារ ឬព្យួរការងារនោះ ពួកគេ បានវិលទៅផលិតអំពិលគួរឲ្យកត់សម្គាល់នៅដើមឆ្នាំ ២០២១នេះ ។
លោក តុង ខ្លឹង អតីតប្រធានផ្នែកចែកចាយអំបិលនៃសហគមន៍ផលិតអំបិលក្នុងខេត្តកំពត និងជាអ្នកផលិតអំបិលមួយរូបបានឱ្យដឹងថា នៅក្នុងពេលមានវិបត្តិកូវីដ ១៩ នេះ ការផលិតអំបិលរបស់ប្រជាសហគមន៍ក្នុងខេត្តកំពត មានកំណើនឡើងវិញ ដោយសារតែកំលាំងពលកម្មងាកមករកការងារក្នុងស្រែអំបិលមានច្រើន ខុសប្លែកពីឆ្នាំមុនៗ កម្មករស្រែអំបិលមួយចំនួនបានធ្វើចំណាកស្រុកទៅរកការងារធ្វើខាងក្រៅដែលជាការងារក្នុងម្លប់ និងទទួលបានកម្រៃខ្ពស់ជាង ។
បញ្ហាកូវីដ ១៩ បណ្ដារោងចក្រ និងសហគ្រាសមួយចំនួនបិទទ្វារ និងព្យួរការងារនោះ បានធ្វើឲ្យពលរដ្ឋពិសេសយុវជនវិលពីភ្នំពេញទៅកាន់ស្រែអំពិលវិញ ។ លោក តុង ខ្លឹង បានបញ្ជាក់ថា «រហូតដល់ពេលមានការងារផ្សេងៗមួយចំនួនទៀតបានបិទធ្វើឱ្យកម្មករមួយចំនួនត្រូវត្រឡប់ទៅស្រុកវិញ ហើយពួកគេបានធ្វើការងារជាកម្មករស្រែអំបិល ទើបម្ចាស់ស្រែអំបិលមួយចំនួនបានពង្រីកការផលិតរបស់ខ្លួនឡើងវិញ» ។
លោកបន្ថែមថា កាលពីមុនអ្នកផលិតអំពិលខ្វះ កំលាំងពលកម្ម ដោយសារតែពលរដ្ឋក្នុងមូលដ្ឋានចាកចេញពីស្រុកកំណើតទៅរកការងារធ្វើខាងក្រៅ ដូចជាទៅធ្វើការនៅរោងចក្រ និងធ្វើការនៅក្រៅប្រទេស តែដល់ពេលមានវិបត្តិដោយសារតែកូវីដ១៩ ពួកគាត់បានត្រលប់មកភូមិស្រុកវិញ ទើបធ្វើឱ្យកំលាំងពលកម្មការងារស្រែអំបិលអត់ខ្វះដូចមុនទេ ។
ទិន្នផលអំបិលក្នុងឆ្នាំ ២០២១នេះមានកម្រិតណានោះគេនៅមិនទាន់ដឹងទេប៉ុន្តែអ្នកផលិតអំពិលថា ចំនួនអំពិលផលិតបានយ៉ាងណានោះ អាស្រ័យលើអាកាសធាតុ ។ បើសិនជាអាកាសធាតុក្ដៅអូសបន្លាយយូរ នោះទិន្នផលនឹងទទួលបានច្រើន តែបើសិនជាឆាប់ធ្លាក់ភ្លៀងអំបិលនឹងបានតិចទៅតាមនោះដែរ ព្រោះការងារផលិតអំបិលវាអាស្រ័យធាតុអាកាសក្ដីទើបបានផលច្រើន ។ ទោះយ៉ាងណាអ្នកខេត្តកំពតបានមើលឃើញថាបច្ចុប្បន្ន ឈ្មួញវៀតណាមបាននាំអំពិលចូលមកផ្គត់ផ្គង់តាមខេត្តជាប់ព្រំដែនមកផ្ទាល់ៗទៅហើយដូចជាខេត្តព្រវែង និងខេត្តស្វាយរៀងជាដើម ។ បើតាមលោក តុង ខ្លឹង ថាបច្ចុប្បន្ននេះ ទីផ្សារអំបិលរបស់ផលិតករអាចលក់បានក្នុងមួយការ៉ុង៨០០០រៀលចំពោះអំបិលល្អ ហើយអំបិលដែលអន់បំផុតមានតម្លៃ ៦ ០០០រៀល ក្នុងមួយការ៉ុង ។
កម្ពុជាមានកសិដ្ឋានផលិតអំបិលក្នុងខេត្តកែប និងកំពត ដោយមានផ្ទៃដីប្រមាណ ៤៦០០ហិកតា ប៉ុន្មានឆ្នាំចុងក្រោយនេះការផលិតអំពិលនៅក្នុងប្រទេសមិនអាចផ្គត់ផ្គង់តម្រូវការបានទេ ។ មានការលើកឡើងថាការផលិតអំបិលមិនបានគ្រប់គ្រាន់ មិនមែនបណ្ដាលមកពីបញ្ហាអាកាសធាតុនោះឡើយ គឺបណ្តាលមកពីខ្វះកម្លាំងពលកម្ម និងតម្លៃដីស្រែអំបិលកំពុងឡើងខ្ពស់ ជាដើម ៕
ចែករំលែកព័តមាននេះ