រលាកមាត់ស្បូន ជាបញ្ហាប្រឈមនឹងគ្រោះថ្នាក់សម្រាប់ស្ត្រីដែលមានការធ្វេសប្រហែសមិនបានយកចិត្តទុកដាក់ក្នុងការអនាម័យ ខ្លួនប្រាណ ហើយបើទុកឲ្យរលាកយូរៗទៅមិនព្រមទទួលការព្យាបាលនឹងអាចបណ្តាលឲ្យគ្មានកូន ។ រលាកមាត់ស្បូន គឺជាជំងឺមួយដែលឆ្លងតាមរយៈមេរោគដោយសារតែកង្វះអនាម័យចំពោះប្រដាប់ភេទ ។
ជំងឺនេះវាច្រើនតែកើតឡើងក្នុងកំឡុងពេល៖
-ស្ត្រីមករដូវ
-ផ្លាស់ប្តូរដៃគូរួមភេទច្រើន ហើយពេលរួមភេទមិនមានប្រើស្រោមអនាម័យ
-ពេលសម្រាលកូន
-ពេលកូនរលូត ។
កាលណាមានបញ្ហារលាកមាត់ស្បូនមានរោគសញ្ញាដាស់អារម្មណ៍ស្ត្រីឲ្យដឹងតាមរយៈទឹករំអិលដែលធ្លាក់ចុះមកខាងក្រៅ ហើយទឹករំអិលនោះមានពីរប្រភេទ៖
1-ទឹករំអិលជាទឹកកាម មានសភាពអន្លាយៗគ្មានក្លិន ខ្លះដូចជាជ័រចេក តែទឹករំអិលបែបនេះគឺជាសភាពធម្មតារបស់ស្ត្រីភេទ មានដូចគ្នាទាំងអស់ ។
2-ទឹករំអិល ដែលបណ្តាលមកពីជំងឺរលាកមាត់ស្បូនមានពណ៌លឿង ធុំក្លិនឆ្អាបនិងស្អុយ បើវាហូរកាត់កន្លែងណាធ្វើឲ្យរមាស់នៅចំណុចនោះបាន ។ ក្នុងករណីដែលធ្ងន់ធ្ងរអ្នកជំងឺអស់កម្លាំងទន់ដៃជើងជាហេតុបង្កឲ្យមានផលវិបាកបំពេញការងារប្រចាំថ្ងៃ ។ ស្ថិតក្នុងសភាពបែបនេះកាលណាបើមិនព្រមព្យាបាលទៀតនោះ ស្ត្រីអាចប្រឈមនឹងបញ្ហាគ្មានកូន ។
ដូច្នេះបើស្ត្រីសង្ស័យថា កើតមានជំងឺរលាកមាត់ស្បូន គួរប្រញាប់ទៅពិភាក្សាជាមួយគ្រូពេទ្យឯកទេសទើបជាការប្រសើរ ។ ដើម្បីបង្ការកុំឲ្យកើតមានជំងឺនេះ ស្ត្រីគ្រប់រូបគប្បីមានអនាម័យឲ្យបានខ្ជាប់ខ្ជូន ពិសេសត្រូវអនាម័យទ្វារមាសរបស់ខ្លួនឲ្យស្អាតជានិច្ច ៕
ចែករំលែកព័តមាននេះ