ខេត្តស្វាយរៀង ៖ នៅថ្ងៃទី០៩ ខែមិនា ឆ្នាំ២០២១ វេលាម៉ោង៤និង៥៥នាទីរសៀលនេះ មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏អាក្រក់ គឺរថយន្តដឹកកម្មករក្រឡាប់ផ្ងាជើងឡើងលើបង្កឲ្យកម្មករកម្មការិនីរងរបួសធ្ងន់ស្រាលចំនួន៥០នាក់ ។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងនៅចំណុចភូមិថ្នាញសង្កាត់បាទី ក្រុងបាវិតខេត្តស្វាយរៀង ។
![Picture]()
បើតាមសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តដឹកកម្មករកម្មការនី១មួយគ្រឿង ម៉ាកហ៊ីយិនដាយ ពណ៌ខៀវ ពាក់ស្លាកលេខសៀមរាម 3A.0557 បើកបរពីទិសខាងជើងទៅត្បូងដោយដឹកកម្មករកម្មការិនី ឈរច្រូងច្រាងណែនពេញទ្រុងរថយន្ត លុះមកដល់ចំណុចកើតហេតុ ស្រាប់តែរេចង្កូតធ្លាក់ចេញពីផ្លូវក្រឡាប់ផ្ងាជើងចាក់ចោលកម្មករកម្មការិនីទៅក្នុងស្រែ បង្កឲ្យរងរបួសធ្ងន់ស្រាលតែម្តង ។
![Picture]()
ប្រភពដដែលបន្តថា អ្នកបើកបររថយន្តឈ្មោះជា ផារី ភេទប្រុស អាយុ២៩ឆ្នាំ មានទីលំនៅភូមិទួលស្តី ឃុំទួលស្តី ស្រុកចន្ទ្រា ខេត្តស្វាយរៀង មុខរបរបើកបររថយន្តដឹកកម្មករកម្មការិនីរោងចក្រ ចំនួន៥០នាក់ ស្រីចំនួន៤០នាក់ ចេញពីធ្វើការ ហើយបានក្រឡាប់ធ្លាក់ចុះស្រែ បណ្តាលឲ្យកម្មកររងរបួសធ្ងន់ចំនួន៥នាក់ស្រី និងរបួសស្រាល៤៥នាក់ ។
![Picture]()
ប្រភបន្តទៀតថា ក្រោយពីគ្រោះថ្នាក់ភ្លាម សមត្ថកិច្ចបានហៅរថយន្តសាមុយដឹកជនរងគ្រោះបញ្ជួនទៅមន្ទីរពេទ្យពន្លឺបូព៌ាបាវិត ក្រុងបាវិត ដើម្បីសង្គ្រោះព្យាបាល ។ ជនរងគ្រោះទី១-ឈ្មោះហឿ គឹមឡៃ ភេទស្រី អាយុ២៩ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិដូនទៃ ឃុំទួលស្តីស្រុកចន្ទ្រា ខេត្តស្វាយរៀង មុខរបរកម្មកររោងចក្រស្តឹតថេក រងរបួសធ្ងន់ ។ ២-ឈ្មោះពៅ សាវី ភេទស្រី អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិកោះឬស្សីឃុំទួលស្តីស្រុកចន្ទ្រា ខេត្តស្វាយរៀង មុខរបរកម្មកររោងចក្រស៊ួតដា រងរបួសធ្ងន់ ។ ៣- ឈ្មោះហួយ ចាន់ថន ភេទស្រី អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិតាដេវ ឃុំមេថ្ងកស្រុកចន្ទ្រា ខេត្តស្វាយរៀង មុខរបរកម្មកររោងចក្រជីហួ រងរបួសធ្ងន់ ។ ៤- ឈ្មោះឡុង ធីដា ភេទស្រីអាយុ១៩ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិដចេក ឃុំសំរោងស្រុកចន្ទ្រា ខេត្តស្វាយរៀងមុខរបរកម្មកររោងចក្រតូវ៉ា រងរបួសធ្ងន់ ។ ៥- ឈ្មោះម៉ៅ ប៊ុន្នី ភេទស្រី អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិដចេក ឃុំសំរោងស្រុកចន្ទ្រា ខេត្តស្វាយរៀង មុខរបរកម្មកររោងចក្រជីហ្វា រងរបួសធ្ងន់ ។
![Picture]()
ចំណែកកម្មករ៤៥នាក់ផ្សេងទៀត របួសស្រាលៗ គ្រាន់តែរលាត់ដៃជើងពកក្បាលត្រូវបានយករថយន្តមកសាងដឹកបន្តដំណើរទៅផ្ទះរៀងៗខ្លួន ។
![Picture]()
សមត្ថកិច្ចសន្និដ្ឋានថា មូលហេតុ ដាច់ម៉ែត្រចង្កូត ។ បន្ទាប់មកលោកលឹម សៀង ហេងអភិបាលក្រុងបាវិតក៏បានដឹកនាំមន្ត្រីក្រោមឱវាទមកសួរសុខទុក្ខជនរងគ្រោះផងដែរ។មហាជនបានរិះគន់ថា រថយន្តដឹកកម្មករកម្មការិនីចាស់ៗ ជាប្រភេទរថយន្តដឹកទំនិញ ហើយយកមកដឹកមនុស្សឲ្យឈរច្រូងច្រាងចង្អៀតណែន រថយន្តចំណុះ១តោនកន្លះដឹកកម្មករកម្មការិនីរហូត៥០នាក់ទើបបង្កឲ្យក្រឡាប់បែបនេះ ៕
ចែករំលែកព័តមាននេះ