ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកធ្វើអាជីវកម្មគួរទាញប្រយោជន៍ពីឌីជីថល ឱ្យបានច្រើន បើទោះបីមានកូវីដ-១៩ ក្តី ឬ គ្មានក្តី !

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ អ្នកជំនាញម្នាក់បានលើកឡើងថា “ប្រសិនជាអ្នកចេះប្រើឌីជីថល នោះអ្នកអាចមានឳកាស ដើម្បីក្លាយជាមាន” ។ ជាការពិត វាជាការលើកឡើង ដោយពឹងលើស្ថានភាពចប្ចុប្បន្នរបស់ពិភពលោក…

រាជធានីភ្នំពេញ ៖ អ្នកជំនាញម្នាក់បានលើកឡើងថា “ប្រសិនជាអ្នកចេះប្រើឌីជីថល នោះអ្នកអាចមានឳកាស ដើម្បីក្លាយជាមាន” ។ ជាការពិត វាជាការលើកឡើង ដោយពឹងលើស្ថានភាពចប្ចុប្បន្នរបស់ពិភពលោក ក៏ព្រោះថាជំងឺកូវីដ ១៩ បានរាតត្បាតពិភពលោក ១ ឆ្នាំកន្លងមកហើយ និងបានធ្វើឱ្យសេដ្ឋកិច្ចក្នុងប្រទេសនានាលើពិភពលោក ធ្លាក់ក្នុងវិបត្តិដ៏ធ្ងន់ធ្ងរផងដែរ ។

យ៉ាងណាមិញជំងឺមួយនេះបានធ្វើមនុស្ស មិនអាចនៅជួបជុំឬប្រមូលផ្តុំគ្នាជាលក្ខណៈកុះករ ដូចមុនបានឡើង សូម្បីតែការទទួលទានអាហារនានាតាមភោគជនីយដ្ឋានក៏ដោយ ។ ដូចនេះបានជាមានការលើកឡើងថា ក្នុងសម័យឌីជីថល ខណៈជំងឺកូវីដ ១៩ កំពុងរាតត្បាត ប្រសិនជាអ្នកធ្វើអាជីវកម្មក្តី ឬអ្នកធ្វើសកិដ្ឋានក្តី មិនចេះទាញយកប្រយោជន៍ពីឌីជីថលនោះទេ អ្នកនឹងអាចជាមនុស្សដើរក្រោយគេ ដើរមិនទាន់ពេលវេលា ដែលជាហេតុធ្វើឱ្យអាជីវកម្ម និងការលក់អាចនឹងមិនមានភ្ញៀវឬលក់ដាច់ដូចអ្នកដទៃ ។

លោក ឌិន សុមេធារិទ្ធ ស្ថាបនិកភូមិផ្កាត្រកួន និយាយថា មែនទែនទៅឌីជីថល មិនមែនគួរតែយកមកប្រើរតែក្នុងសម័យនេះនោះទេ មានប្រទេសខ្លះ នៅគិតដល់សម័យប្រពៃណីគាត់ភាគច្រើន (មិនសូវចេះប្រើឌីជីថល) រីឯប្រទេសខ្លះទៀតជឿលឿនខ្លាំង រហូតគេប្រើប្រាស់តែឌីជីថលសម្រាប់ធ្វើអាជីវកម្មរបស់គេទេ ។ សម័យនេះអាជីវកម្មប្រភេទណាក៏ត្រូវការឌីជីថលដែល យើងមើលអ្នកមានៗ ក្នុងលោកភាគច្រើនសុទ្ធសឹងតែមាន ដោយសារឌីជីថលទាំងអស់ មិនមែនជាអ្នកផលិតទេ ។


ដូចនេះ ងាកមកមើលក្នុងប្រទសកម្ពុជាវិញ តើយើងគួរទាញយកប្រយោជន៍ពីឌីជីថល តាមរបៀបណា ? លោក ឌិន សុមេធារិទ្ធ បានបន្តថា មានមនុស្សឬកសិករខ្លះ មិនបាន ទាញយកប្រយោជន៍ពីបណ្តាញសង្គមនោះទេ ។ ឧទាហរណ៍ថា អ្នកជាអ្នកលក់ពងមាន់ ពងទាជាដើម ដូចនេះអ្នកគឺអាចផុសបានហើយលើ Page ខ្លួននឹង ផុសពីការផលិត ផុសពីកសិដ្ឋាន ផុសការចិញ្ចឹម ជាដើមលើបណ្តាញសង្គមណាខ្លះដែលយើងមាន យើងចេះ ដើម្បីឱ្យអ្នកមើលទុកចិត្ត ពងមាន់អ្នកល្អ ចិញ្ចឹមតាមស្តង់ដារ ទទួលទានពងមាន់អ្នកប្រាកដជាមានសុវត្ថិភាព ហើយនៅពេលគេស្គាល់យើងច្រើន នោះការលក់ប្រាកដដាច់បានច្រើនជាងមុន ។ នោះគឺវាស៊ីសងថា ទីផ្សារឌីជីថល របស់យើងខ្លាំងប៉ុណ្ណា ។

លោកបន្តថា ៖ «ខ្ញុំឃើញមានអ្នកលក់ពងទា ពងមាន់ជាច្រើនណាស់ដែលមិនបានរកប្រយោជន៍ពីបណ្តាញសង្គមនានា បើថាគាត់មិនចេះ ក៏ប្រហែលជាមិនអាចដែរ ព្រោះនៅពេលយើងមានគណនេយ្យ facebook យ៉ាងហោចណាស់ ក៏យើងអាចផុសរូបបានដែរ ហើយក៏មិនជឿថា សូម្បីតែផុសរូបខ្លួនឯងក៏មិនចេះនោះ ។ អ្នកខ្លះទៀត ពូកែឌីជីថលដូចគេដែរ តែពូកែតែខាងផុសរូបខ្លួនឯង ឬអ្វីមួយដែលមិនមានប្រយោជន៍ទាល់ តែសោះ នោះពិតជាលក់មិនដាច់ទេ ដូចនេះអ្នកគួរទាញយកប្រយោជន៍មកជាការផុស កសិដ្ឋាន ផុសឧបករណ៍ ផុសអ្វីៗដែលទាក់ទងអាជីវកម្មរបស់យើង» ។

ដូចនេះអ្នកដែលមានអាជីវកម្មខ្នាតតូចក្តី គួរតែបង្កើតផេកខ្លួនឯង ប៉ុន្តែលោកសង្កេតឃើញថា ភាគច្រើនពួកគាត់អៀន ឬក៏មិនសូវចេះ ។ អ្នកខ្លះគិតថា ត្រឹមតែលក់ពងទា មានអ្វីត្រូវប្រើ Facebook អ្នកខ្លះមានភាពអៀនខ្មាស់ មិនហ៊ានផុសឱ្យគេស្គាល់ថាគាត់រកស៊ីលក់ពងមាន់ទេ មួយវិញទៀតគាត់គិតថារកស៊ីតូចតាចផុសធ្វើអ្វី ។ ប៉ុន្តែទ្រឹស្តីអ្នកមានថា យើងត្រូវពូកែអួតខ្លួនយើង រកស៊ីកុំតែបន្លំគេទៅបានហើយ ប្រសិនជាពងមាន់ស្រែត្រូវថាពងមាន់ស្រែ កុំយកពងអ្វីផ្សេងដាក់បូកលូកជាមួយពងមាន់ស្រែ (ស្រែឱ្យដឹងថាស្រែ មិនស្រែឱ្យដឹងថាមិនស្រែ នាំចូកឱ្យដឹងថានាំចូល) អ្នកខ្លះចូលចិត្តធ្វើរឿងតែបន្លំគេអញ្ចឹងបាន ។

លោកបន្ថែមថា នាពេលចប្ចុប្បន្នមនុស្សភាគច្រើន បើទោះអ្នកមនុស្សមានវ័យចាស់ឬក្មេង ប្រសិនជាមិនចេះឌីជីថលក៏មិនក្នុងការធ្វើការឬអ្នកខ្លះ គេមិនប្រើឱ្យធ្វើការទៀតផង ។ ដូចបើទោះបីជាយើងមានវ័យចំណាស់លក៏ដោយ ក៏យើងមិនអាចធ្វើខ្លួនដូចសម័យ ឆ្នាំ ៨០ បានដែរ ។

គួរបញ្ជាក់ផងដែរថា កន្លងមកតាមរយៈការធ្វើបទសំភាសន៍ ជាមួយអ្នកបើកអាជីវកម្មលក់សត្វចិញ្ចឹមក្តី លក់បង្កង លក់កន្ធាយ ឬលក់ពងទា ។ល។ ពួកគាត់ត្រូវបានគេស្គាល់ច្រើន និងលក់ដាច់តាមរយៈការឡាយលក់ នៃទំនិញរបស់ពួកគាត់ លើបណ្តាញសង្គម Facebook IG និង youtube ជាដើម ខណៈដែលជំងឺរាតត្បាតកូវីដ ១៩ កំពុងអ៊ុកឡុកពេញពិភពលោក ។ រីឯការញុំាអាហារតាមបែប បរិបទកូវីដនេះ មនុស្សបានប្តូរពីការទៅញុំាផ្ទាល់ក្នុងហ៊ាង មកជាការបញ្ជាទិញតាមរយៈការដឹកជញ្ជូនវិញ ៕

អត្ថបទសរសេរ ដោយ