ល្ខោន​សៀ​ក​កម្ពុជា​ហ្វារ​ត្រៀម សម្តែង​​បំបែក​កំណត់​ត្រា​ពិភពលោក – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ល្ខោន​សៀ​ក​កម្ពុជា​ហ្វារ​ត្រៀម សម្តែង​​បំបែក​កំណត់​ត្រា​ពិភពលោក

1 ខែ មុន
  • Phnom Penh

រាជធានី​ភ្នំពេញ ៖ ក្រុម​សិល្បករ សិល្ប​ការិនី​ទាំងអស់​របស់​ល្ខោន​សៀ​ក​កម្ពុជា​ហ្វារ និង​សមាគម​ហ្វារ​ពន្លឺ​សិល្បៈ​នឹង​ធ្វើការ​សម្ដែង​ល្ខោន​សៀ​ក​ដែល​មាន​រយៈពេល​យូរ​ជាងគេ គឺ​ចំនួន​២៤​ម៉ោង​ជាប់​គ្នា ដើម្បី​បំបែក​កំណត់​ត្រា​ពិភពលោក World Guinness Record…

រាជធានី​ភ្នំពេញ ៖ ក្រុម​សិល្បករ សិល្ប​ការិនី​ទាំងអស់​របស់​ល្ខោន​សៀ​ក​កម្ពុជា​ហ្វារ និង​សមាគម​ហ្វារ​ពន្លឺ​សិល្បៈ​នឹង​ធ្វើការ​សម្ដែង​ល្ខោន​សៀ​ក​ដែល​មាន​រយៈពេល​យូរ​ជាងគេ គឺ​ចំនួន​២៤​ម៉ោង​ជាប់​គ្នា ដើម្បី​បំបែក​កំណត់​ត្រា​ពិភពលោក World Guinness Record នៅ​ក្នុង​តង់​សម្ដែង​សៀ​ក ខេត្តបាត់ដំបង​នៅ​ថ្ងៃ​ទី ៧ និង​ទី​៨ ខែមីនា ឆ្នាំ​២០២១​ខាង​មុខ​នេះ ។ នេះ​បើ​យោង​តាម​ការ​ប្រកាស​របស់​ល្ខោន​សៀ​ក​កម្ពុជា​ហ្វា​នៅ​លើ​ហ្វេ​ស​ប៊ុ​ក​ផេ​ក​របស់​ខ្លួន​កាលពី​ថ្ងៃ​ទី​៣ ខែមីនា ឆ្នាំ​២០២១ កន្លង​មកនេះ​។

បើ​តាម​ការ​ជូនដំណឹង​នោះ​បាន​ឲ្យ​ដឹង​ថា រហូត​មក​ទល់​នា​ពេល​នេះ​ក្រុម​សិល្បៈ​សៀ​ក​ទាំងអស់ កំពុង​ហាត់​ត្រៀម​សម្រាប់​ការ​បំបែក​ឯតទគ្គ​កម្ម​ពិភពលោក​របស់ Guinness ដែល​នឹង​មាន​រយៈពេល​២៤​ម៉ោង ពី​ថ្ងៃ​០៧ ខែមីនា ម៉ោង​៨​ព្រឹក រហូត​ដល់​ថ្ងៃ​០៨ មីនា ម៉ោង​៨​ព្រឹក​ដដែល​ម៉ោង​ក្នុងស្រុក​។

ជំងឺ​កូ​វី​ដ​១៩ ឆ្លង​មិន​រើសមុខ ប៉ុន្តែ​ការងារ​ដែល​ទាក់ទង​នឹង​ការ​ជួបជុំ​របស់​សហគមន៍ ដូច​ជា​ការ​សម្តែង​សិល្បៈ​ជាដើម រង​គ្រោះ​ច្រើន​ជាងគេ ជាក់ស្តែង​អង្គការ​ហ្វារ​ពន្លឺ​សិល្បៈ​ដែល​ជួយ​បណ្តុះ​បណ្តាល​ក្មេង និង​យុវជន​ទីទាល់​ក្រ​ឲ្យ​មាន​ជំនាញ​ផ្សេង​ៗ ជា​ពិសេស​ជំនាញ​ខាង​សិល្បៈ​។ ដើម្បី​ជម្នះ​ឧបសគ្គ ហ្វារ​ពន្លឺ​សិល្បៈ ព្យាយាម​បំបែក​ឯតទគ្គ​កម្ម​ពិភពលោក​របស់ Guinness ក្នុង​ការ​សម្តែង​តាម​អន​ឡាញ ហើយ​អំពាវនាវ​ឲ្យ​សាធារណជន​ចូលរួម​ឲ្យ​បាន​ច្រើន​ដើម្បី​គាំទ្រ​និង​ជួយ​ឧបត្ថម្ភ​។

គ្រួសារ​ហ្វារ កំពុង​ជួប​បញ្ហា​យ៉ាង​ធំ​។ គ្រោះថ្នាក់​ពិតប្រាកដ​នោះ គឺ​ការ​បិទ​សាលា ដែល​មាន​កុមារ​កំពុង​ជួប​ការ​លំបាក​ជា​ច្រើន​ពាន់​នាក់ ពឹងផ្អែក​លើ​យើង​សឹងតែ​ទាំងស្រុង​។ យើង​ប្រឈម​មុខ​នឹង​ការ​គំរាមកំហែង​ខ្លាំង​ក្នុង​ការ​កាត់​ចោល​កម្មវិធី​សិល្បៈ​មួយ​ចំនួន ដែល​ជា​គំនិត​ច្នៃប្រឌិត និង​ជា​អរិយធម៌​របស់​ប្រទេស​កម្ពុជា​។

យ៉ាងណាមិញ​អ្នក​អាច​ជួយ​យើង​បាន​តាម​រយៈ​ការ​ចូលរួម​ជាមួយ​យើង​ត្រឹមតែ​មួយ​ម៉ោង​ក៏​បាន​ពី​គ្រប់​ទិស​ទី​ក្នុង​ពិភពលោក អំពី​ការ​សម្តែង​សៀ​ក​ដ៏​មិន​គួរ​ឲ្យ​ជឿ​ក្នុង​កម្មវិធី​រៃ​អង្គាស់ប្រាក់​របស់​យើង នា​ចុង​ស​ប្ដា​ហ៍​នេះ​!​ហើយនឹង​ដើម្បី​ជា​ផ្នែក​មួយ​នៃ​ការ​ប៉ុនប៉ង​បង្កើត​កំណត់​ត្រា​ពិភពលោក​ហ្គី​ន​ណេ​ស​ជា​លើក​ដំបូង​នៃ​ការ​សម្តែង​សៀ​ក​វែង​ជាងគេ​។

ការ​ទទួល​បាន​ជួយ​ពី​សប្បុរសជន​គ្រប់​ទិស​ទីនោះ យើង​នឹង​យក​ថវិការ​ទាំងអស់​ប្រើ ដើម្បី​ទ្រទ្រង់​ដល់​សមាគម​ទាំងមូល ដោយសារ​បច្ចុប្បន្ន​នេះ ចំណូល​ដែល​រកបាន​ពី​ការ​សម្ដែង​ត្រូវ​បាន​ធ្លាក់​ចុះ​ទាំងស្រុង​ដោយសារ​វិបត្តិ​កូ​វី​ដ​១៩​។ សម្រាប់​បងប្អូន ប្រិ​យ​មិត្ត​ដែល​មាន​បំណង​ចង់​ចូលរួម ធ្វើការ​បំបែក​កំណត់​ត្រា​ពិភពលោក​ថ្មី​នៃ​ការ​សម្ដែង​សៀ​ក​ដែល​មាន​រយៈពេល​វែង​ជាងគេ​បំផុត​ជាមួយនឹង សមាគម ហ្វារ​ពន្លឺ​សិល្បៈ គឺ​អាច​ចូលរួម​បាន​ដោយ​គ្រប់ពេលវេលា និង​ឥត​គិតថ្លៃ ប៉ុន្តែ​កៅអី​នឹង​មាន​ចំនួន​កំណត់​ដោយសារ​យើង​ទាំងអស់​គ្នា​ត្រូវ​ចូលរួម​ទប់ស្កាត់ និង​ការពារ​ការ​រីក​រាលដាល​នៃ​វីរុស​ឆ្លង​កូ​វី​ដ​១៩​។

គួរ​បញ្ជាក់​ថា អង្គការ​សៀ​ក​ហ្វារ​កម្ពុជា បាន​ផ្តល់​កម្មវិធី​អប់រំ​សិល្បៈ​និង​សង្គម​ដែល​អាច​ផ្លាស់​ប្តូរជីវិត ដល់​កុមារ និង យុវជន​កម្ពុជា​ដែល​មាន​ស្ថានភាព​សង្គម​ដែល​លំបាក ដោយ​ឥត​គិតថ្លៃ​។ នៅ​ហ្វារ​ពួក​គេ​បាន​ចាប់​យក​ជំនាញ ហើយ​ក៏​បាន​រក​ឃើញ​គោលដៅ​ថ្មី​នៅ​ក្នុង​ជីវិត​។

លោ្ខ​ន​សៀ​ក​កម្ពុជា​ហ្វារ ដែល​បើក​សម្ដែង​សិល្បៈ​សៀ​ក​ជា​ច្រើន​ឆ្នាំ​មក​ហើយ​នោះ កំពុង​ប្រឹង​ប្រែង​​ជា​ខ្លាំង​ក្នុង​កាលៈទេសៈ​ជំងឺ​កូ​វី​ដ​១៩​នេះ ដោយ​បច្ចុប្បន្ន​រោងល្ខោន​សៀ​ក​នេះ មាន​ភ្ញៀវ​ចូល​ទស្សនា​មិន​ច្រើន​ទេ និង​សម្ដែង​២​ដង​ប៉ុណ្ណោះ​ក្នុង​មួ​យស​ប្ដា​ហ៍​។

រោងល្ខោន​មួយ​នេះ បាន​ធ្វើ​សកម្មភាព​ដើម្បី​ជួយ​ជីវភាព​សិល្បៈករ បុគ្គលិក​ជាង​១០០​នាក់ ពិសេស​​គឺ​ដើម្បី​ទ្រទ្រង់​សាលា​ហ្វារ​ពន្លឺ​សិល្បៈ នៅ​ខេត្តបាត់ដំបង ដែល​ផ្គត់ផ្គង់​កុមារ​ជាង​១​ពាន់​នាក់ ជា​រៀង​រាល់​ឆ្នាំ ឱ្យ​ទទួល​បានការ​រៀនសូត្រ និង​រៀន​សិល្បៈ​ចម្រុះ​ដោយ​ឥត​គិតថ្លៃ​៕

Picture
Picture
Picture
Picture
Picture
Picture
Picture