ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បទ​ពិសោធន៍​ក្នុង​ការ​ភ្ញាស់​ត្រី​កាប​សាមញ្ញ​ដោយ​ប្រើ​ទឹក​តិច

8 ឆ្នាំ មុន

សព្វ​ថ្ងៃនេះ ប្រជា​កសិករ​នៅ​តាម​បណ្តា​ស្រុក ខេត្ត មួយ​ចំនួន មាន​កសិដ្ឋាន​ផលិត​កូន​ត្រី​ផ្ទាល់ខ្លួន ដើម្បី​ផលិត​កូន​ត្រី​លក់​ចែកចាយ​ទៅ​ដល់​អ្នក​ចិញ្ចឹម​ត្រី​នៅ​ក្នុង​មូលដ្ឋាន​។ ប៉ុន្តែ​ការ​ផលិត​កូន​ត្រី​មានការ​ចំណាយ​ទុន​ច្រើន

សព្វ​ថ្ងៃនេះ ប្រជា​កសិករ​នៅ​តាម​បណ្តា​ស្រុក ខេត្ត មួយ​ចំនួន មាន​កសិដ្ឋាន​ផលិត​កូន​ត្រី​ផ្ទាល់ខ្លួន ដើម្បី​ផលិត​កូន​ត្រី​លក់​ចែកចាយ​ទៅ​ដល់​អ្នក​ចិញ្ចឹម​ត្រី​នៅ​ក្នុង​មូលដ្ឋាន​។ ប៉ុន្តែ​ការ​ផលិត​កូន​ត្រី​មានការ​ចំណាយ​ទុន​ច្រើន  និង​ការ​គ្រប់គ្រង​បច្ចេកទេស​ផលិត​កូន​ត្រី​នៅ​មាន​កម្រិត​។ ដោយឡែក កសិករ រាជ ឆាន រស់នៅ​ភូមិ​កណ្តាល ឃុំ​ចេក ស្រុក​ស្វាយ​ជ្រំ ខេត្តស្វាយរៀង ចេះ​ពី​របៀប​ភ្ញាស់​ត្រី​កាប​សាមញ្ញ​ដោយ​ប្រើ​ទឹក​តិច​បំផុត ហើយ​កូន​ត្រី​រស់​ច្រើន គាត់​ភ្ញាស់​កូន​ត្រី សម្រាប់​ចិញ្ចឹម​ផង និង​លក់​ឱ្យ​កសិករ​នៅ​ក្នុងភូមិ​ផង ។ មុខរបរ​នេះ ធ្វើ​ឱ្យ​ជីវភាព​គាត់​មាន​លក្ខណៈ​ល្អ​ប្រសើរ​ណាស់ ។

១-​ការ​ជ្រើសរើស​មេ​ពូជ
ការ​ជ្រើស​ត្រី​មេបា​មក​ភ្ញាស់ (​ទម្លាក់​ពង​) មាន​សារសំខាន់​ណាស់ បើសិន​ជ្រើស​មេបា​មិន​បាន​ល្អ​ទេ ពេល​នោះ​នឹង​ទទួល​បាន​ពង​និង​កូន​ត្រី​តិចតួច ។ ដូច្នេះ យើង​ត្រូវ​ជ្រើស​តាម​កា​រវិ​វត្ត​នៃ​កន្សោមពង និង​តាម​លក្ខណៈ​ភិនភាគ​រូបរាង​ខាងក្រៅ​ដូច​ខាងក្រោម៖

+​ត្រី​ឈ្មោល ៖
-​ពោះ​មិន​ប៉ោង ហើយ​ស្បែក​ពោះ​មិន​ទន់​ដូច​ត្រី​ញី​ទេ
-​រន្ធ​បន្ត​ពូជ​ផត​ចូល​ក្នុង
-​យកដៃ​ច្បូត​លើ​ពោះ​ឃើញ​ទឹក​ស្ពែ​ម​ពណ៌​ស​ខាប់​ហូរ​ចេញ​មក​ក្រៅ (​ច្បូត​តិច​ៗ) ។

+​ត្រី​ញី ៖
-​ពោះ​ប៉ោង​ធំ ស្បែក​ពោះ​ស្តើង និង​ទន់
-​រន្ធ​បន្ត​ពូជ​ប៉ោង​លយ​ចេញ​មក​ក្រៅ ។

២-​ការ​រៀបចំ​កន្លែង​ឱ្យ​ត្រី​ទម្លាក់​ពង
អាង​សម្រាប់​ភ្ញាស់​មាន​បណ្តោយ​៣​ម៉ែត្រ ទទឹង​១,៦​ម៉ែត្រ និង​ជម្រៅ​៦​តឹក ត្រូវ​លាង​សម្អាត​អាង​ឱ្យ​ស្អាត រួច​បង្ហូរទឹក​ដាក់​ឱ្យ​ពេញ​អាង ។ ត្រី​កាប​សាមញ្ញ​ជា​ប្រភេទ​ត្រី​ពង​តោង​ជាប់​នឹង​រុក្ខជាតិ​ក្នុង​ទឹក ទើប​គាត់​រៀបចំ​ធ្វើ​សម្បុក ដោយ​ប្រើ​សរសៃ​ខ្សែ​ជ័រ​ដាក់​ក្នុង​អាង​ឱ្យ​ត្រី​ពង ។ បន្ទាប់​មក បើក​ឱ្យ​ទឹក​ហូរ​ស្រក់​តិច​ៗ​ចូល​ក្នុង​អាង ។

៣-​បរិមាណ​ត្រី​មេបា
លែង​ត្រី​មេបា​ចូល​ក្នុង​អាង​ចំនួន​ពី​៣​ទៅ​៤​គីឡូក្រាម (​ញី​និង​ឈ្មោល​) ក្នុង​ពេល​បង្កាត់​ម្តង​ៗ​។ សមាមាត្រ​គឺ​ត្រី​ញី​១​ក្បាល និង​ត្រី​ឈ្មោល​២​ក្បាល ។ ត្រី​ទម្លាក់​ពង​នៅ​ម៉ោង​៤​ទៅ​៥​ជិត​ភ្លឺ ។

៤-​របៀប​ភ្ញាស់​ពងត្រី
ក្រោយ​ពី​ត្រី​ទម្លាក់​ពង គាត់​ចាប់​ត្រី​មេបា​យក​ទៅ​លែង​ក្នុង​ស្រះ​វិញ ដើម្បី​បំប៉ន​បន្ត​ទុក​បង្កាត់​លើក​ក្រោយ​ទៀត ។ គាត់​ប្រមូល​សម្បុក​ពង​មក​ដាក់​លើ​ស៊ុម ដោយ​បង្កើត​ទឹកភ្លៀង​បែប​សិប្បនិម្មិត​ស្រោច ជួនកាល​គាត់​ប្រោះ​ទឹក​ពីលើ​សម្បុក​ពងត្រី ដើម្បី​ឱ្យ​ពងត្រី​មាន​ភាព​សើម​ជា​និច្ច កាលណា​ពងត្រី​ស្ងួត​បណ្តាល​ឱ្យ​ខូច ។
ក្រោយ​ពី​ស្រោច​ទឹក​បន្សើម​សម្បុក​ពង​បាន​រយៈពេល​១​ថ្ងៃ​១​យប់ ពេល​នោះ​មាន​លេច​ចំណុច​ខ្មៅ​ពីរ​នៅ​លើ​ពងត្រី (​គឺ​ភ្នែក​ត្រី​) គាត់​បញ្ចូល​ទឹក​ដាក់​ក្នុង​អាង ។

៥-​កា​រវិ​វត្ត​នៃ​ពងត្រី​និង​កូន​ត្រី
ក្រោយ​ពី​ត្រាំ​សម្បុក​ត្រី​ក្នុង​ទឹកបាន​រយៈពេល​១​ថ្ងៃ​១​យប់ គឺ​ពងត្រី​ញាស់​ជា​កូន​ត្រី ។ កូន​ត្រី​ដែល​ទើបនឹង​ញាស់ វា​រស់​ដោយសារ​អាហារ​បម្រុង​ដែល​មាន​ស្រាប់​នៅ​ក្នុង​ខ្លួន​របស់​វា (​អាហារ​បម្រុង​បាន​រយៈពេល​២​ថ្ងៃ​) ។ ក្រោយ​ពី​អស់​អាហារ​បម្រុង ទើប​គាត់​អូស​កូន​ត្រី​ទៅ​បំប៉ន​ក្នុង​ស្រះ​ដែល​បាន​រៀបចំ​ទុកជា​មុន ។

សរុប​មក បច្ចេកទេស​ភ្ញាស់​ត្រី​កាប​សាមញ្ញ​មាន ៖
-​ជ្រើសរើស​មេ​ពូជ​មក​ភ្ញាស់​ឱ្យ​បាន​ល្អ
-​រៀបចំ​សម្អាត​អាង​បង្ហូរទឹក​ដាក់​ឱ្យ​ពេញ និង​ដាក់​សរសៃ​ខ្សែ​ជ័រ​ដើម្បី​ឱ្យ​ពង​តោង​ជាប់
-​លែង​ត្រី​មេបា​ចូល​អាង​ក្នុង​បរិមាណ ៣-៤​គីឡូក្រាម (​ក្នុង​នោះ​សមាមាត្រ​ញី​១​ក្បាល និង​ឈ្មោល​២​ក្បាល​)
-​ក្រោយ​ពី​ភ្ញាស់​ពង ចាប់​ត្រី​មេបា​លែង​ក្នុង​ស្រះ​វិញ
-​ប្រមូល​សម្បុក​ពង​ដាក់​លើ​ស៊ុម ដោយ​ថែទាំ​ប្រោះ​ទឹក​ឱ្យ​សើម​ៗ​រហូត​ដល់​កូន​ត្រី​ញាស់
-​នៅ​ពេល​កូន​ត្រី​ញាស់ យក​ទៅ​ចិញ្ចឹម​បំប៉ន​នៅ​ក្នុង​ស្រះ​វិញ ៕